15 ចូរស្តាប់ ហើយផ្ទៀងត្រចៀកចុះ កុំឲ្យតាំងចិត្តឆ្មើងឆ្មៃឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលហើយ
16 ចូរសរសើរដំកើងដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ក្រែងទ្រង់ធ្វើឲ្យងងឹត ហើយអ្នករាល់គ្នាចំពប់ជើងនៅលើភ្នំងងឹត ហើយកំពុងដែលអ្នករាល់គ្នាសង្ឃឹមនឹងបានពន្លឺ នោះទ្រង់នឹងបំប្រែឲ្យទៅជាម្លប់នៃសេចក្តីស្លាប់ និងជាងងឹតយ៉ាងក្រាស់វិញ
17 តែបើអ្នករាល់មិនព្រមស្តាប់ទេ នោះព្រលឹងខ្ញុំនឹងយំសោកក្នុងទីសំងាត់ ដោយព្រោះសេចក្តីអំនួតរបស់អ្នករាល់គ្នា ហើយភ្នែកខ្ញុំនឹងយំសស្រាក់ ពីព្រោះហ្វូងចៀមរបស់ព្រះយេហូវ៉ាបានត្រូវគេចាប់ដឹកទៅជាឈ្លើយហើយ។
18 ចូរទូលដល់មហាក្សត្រ និងអគ្គមហេសីថា សូមឲ្យគង់ចុះនៅទីទាបវិញ ដ្បិតក្បាំងព្រះសិរ គឺជាមកុដនៃសិរីល្អរបស់ទ្រង់បានធ្លាក់ចុះហើយ
19 អស់ទាំងទីក្រុងនៅស្រុកត្បូងនឹងបិទជិតហើយ ឥតមានអ្នកណានឹងបើកវិញបានឡើយ ពួកយូដាទាំងអស់បានត្រូវដឹកទៅជាឈ្លើយ អើ គេត្រូវដឹកនាំទៅជាឈ្លើយទាំងអស់គ្នាហើយ។
20 ចូរងើបភ្នែកឡើង ហើយមើលពួកអ្នកដែលមកពីទិសខាងជើង ឯហ្វូងចៀមដែលបានប្រគល់ដល់ឯង គឺជាហ្វូងដ៏ល្អរបស់ឯង នោះតើនៅឯណា
21 តើឯងនឹងថាដូចម្តេច ក្នុងកាលដែលទ្រង់តាំងពួកមិត្រសំឡាញ់របស់ឯងឡើង ឲ្យគ្រប់គ្រងលើឯង ដ្បិតគឺខ្លួនឯងហើយ ដែលបានបង្ហាត់បង្រៀនគេឲ្យធ្វើដូច្នេះ នោះតើសេចក្តីទុក្ខព្រួយដូចជាស្ត្រី ដែលឈឺចាប់នឹងសំរាលកូន មិនចាប់ឯងទេឬ