4 ដ្បិតបើសិនជាឯងរាល់គ្នានឹងធ្វើតាមពាក្យនេះជាប្រាកដ នោះនឹងមានស្តេចដែលគង់លើបល្ល័ង្កដាវីឌជិះរាជរថ និងសេះយាងចូលតាមទ្វារនេះ ព្រមទាំងពួកមហាតលិក និងរាស្ត្ររបស់ទ្រង់ផង
5 តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមពាក្យទាំងនេះទេ នោះព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ អញស្បថនឹងខ្លួនអញថា ដំណាក់នេះនឹងត្រូវបំផ្លាញអស់រលីង
6 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរដំណាក់នៃស្តេចយូដាដូច្នេះ ឯងទុកដូចជាស្រុកកាឡាត ហើយដូចកំពូលភ្នំល្បាណូនដល់អញ ប៉ុន្តែប្រាកដជាអញនឹងធ្វើឲ្យឯងទៅជាទីស្ងាត់ជ្រងំវិញ ជាទីក្រុងដែលឥតមានមនុស្សនៅ
7 ហើយអញនឹងតាំងពួកបំផ្លាញឲ្យមកទាស់នឹងឯង គ្រប់គ្នានឹងកាន់គ្រឿងអាវុធរបស់ខ្លួន គេនឹងកាប់រំលំដើមតាត្រៅ ដែលជ្រើសរើសរបស់ឯង ហើយបោះទៅក្នុងភ្លើង
8 សាសន៍ជាច្រើននឹងដើរមកតាមទីក្រុងនេះ គ្រប់គ្នានឹងនិយាយដល់គូកនខ្លួនថា ហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់ធ្វើដូច្នេះដល់ក្រុងធំនេះ
9 នោះគេនឹងឆ្លើយតបថា គឺពីព្រោះគេបានបោះបង់ចោលសេចក្តីសញ្ញារបស់ព្រះយេហូវ៉ា ជាព្រះនៃគេ ក៏ថ្វាយបង្គំហើយគោរពប្រតិបត្តិដល់ព្រះដទៃផង។
10 កុំឲ្យយំនឹងមនុស្សដែលស្លាប់ឡើយ ក៏កុំឲ្យសោកស្តាយគេដែរ ត្រូវឲ្យយំជាខ្លាំងនឹងអ្នកដែលចាកចេញពីទីនេះវិញ ដ្បិតគេនឹងមិនដែលវិលមកទៀតឡើយ ក៏មិនដែលឃើញស្រុកកំណើតរបស់ខ្លួនទៀតផង