យេរេមា 43 KHOV

លោក​យេរេមា​ត្រូវ​គេ​នាំ​ទៅ​ស្រុក​អេស៊ីព្ទ

1 កាល​យេរេមា បាន​ប្រាប់​ដល់​បណ្តា‌ជន​ទាំង‌ឡាយ តាម​អស់​ទាំង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ គឺ​ជា​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ ទ្រង់​បាន​ចាត់​លោក​ឲ្យ​ទៅ​ប្រាប់ គឺ​ជា​ពាក្យ​ទាំង​នេះ​ចប់​ហើយ

2 នោះ​អ័សារា ជា​កូន​ហូសាយ៉ា និង​យ៉ូហា‌ណាន ជា​កូន​ការា ព្រម​ទាំង​មនុស្ស​ឆ្មើង‌ឆ្មៃ​ទាំង​ប៉ុន្មាន គេ​តប​ទៅ​យេរេមា​ថា លោក​និយាយ​កុហក​ទេ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ទ្រង់​មិន​បាន​ចាត់​លោក​ឲ្យ​មក​ប្រាប់​យើង​ថា កុំ​ឲ្យ​ទៅ​អាស្រ័យ​នៅ​ឯ​ស្រុក​អេស៊ីព្ទ​នោះ​ទេ

3 គឺ​បារូក ជា​កូន​នេរីយ៉ា បាន​ចាក់‌រុក​លោក​ឲ្យ​ទាស់​នឹង​យើង​វិញ ដើម្បី​នឹង​ប្រគល់​យើង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ ឲ្យ​គេ​បាន​សំឡាប់​យើង ហើយ​នាំ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន

4 ដូច្នេះ​យ៉ូហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ទាំង​អស់ ព្រម​ទាំង​ជន​ទាំង‌ឡាយ គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​នៅ​ក្នុង​ស្រុក​យូដា​ទេ

5 គឺ​យ៉ូហា‌ណាន​ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ទាំង​អស់ គេ​ប្រមូល​សំណល់​ពួក​យូដា​ដែល​បាន​វិល​មក ដើម្បី​អាស្រ័យ​នៅ​ក្នុង​ស្រុក​យូដា​វិញ ពី​គ្រប់​ទាំង​ប្រទេស​ដែល​គេ​ត្រូវ​បណ្តេញ​ទៅ​នោះ

6 គឺ​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង ពួក​បុត្រី​របស់​ស្តេច និង​បណ្តា​មនុស្ស​ដែល​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ បាន​ទុក​ឲ្យ​នៅ​ជា​មួយ​នឹង​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ព្រម​ទាំង​ហោរា​យេរេមា និង​បារូក ជា​កូន​នេរីយ៉ា

7 នាំ​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​អស់​គ្នា ពី​ព្រោះ​គេ​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ទេ គេ​ក៏​ទៅ​ដល់​ក្រុង​ថាផ្នេស។

ព្រះ‌បន្ទូល​ស្តី​អំពី​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​វាយ​លុក​ស្រុក​អេស៊ីព្ទ

8 នៅ​គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​យេរេមា​នៅ​ត្រង់​ថាផ្នេស​ដូច្នេះ

9 ចូរ​យក​ថ្ម​ធំៗ ទៅ​កប់​ទុក​ក្នុង​បាយអ​នៃ​កំរាល​ឥដ្ឋ ដែល​នៅ​មុខ​ដំណាក់​ផារ៉ោន​ត្រង់​ថាផ្នេស នៅ​ភ្នែក​នៃ​ពួក​យូដា​ទៅ

10 ហើយ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ចាត់​ទៅ​នាំ​យក​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​អញ​មក ហើយ​នឹង​តាំង​បល្ល័ង្ក​របស់​គេ នៅ​ពី​លើ​ថ្ម ដែល​អញ​បាន​លាក់​ទុក​នេះ គេ​នឹង​ដំឡើង​ព្រះ‌រាជ​ពន្លា​របស់​គេ នៅ​ពី​លើ​ផង

11 គេ​នឹង​មក​វាយ​ស្រុក​អេស៊ីព្ទ គ្រា​នោះ មនុស្ស​ណា​ដែល​សំរាប់​ស្លាប់ នឹង​ត្រូវ​ស្លាប់​ទៅ អ្នក​ណា​ដែល​សំរាប់​ដឹក​ទៅ​ជា​ឈ្លើយ នឹង​ត្រូវ​ដឹក​ទៅ ហើយ​អ្នក​ណា​ដែល​សំរាប់​ដាវ នឹង​ត្រូវ​ប្រគល់​ទៅ​ដល់​ដាវ

12 អញ​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​វិហារ​នៃ​ព្រះ​ទាំង​ប៉ុន្មាន​របស់​ស្រុក​អេស៊ីព្ទ ហើយ​គេ​នឹង​ដុត​ចោល ព្រម​ទាំង​ដឹក‌នាំ​រូប​ព្រះ​ទាំង​នោះ​ទៅ​ជា​ឈ្លើយ គេ​នឹង​ប្រដាប់​ខ្លួន ដោយ​ស្រុក​អេស៊ីព្ទ ដូច​ជា​អ្នក​គង្វាល​ពាក់​អាវ​ខ្លួន រួច​គេ​នឹង​ចេញ​ពី​នេះ​ទៅ​ដោយ​សុខ‌សាន្ត

13 គេ​ក៏​នឹង​បំបែក​បំបាក់​រូប​ព្រះ​នៅ​បេត-សេមែស​ដែល​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ដែរ ព្រម​ទាំង​ដុត​វិហារ​នៃ​ព្រះ​របស់​ស្រុក​អេស៊ីព្ទ​ទាំង​ប៉ុន្មាន​ផង។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52