23 លំដាប់នោះព្រះទ្រង់បណ្តាលឲ្យអ័ប៊ីម៉្មាឡិច និងពួកមនុស្សនៅស៊ីគែម មានគំនិតអាក្រក់ដល់គ្នាទៅវិញទៅមក ពួកមនុស្សនៅស៊ីគែមក៏ប្រព្រឹត្តដោយចិត្តក្បត់ចំពោះអ័ប៊ីម៉្មាឡិច
24 ដើម្បីឲ្យឈាមនៃពួកកូនយេរូ-បាលទាំង៧០នាក់ ដែលអ័ប៊ីម៉្មាឡិច ជាប្អូនបានសំឡាប់ដោយសាហាវ បានធ្លាក់មកលើលោក និងពួកមនុស្សនៅស៊ីគែម ដែលបានចំរើនកំឡាំងដៃលោក ឲ្យសំឡាប់បងប្អូនផង
25 ដូច្នេះ ពួកមនុស្សនៅស៊ីគែម គេក៏បង្កប់មនុស្សនៅលើភ្នំឲ្យចាំចាប់លោក ពួកអ្នកទាំងនោះក៏ប្លន់អស់អ្នកដែលមកតាមផ្លូវនោះ ហើយមានគេនាំដំណឹងនោះទៅប្រាប់ដល់អ័ប៊ីម៉្មាឡិច។
26 គ្រានោះកាអាស ជាកូនអេបេឌ ក៏មកដល់ស៊ីគែម ជាមួយនឹងបងប្អូនគាត់ ហើយពួកមនុស្សនៅស៊ីគែម ក៏ទុកចិត្តនឹងគាត់
27 គេនាំគ្នាចេញទៅឯចំការ បេះផ្លែទំពាំងបាយជូររបស់ខ្លួនយកមកគាប រួចតាំងអរសប្បាយឡើងជាមួយគ្នា នោះក៏ចូលទៅស៊ីផឹកក្នុងវិហារនៃព្រះរបស់គេ ហើយដាក់បណ្តាសាដល់អ័ប៊ីម៉្មាឡិច
28 កាអាល ជាកូនអេបេឌ បញ្ចេញវាចាថា តើអ័ប៊ីម៉្មាឡិចជាអ្វី ហើយស៊ីគែមជាអ្វី ដែលយើងត្រូវកោតខ្លាចដល់វា តើវាមិនមែនជាកូនយេរូ-បាល ហើយមេទ័ពរបស់វាមិនមែនឈ្មោះសេប៊ុលទេឬអី ដូច្នេះចូរអ្នករាល់គ្នាកោតខ្លាច ដល់ពួកហាម៉ោរជាឪពុកស៊ីគែមវិញ តើចង់កោតខ្លាចដល់អ័ប៊ីម៉្មាឡិចធ្វើអី
29 ឱបើជាបណ្តាជនទាំងនេះនៅក្រោមអំណាចខ្ញុំវិញទៅអេះ នោះខ្ញុំនឹងដកអ័ប៊ីម៉្មាឡិចចេញ រួចគាត់និយាយប្រកួតនឹងអ័ប៊ីម៉្មាឡិច ដោយពាក្យថា ចូរចំរើនពលទ័ពឯងចេញមកល្បងលចុះ។