យេរេមា 26 KHOV

លោក​យេរេមា​ត្រូវ​គេ​កាត់​ទោស

1 កាល​នៅ​ដើម​រាជ្យ​នៃ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា នោះ​ព្រះ‌បន្ទូល​នេះ​បាន​មក​ពី​ព្រះ‌យេហូវ៉ា​ថា

2 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​បង្គាប់​ដូច្នេះ ចូរ​ទៅ​ឈរ​ក្នុង​ទីលាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ប្រាប់​ដល់​មនុស្ស​នៅ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា ដែល​មក​ថ្វាយ‌បង្គំ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​ពាក្យ​ដែល​អញ​បង្គាប់​ឲ្យ​ឯង​ប្រាប់​ដល់​គេ កុំ​ឲ្យ​បន្ថយ​ពាក្យ​ណា​មួយ​ឡើយ

3 ប្រហែល​ជា​គេ​នឹង​ស្តាប់​តាម ហើយ​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត​រៀង​ខ្លួន​ទេ​ដឹង ដើម្បី​ឲ្យ​អញ​បាន​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​អញ​សំរេច​នឹង​ធ្វើ​ដល់​គេ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត​នោះ

4 ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ ដើម្បី​នឹង​ដើរ​តាម​ច្បាប់ ដែល​អញ​បាន​ដាក់​នៅ​មុខ​ឯង​រាល់​គ្នា

5 ប្រយោជន៍​នឹង​ស្តាប់​តាម​ពាក្យ​របស់​ពួក​ហោរា ជា​អ្នក​បំរើ​របស់​អញ ដែល​អញ​ចាត់​ឲ្យ​មក​ឯ​ឯង​រាល់​គ្នា ដោយ​ក្រោក​ពី​ព្រលឹម​ស្រាង និង​ចាត់​គេ​ផង តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​សោះ

6 នោះ​អញ​នឹង​ធ្វើ​ឲ្យ​វិហារ​នេះ​បាន​ដូច​ជា​ស៊ីឡូរ​វិញ ហើយ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ត្រឡប់​ជា​ទី​ផ្តាសា ដល់​អស់​ទាំង​សាសន៍​នៅ​ផែនដី​ផង

7 ឯ​ពួក​សង្ឃ ពួក​ហោរា និង​បណ្តា‌ជន​ទាំង‌ឡាយ ក៏​ឮ​យេរេមា​ប្រាប់​ពាក្យ​ទាំង​នេះ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ។

8 លុះ​ដល់​យេរេមា​បាន​ប្រាប់​គ្រប់​ទាំង​សេចក្តី ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ឲ្យ​លោក​ប្រាប់​ដល់​ជន​ទាំង‌ឡាយ​រួច​អស់​ហើយ នោះ​ពួក​សង្ឃ និង​ពួក​ហោរា ហើយ​បណ្តា‌ជន​ទាំង​អស់ ក៏​ចាប់​លោក​ដោយ​ពាក្យ​ថា ឯង​ត្រូវ​ស្លាប់​ហើយ

9 ហេតុ​អ្វី​បាន​ជា​ឯង​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ថា ព្រះ‌វិហារ​នេះ​នឹង​បាន​ដូច​ជា​ស៊ីឡូរ ហើយ​ទី​ក្រុង​នេះ​នឹង​ត្រូវ​ខូច​បង់ ឥត​មាន​អ្នក​ណា​នៅ​ដូច្នេះ រួច​ប្រជា‌ជន​ក៏​មូល​គ្នា​មក​ព័ទ្ធ​ជុំ​យេរេមា នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។

10 កាល​ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា បាន​ឮ​សេចក្តី​ទាំង​នោះ​ហើយ គេ​ក៏​ចេញ​ពី​ដំណាក់​ស្តេច ឡើង​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា រួច​អង្គុយ​ចុះ​ត្រង់​ទ្វារ​ថ្មី​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា

11 នោះ​ពួក​សង្ឃ និង​ពួក​ហោរា គេ​ជំរាប​ដល់​ពួក​ចៅ‌ហ្វាយ ហើយ​ដល់​ជន​ទាំង​អស់​ថា មនុស្ស​នេះ​គួរ​ស្លាប់​ហើយ ដ្បិត​គេ​បាន​ទាយ​ទាស់​នឹង​ក្រុង​នេះ ដូច​ជា​អស់​លោក​អ្នក​បាន​ឮ​ដោយ​ត្រចៀក​ស្រាប់

12 រួច​យេរេមា​លោក​ក៏​ជំរាប​ដល់​ពួក​ចៅ‌ហ្វាយ និង​ជន​ទាំង​អស់​ថា ព្រះ‌យេហូវ៉ា ទ្រង់​បាន​ចាត់​ខ្ញុំ ឲ្យ​មក​ទាយ​ប្រាប់​អស់​ទាំង​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ទាស់​នឹង​ព្រះ‌វិហារ ហើយ​នឹង​ទី​ក្រុង​នេះ

13 ដូច្នេះ ចូរ​កែ​ផ្លូវ និង​កិរិយា​របស់​អ្នក​រាល់​គ្នា​ឥឡូវ ហើយ​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រែ​គំនិត​ចេញ​ពី​សេចក្តី​អាក្រក់ ដែល​ទ្រង់​បាន​ប្រកាស​ទាស់​នឹង​អ្នក​រាល់​គ្នា​វិញ

