1 ឱបើសិនជាក្បាលខ្ញុំពេញដោយទឹក ហើយភ្នែកខ្ញុំជារន្ធចេញទឹកជានិច្ចទៅអេះ ដើម្បីឲ្យខ្ញុំបានយំទាំងយប់ទាំងថ្ងៃ ពីដំណើរពួកអ្នកដែលត្រូវគេសំឡាប់ ក្នុងកូនស្រីនៃសាសន៍ខ្ញុំ
2 ឱបើខ្ញុំមានទីស្នាក់អាស្រ័យនៅទីរហោស្ថាន ជាទីសំណាក់របស់អ្នកដំណើរទៅអេះ ដើម្បីឲ្យខ្ញុំបានលះបង់សាសន៍របស់ខ្ញុំ ហើយឃ្លាតចេញពីគេទៅ ដ្បិតគេសុទ្ធតែជាពួកកំផិត គឺជាជំនុំមនុស្សក្បត់
3 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេដំឡើងអណ្តាតដូចជាធ្នូ សំរាប់ពាក្យភូតភរ ហើយគេបានចំរើនកំឡាំងនៅក្នុងស្រុកផង តែមិនមែនសំរាប់សេចក្តីពិតត្រង់ទេ ដ្បិតគេចេះតែជឿនពីអំពើអាក្រក់១ ទៅដល់អំពើអាក្រក់១ទៀត ហើយគេមិនស្គាល់អញទេ
4 ចូរឲ្យគ្រប់គ្នាប្រុងប្រយ័ត្នចំពោះអ្នកជិតខាងខ្លួន កុំឲ្យទុកចិត្តនឹងបងប្អូនណាមួយឡើយ ដ្បិតគ្រប់ទាំងបងប្អូននឹងដណ្តើមយកប្រយោជន៍អស់រលីង ហើយគ្រប់ទាំងអ្នកជិតខាងនឹងដើរទៅមកនិយាយបង្កាច់បង្កិនគេ
5 គ្រប់គ្នានឹងបញ្ឆោតអ្នកជិតខាងខ្លួន ហើយមិនព្រមពោលសេចក្តីពិតទេ គេបានបង្វឹកអណ្តាតឲ្យកុហក គេខំអស់ពីចិត្តនឹងប្រព្រឹត្តអាក្រក់
6 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ទីលំនៅរបស់ឯង នោះនៅកណ្តាលសេចក្តីប្រវ័ញ្ចបញ្ឆោត ដោយព្រោះសេចក្តីប្រវ័ញ្ចបញ្ឆោតនោះ បានជាគេមិនព្រមស្គាល់អញឡើយ។
7 ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងរំលាយ ហើយសាកលគេ ដ្បិតតើនឹងឲ្យអញធ្វើយ៉ាងណាទៀត ដល់កូនស្រីរបស់រាស្ត្រអញនេះ
8 អណ្តាតគេជាព្រួញដែលសំឡាប់ ក៏ពោលសុទ្ធតែសេចក្តីប្រវ័ញ្ចបញ្ឆោត គេនិយាយសេចក្តីមេត្រីនឹងអ្នកជិតខាងដោយបបូរមាត់ តែឯក្នុងចិត្ត នោះគេលបចាំចាប់វិញ
9 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើមិនត្រូវឲ្យអញធ្វើទោសគេ ដោយព្រោះអំពើយ៉ាងនោះទេឬ តើព្រលឹងអញមិនត្រូវសងសឹក ចំពោះសាសន៍ណាយ៉ាងនេះទេឬអី។
10 ខ្ញុំនឹងឡើងសំឡេងយំ ហើយស្រែកទ្រហោនឹងភ្នំទាំងប៉ុន្មាន ហើយនឹងទួញទំនួញចំពោះវាលឃ្វាលសត្វនៅទីរហោស្ថាន ពីព្រោះបានឆេះអស់ហើយ ដល់ម៉្លេះបានជាគ្មានអ្នកណាដើរតាមនោះទៀត ក៏គ្មានអ្នកណាឮសំឡេងរបស់ហ្វូងសត្វដែរ ឯសត្វហើរលើអាកាស និងសត្វជើង៤បានបាត់អស់ទៅហើយ។
11 អញនឹងធ្វើឲ្យក្រុងយេរូសាឡិមត្រឡប់ជាកងគំនរ គឺជាទីលំនៅនៃពួកចចក ហើយនឹងធ្វើឲ្យក្រុងទាំងប៉ុន្មាននៅស្រុកយូដា ត្រូវចោលស្ងាត់ ឥតមានអ្នកណានៅឡើយ
12 តើអ្នកណាមានប្រាជ្ញា ដែលអាចនឹងយល់សេចក្តីនេះបាន តើព្រះឱស្ឋនៃព្រះយេហូវ៉ាបានមានព្រះបន្ទូលចំពោះអ្នកណា ដើម្បីឲ្យគេបានថ្លែងប្រាប់តទៅ ហេតុអ្វីបានជាស្រុកបានត្រូវវិនាស ហើយឆេះសុសដូចជាទីរហោស្ថាន ដល់ម៉្លេះបានជាគ្មានអ្នកណាដើរកាត់ទៀតដូច្នេះ
13 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គឺដោយព្រោះតែគេបានបោះបង់ចោលក្រឹត្យវិន័យរបស់អញ ដែលអញបានដាក់នៅមុខគេ ហើយមិនបានស្តាប់ ឬដើរតាមពាក្យរបស់អញប៉ុណ្ណោះ
