យេរេមា 29 KHOV

លិខិត​ផ្ញើ​ទៅ​ប្រជា‌ជន​ដែល​ជា​ឈ្លើយ​សឹក

1 នេះ​ឯង​ជា​សេចក្តី​ចុះ​ក្នុង​សំបុត្រ ដែល​ហោរា​យេរេមា​បាន​ផ្ញើ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ឯ​សំណល់​ពួក​ចាស់‌ទុំ ក្នុង​ពួក​ដែល​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ ហើយ​នឹង​ពួក​សង្ឃ ពួក​ហោរា និង​បណ្តា‌ជន​ទាំង​អស់ ដែល​នេប៊ូ‌ក្នេសា​បាន​ដឹក​ជា​ឈ្លើយ ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ឯ​ស្រុក​បាប៊ីឡូន

2 គឺ​ក្នុង​គ្រា​ក្រោយ​ដែល​ស្តេច​យេកូនាស និង​អគ្គ‌មហេសី ពួក​សេនាបតី ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ពួក​ជាង​ឈើ និង​ជាង​ដែក បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​អស់​ហើយ

3 លោក​ផ្ញើ​សំបុត្រ​នោះ​ដោយ‌សារ​ដៃ​អេលាសារ ជា​កូន​សាផាន និង​កេម៉ារា ជា​កូន​ហ៊ីល‌គីយ៉ា ជា​អ្នក​ដែល​សេដេគា ស្តេច​យូដា​បាន​ចាត់​ទៅ​ឯ​ស្រុក​បាប៊ីឡូន ដល់​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​នោះ​ថា

4 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ពួក​ឈ្លើយ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ឲ្យ​គេ​ដឹក​ជា​ឈ្លើយ ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ដល់​ស្រុក​បាប៊ីឡូន​ថា

5 ចូរ​ឲ្យ​ឯង​រាល់​គ្នា​សង់​ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំ​ដំណាំ ហើយ​ស៊ី​ផល​នោះ​ទៅ

6 ចូរ​យក​ប្រពន្ធ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ព្រម​ទាំង​រក​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ឯង ហើយ​លើក​កូន​ស្រី​របស់​ឯង​ឲ្យ​មាន​ប្ដី​ផង ដើម្បី​ឲ្យ​បាន​បង្កើត​កូន​ប្រុស​កូន​ស្រី​ដែរ ចូរ​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង​នៅ​ទី​នោះ កុំ​ឲ្យ​ថយ​ចំនួន​ឯង​ឡើយ

7 ចូរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ទី​ក្រុង ដែល​អញ​បាន​ឲ្យ​គេ​ដឹក‌នាំ​ឯង​ទៅ​នៅ​ជា​ឈ្លើយ​នោះ បាន​សេចក្តី​សុខ ហើយ​ត្រូវ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​ទី​នោះ​ផង ដ្បិត​ក្នុង​សេចក្តី​សុខ​របស់​ក្រុង​នោះ ឯង​រាល់​គ្នា​នឹង​បាន​សេចក្តី​សុខ​ដែរ

8 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ កុំ​ឲ្យ​ពួក​ហោរា និង​ពួក​គ្រូ​ទាយ​របស់​ឯង ដែល​នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា​បញ្ឆោត​ឯង​ឡើយ ក៏​កុំ​ឲ្យ​ស្តាប់​តាម​សប្តិ​របស់​ឯង ដែល​ឯង​រាល់​គ្នា​បាន​យល់‌សប្តិ​នោះ​ដែរ

9 ដ្បិត​គេ​ទាយ​កុហក​ដល់​ឯង​រាល់​គ្នា ដោយ​នូវ​ឈ្មោះ​អញ​ទេ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​មិន​បាន​ចាត់​គេ​ឡើយ

10 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ លុះ​កាល​បាន​សំរេច​គ្រប់​៧០​ឆ្នាំ​នៅ​ស្រុក​បាប៊ីឡូន​ហើយ នោះ​អញ​នឹង​ប្រោស​ឯង​រាល់​គ្នា ហើយ​នឹង​ធ្វើ​សំរេច​ដល់​ឯង​រាល់​គ្នា តាម​ពាក្យ​ល្អ​របស់​អញ ដោយ​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​ទី​នេះ​វិញ

