12 ហើយចំណែកឯងរាល់គ្នានោះបានប្រព្រឹត្តអាក្រក់ លើសជាងពួកព្ធយុកោឯងទៅទៀត ដ្បិតមើល ឯងរាល់គ្នាប្រព្រឹត្តតាមតែសេចក្តីរឹងចចេស នៅក្នុងចិត្តអាក្រក់របស់ឯងរៀងខ្លួន ដល់ម៉្លេះបានជាមិនព្រមស្តាប់តាមអញសោះ
13 ហេតុនោះអញនឹងបោះឯងរាល់គ្នាចោលចេញពីស្រុកនេះ ឲ្យទៅនៅឯស្រុក១ដែលឯង ឬពួកព្ធយុកោឯងមិនបានស្គាល់ឡើយ ហើយនៅទីនោះ ឯងរាល់គ្នានឹងគោរពប្រតិបត្តិតាមព្រះដទៃទាំងយប់ទាំងថ្ងៃ ពីព្រោះអញនឹងមិនអាណិតដល់ឯងទេ។
14 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដូច្នេះមើល នឹងមានគ្រាមកដល់ដែលគេនឹងលែងស្បថថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់ ជាព្រះដែលបាននាំពួកកូនចៅអ៊ីស្រាអែលឡើងរួចពីស្រុកអេស៊ីព្ទមក
15 គឺគេនឹងស្បថយ៉ាងនេះវិញថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលទ្រង់បាននាំពួកកូនចៅអ៊ីស្រាអែល ឡើងរួចពីស្រុកខាងជើងមក ហើយពីអស់ទាំងប្រទេស ដែលទ្រង់បានបណ្តេញគេនោះផង អញនឹងនាំគេឲ្យវិលមកក្នុងស្រុករបស់គេ ជាស្រុកដែលអញបានឲ្យដល់ពួកព្ធយុកោគេ។
16 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញនឹងចាត់មនុស្សឲ្យទៅហៅពួកនេសាទជាច្រើនមក អ្នកទាំងនោះនឹងបង់សំណាញ់ប្រមូលគេ លំដាប់នោះអញនឹងចាត់ឲ្យទៅហៅពួកព្រានជាច្រើនមក អ្នកទាំងនោះនឹងដេញចាប់គេនៅលើគ្រប់ទាំងភ្នំធំ និងភ្នំតូច ហើយនៅក្រហែងថ្មទាំងប៉ុន្មានផង
17 ដ្បិតភ្នែកអញមើលឃើញអស់ទាំងផ្លូវរបស់គេ ហើយគេមិនកំបាំងពីមុខអញទេ ឯអំពើទុច្ចរិតរបស់គេ ក៏មិនបិទបាំងពីភ្នែកអញដែរ
18 នោះមុនដំបូងអញនឹងសងអំពើទុច្ចរិត និងអំពើបាបរបស់គេ១ជា២ ពីព្រោះគេបានធ្វើឲ្យស្រុកអញទៅជាស្មោកគ្រោក ដោយសាកសពនៃរូបព្រះគួរខ្ពើម ហើយបានបំពេញស្រុកជាមរដករបស់អញ ដោយរបស់គួរខ្ពើមឆ្អើមរបស់គេ។