14 តែ​ឯ​ខ្លួន​ខ្ញុំ​នេះ ខ្ញុំ​នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​រាល់​គ្នា​ហើយ ចូរ​ធ្វើ​ដល់​ខ្ញុំ​តាម​ដែល​អ្នក​រាល់​គ្នា​ឃើញ​ថា​ល្អ ហើយ​ទៀង​ត្រង់​ចុះ

15 ប៉ុន្តែ​ត្រូវ​ឲ្យ​ដឹង​ពិត​ថា បើ​អ្នក​រាល់​គ្នា​សំឡាប់​ខ្ញុំ នោះ​នឹង​នាំ​ឲ្យ​ឈាម​ដែល​ឥត​មាន​ទោស​ប្រឡាក់​លើ​ខ្លួន​អ្នក​រាល់​គ្នា លើ​ទី​ក្រុង​នេះ និង​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រាប់​ពាក្យ​ទាំង​នេះ នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ជា​ពិត។

16 នោះ​ពួក​ចៅ‌ហ្វាយ និង​ជន​ទាំង‌ឡាយ ក៏​និយាយ​នឹង​ពួក​សង្ឃ ហើយ​នឹង​ពួក​ហោរា​ថា មនុស្ស​នេះ​មិន​គួរ​នឹង​ស្លាប់​ទេ ដ្បិត​បាន​គ្រាន់​តែ​ប្រាប់​យើង​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ទេ​តើ

17 រួច​មាន​ពួក​ចាស់‌ទុំ​ខ្លះ​ក្នុង​ស្រុក គេ​ក្រោក​ឡើង​ប្រាប់​ដល់​ប្រជុំ​ជន​ថា

18 មីកា ជា​ពួក​ម៉ូរ៉ាស៊ីត បាន​ទាយ នៅ​ក្នុង​រាជ្យ​ហេសេគា​ជា​ស្តេច​យូដា ហើយ​ប្រាប់​ដល់​ពួក​ជន​នៅ​ស្រុក​យូដា​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ គេ​នឹង​ភ្ជួរ​ភ្នំ​ស៊ីយ៉ូន ដូច​ជា​ភ្ជួរ​ស្រែ​ចំការ ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​ត្រឡប់​ជា​កង​គំនរ ឯ​ភ្នំ​នៃ​ព្រះ‌វិហារ នោះ​នឹង​ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​ណា​មួយ

19 ចុះ​តើ​ហេសេគា ជា​ស្តេច​យូដា និង​ពួក​យូដា​ទាំង​អស់​បាន​សំឡាប់​លោក​ឬ​អី តើ​ទ្រង់​មិន​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ទូល‌អង្វរ​ចំពោះ​ព្រះ‌អង្គ​ទេ​ឬ​អី ឯ​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​ប្រែ​គំនិត​ចេញ​ពី​សេចក្តី​អាក្រក់ ដែល​ទ្រង់​បាន​ប្រកាស​ទាស់​នឹង​គេ​ដែរ ធ្វើ​ដូច្នេះ​យើង​នឹង​ឈ្មោះ​ថា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ធំ ទាស់​នឹង​ព្រលឹង​យើង​ហើយ។

20 មួយ​ទៀត​ក៏​មាន​ម្នាក់​ដែល​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ឈ្មោះ​អ៊ូរីយ៉ា ជា​កូន​របស់​សេម៉ាយ៉ា ពី​ក្រុង​គារយ៉ាត់-យារីម អ្នក​នោះ​ទាយ​ទាស់​នឹង​ទី​ក្រុង ហើយ​នឹង​ស្រុក​នេះ តាម​អស់​ទាំង​ពាក្យ​របស់​យេរេមា​ដែរ

21 លុះ​កាល​ស្តេច​យេហូយ៉ាគីម ព្រម​ទាំង​មនុស្ស​ខ្លាំង​ពូកែ​របស់​ទ្រង់ និង​ពួក​ចៅ‌ហ្វាយ បាន​ឮ​ពាក្យ​របស់​អ្នក​នោះ​ហើយ នោះ​ស្តេច​ក៏​រក​សំឡាប់​អ៊ូរីយ៉ា តែ​កាល​គាត់​បាន​ដឹង នោះ​ក៏​ភ័យ ហើយ​បាន​រត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ

22 តែ​ស្តេច​យេហូយ៉ាគីម ទ្រង់​ចាត់​មនុស្ស ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ គឺ​អែល‌ណា‌ថាន ជា​កូន​អ័កបោរ និង​មនុស្ស​ខ្លះ​ទៀត ឲ្យ​ទៅ​ជា​មួយ

23 អ្នក​ទាំង​នោះ​ក៏​នាំ​យក​អ៊ូរីយ៉ា ពី​ស្រុក​អេស៊ីព្ទ​មក​ថ្វាយ​ដល់​ស្តេច​យេហូយ៉ាគីម ហើយ​ទ្រង់​ក៏​សំឡាប់​គាត់​ដោយ​ដាវ ព្រម​ទាំង​បោះ​ខ្មោច​របស់​គាត់​ទៅ​ក្នុង​ផ្នូរ​នៃ​ពួក​មនុស្ស​ធម្មតា​ទៅ

24 ប៉ុន្តែ​អ័ហ៊ី‌កាម ជា​កូន​សាផាន លោក​ជួយ​ខាង​យេរេមា ដើម្បី​មិន​ឲ្យ​គេ​ប្រគល់​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ជន​ឲ្យ​គេ​សំឡាប់​លោក​ឡើយ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52