11 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ស្គាល់​សេចក្តី​ដែល​អញ​គិត​ពី​ដំណើរ​ឯង​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្តី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្តី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្តី​សង្ឃឹម

12 នោះ​ឯង​រាល់​គ្នា​នឹង​អំពាវ‌នាវ​ដល់​អញ ហើយ​នឹង​ទៅ​អធិស្ឋាន​ដល់​អញ រួច​អញ​នឹង​យល់​ព្រម​តាម

13 ឯង​រាល់​គ្នា​នឹង​ស្វែង​រក​អញ ហើយ​នឹង​ឃើញ​ផង គឺ​កាល​ណា​ឯង​ស្វែង​រក​អញ​ឲ្យ​អស់​អំពី​ចិត្ត

14 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​រក​អញ​ឃើញ អញ​នឹង​ដោះ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ ហើយ​នឹង​ប្រមូល​ឯង​ពី​គ្រប់​ទាំង​សាសន៍ និង​ពី​គ្រប់​កន្លែង​ណា​ដែល​អញ​បាន​បណ្តេញ​ឯង នាំ​វិល​ត្រឡប់​មក​ឯ​កន្លែង​ដែល​អញ​បាន​ឲ្យ​គេ​ចាប់​ទៅ​ជា​ឈ្លើយ​នោះ​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

15 ហេតុ​ដែល​អ្នក​រាល់​គ្នា​និយាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្កើត​ឲ្យ​យើង​មាន​ពួក​ហោរា នៅ​ស្រុក​បាប៊ីឡូន​នេះ

16 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ពី​ដំណើរ​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​របស់​ដាវីឌ ហើយ​ពី​ដំណើរ​ជន​ទាំង‌ឡាយ​ដែល​អាស្រ័យ​នៅ​ទី​ក្រុង​នេះ គឺ​ជា​បង​ប្អូន​របស់​ឯង​រាល់​គ្នា ដែល​មិន​បាន​ដឹក​ទៅ​ជា​ឈ្លើយ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ

17 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ចាត់​ដាវ សេចក្តី​អំណត់‌អត់ និង​អាសន្ន‌រោគ​មក​លើ​គេ ហើយ​នឹង​ធ្វើ​ឲ្យ​គេ​ត្រឡប់​ទៅ​ដូច​ជា​ផ្លែ​ល្វា​អាក្រក់ ដែល​បរិភោគ​មិន​បាន

18 ហើយ​អញ​នឹង​ដេញ​តាម​គេ ដោយ​ដាវ អំណត់‌អត់ និង​អាសន្ន‌រោគ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​រសាត់​អណ្តែត នៅ​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ឲ្យ​បាន​ជា​ទី​ផ្តាសា ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ និង​ជា​ទី​ត្មះ‌តិះដៀល​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​អញ​នឹង​បណ្តេញ​គេ​នោះ

19 គឺ​ដោយ​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ពាក្យ​អញ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ចាត់​ពួក​ហោរា ជា​អ្នក​បំរើ​របស់​អញ​ទៅ​ឯ​គេ ព្រម​ទាំង​ក្រោក​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ចាត់​គេ​ផង តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​សោះ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

20 ដូច្នេះ ឯង​រាល់​គ្នា ជា​ពួក​ឈ្លើយ ដែល​អញ​បាន​បណ្តេញ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ឯ​ស្រុក​បាប៊ីឡូន​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

21 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​អ័ហាប់ ជា​កូន​កូឡាយ៉ា និង​សេដេគា​ជា​កូន​ម្អាសេយ៉ា ដែល​គេ​ទាយ​ជា​សេចក្តី​កុហក​ដល់​ឯង​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ទ្រង់ គឺ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល​អញ​នឹង​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ស្តេច​នោះ​នឹង​សំឡាប់​អ្នក​ទាំង​២​នោះ​នៅ​មុខ​ឯង​រាល់​គ្នា

22 ហើយ​ពួក​ឈ្លើយ ជា​សាសន៍​យូដា ដែល​នៅ​ក្រុង​បាប៊ីឡូន នឹង​យក​រឿង​នោះ​ប្រើ​ជា​ពាក្យ​ផ្តាសា​ដល់​អ្នក​ដទៃ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ឯង​បាន​ដូច​ជា​សេដេគា និង​អ័ហាប់ ដែល​ស្តេច​បាប៊ីឡូន​បាន​ឆ្អើរ​នឹង​ភ្លើង​នោះ​ចុះ

