យេរេមា 1 KHOV

ព្រះ​ត្រាស់‌ហៅ​លោក​យេរេមា

1 នេះ​ជា​ពាក្យ​របស់​យេរេមា ជា​កូន​ហ៊ីល‌គីយ៉ា គឺ​ជា​ម្នាក់​ក្នុង​ពួក​សង្ឃ ដែល​នៅ​ក្រុង​អាន៉ាថោត ក្នុង​ស្រុក​បេន‌យ៉ា‌មីន

2 ជា​អ្នក​ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្លួន នៅ​ក្នុង​ឆ្នាំ​ទី​១៣​នៃ​រាជ្យ​យ៉ូសៀស ជា​បុត្រ​អាំម៉ូន ស្តេច​ស្រុក​យូដា

3 ក៏​មាន​មក​ដល់ នៅ​ក្នុង​រាជ្យ​យ៉ូយ៉ា‌គីម ជា​បុត្រ​យ៉ូសៀស ជា​ស្តេច​ស្រុក​យូដា ដរាប​ដល់​ផុត​ឆ្នាំ​ទី​១១ ក្នុង​រាជ្យ​សេដេគា ជា​បុត្រ​យ៉ូសៀស ដែល​ជា​ស្តេច​ស្រុក​យូដា គឺ​ដល់​ខែ​ស្រាពណ៍ ជា​គ្រា​ដែល​ពួក​ក្រុង​យេរូ‌សាឡិម ត្រូវ​ចាប់​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ​ឯង។

សេចក្តី​ប្រកាស​អំពី​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម

4 រីឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា

5 មុន​ដែល​អញ​បាន​ជប​បង្កើត​ឯង​នៅ​ក្នុង​ពោះ​ម្តាយ នោះ​អញ​ស្គាល់​ឯង​ហើយ កាល​មុន​ដែល​ឯង​សំរាល​ចេញ​ពី​ផ្ទៃ​មក នោះ​អញ​បាន​ញែក​ឯង​ជា​បរិសុទ្ធ​ផង ក៏​បាន​តាំង​ឯង​ឡើង​ជា​ហោរា ដល់​អស់​ទាំង​សាសន៍

6 នោះ​ខ្ញុំ​បាន​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ មើល ទូល‌បង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​ក្មេង​សុទ្ធ

7 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កុំ​ឲ្យ​ថា​ឯង​ជា​មនុស្ស​ក្មេង​ឡើយ ដ្បិត​បើ​អញ​ចាត់​ឯង​ឲ្យ​ទៅ​ឯ​អ្នក​ណា នោះ​ឯង​ត្រូវ​តែ​ទៅ ហើយ​សេចក្តី​អ្វី​ដែល​អញ​បង្គាប់​ឯង នោះ​ឯង​ត្រូវ​តែ​ប្រាប់​ដែរ

8 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កុំ​ឲ្យ​ខ្លាច​ចំពោះ​គេ​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច

9 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​លូក​ព្រះ‌ហស្ត​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​ព្រះ‌បន្ទូល​ថា មើល អញ​បាន​ដាក់​ពាក្យ​របស់​អញ​នៅ​ក្នុង​មាត់​ឯង​ហើយ

10 មើល នៅ​ថ្ងៃ​នេះ អញ​តាំង​ឯង​លើ​អស់​ទាំង​សាសន៍ និង​លើ​នគរ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​ដក​រំលើង រុះ​ទំលាក់ ហើយ​បំផ្លាញ​រំលំ​ចុះ ព្រម​ទាំង​សង់​ឡើង​វិញ ហើយ​ដាំ​ទៀត​ផង។

11 មួយ​ទៀត ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ សួរ​ថា យេរេមា​អើយ តើ​ឯង​ឃើញ​អ្វី​នុ៎ះ នោះ​ខ្ញុំ​ទូល​តប​ថា ទូល‌បង្គំ​ឃើញ​ដំបង​ឈើ​ចំបក់​១

12 រួច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ឯង​បាន​ឃើញ​ត្រូវ​ហើយ ពី​ព្រោះ​អញ​ព្យាយាម​នឹង​ធ្វើ​សំរេច​តាម​ពាក្យ​របស់​អញ។

13 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត សួរ​ថា តើ​ឯង​ឃើញ​អ្វី​នុ៎ះ ខ្ញុំ​ក៏​ទូល​តប​ថា ទូល‌បង្គំ​ឃើញ​ថ្លាង​ទឹក​កំពុង​តែ​ពុះ ដែល​មាន​មាត់​ផ្អៀង​មក​ពី​ទិស​ខាង​ជើង

14 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា នឹង​កើត​មាន​ការ​អាក្រក់ ផុល​ចេញ​ពី​ទិស​ខាង​ជើង មក​លើ​ពួក​អ្នក​ស្រុក​ទាំង​អស់

15 ដ្បិត​មើល អញ​នឹង​ហៅ​គ្រប់​ទាំង​គ្រួសារ​នៃ​នគរ​ទាំង​ប៉ុន្មាន​នៅ​ខាង​ជើង ហើយ​គេ​នឹង​មក​តាំង​បល្ល័ង្ក​របស់​គេ​រៀង​ខ្លួន នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​យេរូ‌សាឡិម ទល់​នឹង​កំផែង​ទី​ក្រុង​ព័ទ្ធ​ជុំវិញ ហើយ​ទល់​នឹង​ទី​ក្រុង​របស់​ស្រុក​យូដា​ទាំង​អស់​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

16 នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ទី​ក្រុង​ទាំង​នោះ ដោយ​ព្រោះ​សេចក្តី​ទុច្ចរិត​របស់​គេ​ទាំង​ប៉ុន្មាន គឺ​ដែល​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ‌បង្គំ​ចំពោះ​របស់​ដែល​ដៃ​ខ្លួន​គេ​បាន​ធ្វើ​ផង

17 ដូច្នេះ ចូរ​ឲ្យ​ឯង​ក្រវាត់​ចង្កេះ ហើយ​ក្រោក​ឡើង​ទៅ​ប្រាប់​ដល់​គេ តាម​គ្រប់​ទាំង​សេចក្តី​ដែល​អញ​បង្គាប់​ឯង​ចុះ កុំ​ឲ្យ​ស្រយុត​ចិត្ត​ចំពោះ​គេ​ឡើយ ក្រែង​អញ​ធ្វើ​ឲ្យ​ឯង​ស្រយុត​ចិត្ត​នៅ​មុខ​គេ​ជា​ពិត

18 ដ្បិត​មើល នៅ​ថ្ងៃ​នេះ​អញ​បាន​តាំង​ឯង​ឡើង ទុក​ជា​ទី​ក្រុង​ត្រៀម​ដោយ​គ្រឿង​ចំបាំង ជា​សសរ​ដែក ហើយ​ជា​កំផែង​លង្ហិន សំរាប់​ត​នឹង​ស្រុក​ទាំង​មូល និង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​សាសន៍​យូដា ព្រម​ទាំង​ត​នឹង​ពួក​ចៅ‌ហ្វាយ និង​ពួក​សង្ឃ ហើយ​នឹង​បណ្តា‌ជន​ទាំង‌ឡាយ​នៅ​ស្រុក​នេះ​ផង

19 គេ​នឹង​ត​នឹង​ឯង​តែ​មិន​ឈ្នះ​ឯង​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​ឯង​ឲ្យ​រួច នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេវ៉ា។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52