14 គឺគេបានដើរតាមតែចិត្តរឹងរបស់គេវិញ ព្រមទាំងតាមព្រះបាលទាំងប៉ុន្មាន ដែលពួកព្ធយុកោគេបានបង្រៀនដល់គេផង
15 ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងចិញ្ចឹមគេ គឺជនជាតិនេះឯង ដោយស្លែង ហើយនឹងឲ្យទឹកពុលទៅគេផឹក
16 អញនឹងកំចាត់កំចាយគេទៅកណ្តាលគ្រប់ទាំងសាសន៍ ជាសាសន៍ដែលខ្លួនគេ ឬពួកព្ធយុកោគេ ក៏មិនបានស្គាល់ផង ហើយអញនឹងចាត់ប្រើដាវឲ្យទៅតាមគេ ដរាបដល់បានបំផ្លាញគេអស់រលីង។
17 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ចូរឲ្យឯងរាល់គ្នាពិចារណាចុះ រួចឲ្យហៅពួកស្រីអ្នកយំ ឲ្យគេមក ចូរចាត់ទៅហៅពួកស្រីវាងវៃឲ្យមកដែរ
18 ត្រូវឲ្យគេប្រញាប់ឡើង នឹងលើកបទទំនួញឲ្យយើង ដើម្បីឲ្យភ្នែកយើងបានស្រក់ទឹកចុះ ហើយឲ្យត្របកភ្នែកយើងបានចេញទឹកល្ហល្ហាច
19 ដ្បិតមានឮសំឡេងទ្រហោយំ ពីក្រុងស៊ីយ៉ូនមកថា ឱម៉្លេះសមយើងវេទនាយ៉ាងណាហ្ន៎ យើងមានសេចក្តីខ្មាសជ្រប់មុខ ដោយព្រោះយើងត្រូវចោលស្រុក ហើយដោយព្រោះគេបានរំលំទីលំនៅរបស់យើងបង់
20 ប៉ុន្តែ ឱពួកស្រីៗអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ហើយឲ្យត្រចៀកទទួលព្រះបន្ទូលពីព្រះឱស្ឋទ្រង់ផង ត្រូវឲ្យបង្រៀនកូនស្រីរបស់ឯងរាល់គ្នា ឲ្យចេះទ្រហោយំ ហើយឲ្យអ្នកជិតខាងទាំងប៉ុន្មានចេះទួញទំនួញ
21 ពីព្រោះសេចក្តីស្លាប់បានឡើងចូលមក តាមបង្អួចយើង ក៏បានចូលមកក្នុងដំណាក់របស់យើងដែរ ដើម្បីនឹងបំបាត់កូនក្មេងពីខាងក្រៅ ហើយពួកកំឡោះៗពីផ្លូវចេញ
22 ចូរប្រាប់ចុះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា សាកសពនៃមនុស្សនឹងធ្លាក់ចុះ ដូចជាជីនៅវាលស្រែ ហើយដូចជាកណ្តាប់ស្រូវតាមក្រោយអ្នកច្រូត ឥតមានអ្នកណាប្រមូលវិញឡើយ។
23 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកំឡាំងខ្លួន ឬអ្នកមាន អួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ
24 ឯអ្នកដែលអួត នោះត្រូវឲ្យអួតតែពីសេចក្តីនេះវិញ គឺថាខ្លួនមានយោបល់ ហើយក៏ស្គាល់ដល់អញថា អញជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្តីសប្បុរស សេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតនៅផែនដី ដ្បិតអញរីករាយចិត្តចំពោះសេចក្តីទាំងនោះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
25 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងវាយផ្ចាលពួកកាត់ស្បែក ដែលកាត់មិនស្មោះត្រង់
26 គឺសាសន៍អេស៊ីព្ទ សាសន៍យូដា សាសន៍អេដំម ហើយពួកកូនចៅអាំម៉ូន និងម៉ូអាប់ ព្រមទាំងអស់អ្នកនៅទីរហោស្ថាន ដែលកាត់ជ្រុងពុកចង្កាផង ដ្បិតបណ្តាសាសន៍ទាំងប៉ុន្មាន មិនកាត់ស្បែកទេ ពួកវង្សអ៊ីស្រាអែលទាំងអស់ ក៏មិនបានកាត់ស្បែកចិត្តដែរ។