23 ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ចំកួត​ក្នុង​ពួក​អ៊ីស្រា‌អែល គេ​បាន​សហាយ‌ស្មន់​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង ហើយ​ពោល​ពាក្យ​កុហក ដោយ​នូវ​ឈ្មោះ​អញ​ជា​សេចក្តី​ដែល​អញ​មិន​បាន​បង្គាប់​ដល់​គេ​ឡើយ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គឺ​អញ​ហើយ​ដែល​ដឹង អញ​ជា​ទី​បន្ទាល់​ពិត។

24 រីឯ​ដំណើរ​សេម៉ាយ៉ា ជា​អ្នក​នៅ​ស្រុក​នេហេលេម នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា

25 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​បាន​ធ្វើ​សំបុត្រ​ដោយ​នូវ​ឈ្មោះ​ខ្លួន​ឯង ផ្ញើ​ដល់​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​ដល់​សេផានា ជា​កូន​ម្អាសេយ៉ា​ដ៏​ជា​សង្ឃ ហើយ​ដល់​ពួក​សង្ឃ​ទាំង​អស់​ផង​ថា

26 ព្រះ‌យេហូវ៉ា ទ្រង់​បាន​តាំង​ឯង​ឡើង​ធ្វើ​ជា​សង្ឃ ជំនួស​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ ដើម្បី​ឲ្យ​មាន​ពួក​នាយក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ប្រយោជន៍​ឲ្យ​ឯង​បាន​ចាប់​អស់​អ្នក​ឆ្កួត ដែល​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ហោរា ដាក់​គុក ដាក់​ខ្នោះ

27 ចុះ​ហេតុ​អ្វី​បាន​ជា​មិន​បាន​បន្ទោស​ដល់​យេរេមា ដែល​នៅ​ក្រុង​អាណាថោត ជា​អ្នក​ដែល​តាំង​ខ្លួន​ឡើង​ជា​ហោរា​ដល់​លោក​រាល់​គ្នា​នោះ

28 ពី​ព្រោះ​វា​បាន​ផ្ញើ​សំបុត្រ​ទៅ​យើង​រាល់​គ្នា នៅ​ឯ​ស្រុក​បាប៊ីឡូន ប្រាប់​ថា ដំណើរ​នេះ​នឹង​ត្រូវ​យូរ​នៅ ចូរ​ធ្វើ​ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំ​ដំណាំ ហើយ​ស៊ី​ផល​ទៅ

29 ឯ​សេផានា​ដ៏​ជា​សង្ឃ ក៏​អាន​មើល​សំបុត្រ​នោះ ឲ្យ​ហោរា​យេរេមា​ស្តាប់

30 ខណៈ​នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​យេរេមា​ដូច្នេះ

31 ចូរ​ផ្ញើ​ទៅ​ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​សេម៉ាយ៉ា​ជា​អ្នក​ដែល​មក​ពី​ស្រុក​នេហេលេម​ថា ដោយ​ព្រោះ​សេម៉ាយ៉ា ជា​អ្នក​ដែល​អញ​មិន​បាន​ចាត់​ប្រើ​ឡើយ បាន​ទាយ​ដល់​ឯង​រាល់​គ្នា ហើយ​បាន​នាំ​ឲ្យ​ឯង​រាល់​គ្នា​ទុក​ចិត្ត​ចំពោះ​សេចក្តី​កំភូត

32 បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ធ្វើ​ទោស​ដល់​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេលេម ព្រម​ទាំង​ពូជ‌ពង្ស​គេ​ផង គេ​នឹង​គ្មាន​ពូជ​ណា​អាស្រ័យ​នៅ​កណ្តាល​ជន‌ជាតិ​នេះ​ឡើយ ក៏​នឹង​មិន​ឃើញ​ការ​ល្អ​ដែល​អញ​នឹង​ប្រោស​ដល់​រាស្ត្រ​អញ​ដែរ ពី​ព្រោះ​គេ​បាន​ពោល​ជា​សេចក្តី​បះ‌បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52