ចៅហ្វាយ 9:43-49 KHOV

43 នោះ​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ចែក​ពួក​ទ័ព​ជា​៣​ផ្នែក នាំ​ចេញ​ទៅ​បង្កប់​ខ្លួន​នៅ​ឯ​វាល តែ​កាល​លោក​ក្រឡេក​មើល​ទៅ​ឃើញ​ពួក​បណ្តា‌ជន កំពុង​ចេញ​ពី​ទី​ក្រុង​មក​ទៀត នោះ​ក៏​ក្រោក​ស្ទុះ​ចូល​ទៅ​វាយ​គេ

44 រួច​លោក និង​ពួក​ទ័ព​១​ផ្នែក​ដែល​នៅ​ជា​មួយ ក៏​រត់​ទៅ​ពី​ខាង​មុខ ឈរ​នៅ​មាត់​ទ្វារ​ក្រុង ឯ​ពួក​ទ័ព​២​ផ្នែក​ឯ​ទៀត ក៏​ស្ទុះ​ចូល​ទៅ​វាយ​ពួក​ដែល​នៅ​ឯ​វាល​នោះ

45 អ័ប៊ី‌ម៉្មា‌ឡិច​បាន​ច្បាំង​នឹង​ពួក​ទី​ក្រុង​នោះ​អស់​ពេញ​១​ថ្ងៃ ក៏​ចាប់​យក​ទី​ក្រុង​បាន ហើយ​សំឡាប់​ពួក​បណ្តា‌ជន​ទាំង​ប៉ុន្មាន រួច​រំលំ​ទី​ក្រុង ព្រម​ទាំង​បាច​អំបិល​ទៅ​លើ​ផង។

46 កាល​ពួក​មនុស្ស នៅ​ប៉ម​ស៊ីគែម បាន​ឮ​ដំណឹង​នោះ គេ​ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​មាន​កំផែង​មាំ‌មួន ត្រង់​វិហារ​ព្រះ‌បេរីត

47 មាន​គេ​ជំរាប​ដល់​អ័ប៊ី‌ម៉្មា‌ឡិច​ថា ពួក​មនុស្ស​នៅ​ប៉ម​ស៊ីគែម​បាន​មូល​គ្នា​ហើយ

48 នោះ​អ័ប៊ី‌ម៉្មា‌ឡិច ព្រម​ទាំង​ពួក​ទ័ព​ដែល​នៅ​ជា​មួយ ក៏​ឡើង​ទៅ​លើ​ភ្នំ​សាល‌ម៉ូន លោក​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​១​លី​ទៅ ហើយ​បង្គាប់​ដល់​ពួក​មនុស្ស​ដែល​នៅ​ជា​មួយ​ថា ចូរ​ឯង​រាល់​គ្នា​ប្រញាប់​នឹង​ធ្វើ​តាម ដូច​ជា​អញ​ចុះ

49 ដូច្នេះ គេ​ក៏​កាប់​មែក​ឈើ​រៀង​ខ្លួន​លី​ទៅ​តាម រួច​ដាក់​មែក​ឈើ​ទាំង​នោះ នៅ​ត្រង់​ជើង​បន្ទាយ ហើយ​ដុត​បញ្ឆេះ​ពី​លើ​គេ​ទៅ ដូច្នេះ ពួក​មនុស្ស​ដែល​នៅ​ប៉ម​ស៊ីគែម​ទាំង​ប៉ុន្មាន ក៏​ស្លាប់​អស់ ទាំង​ប្រុស​ទាំង​ស្រី មាន​ចំនួន​ប្រហែល​ជា​១​ពាន់​នាក់។