15 ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលមកខ្ញុំដូច្នេះថា ចូរយកពែងស្រាជាសេចក្តីឃោរឃៅនេះពីដៃអញទៅ ហើយបំផឹកអស់ទាំងសាសន៍ដែលអញចាត់ឯងឲ្យទៅនោះចុះ
16 គេនឹងផឹក ហើយនឹងដើរវិលវង់ទៅមក ហើយទៅជាឆ្កួតដោយព្រោះដាវ ដែលអញនឹងចាត់ទៅកណ្តាលពួកគេ
17 ដូច្នេះ ខ្ញុំក៏យកពែងនោះពីព្រះហស្តនៃព្រះយេហូវ៉ា ទៅបំផឹកអស់ទាំងសាសន៍ដែលព្រះយេហូវ៉ាបានចាត់ឲ្យខ្ញុំទៅនោះ
18 គឺក្រុងយេរូសាឡិម និងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ព្រមទាំងស្តេច និងពួកចៅហ្វាយរបស់គេផង ដើម្បីឲ្យគេទៅជាទីខូចបង់ ជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ហើយជាទីផ្តាសាដូចជាសព្វថ្ងៃនេះ
19 និងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ពួកមហាតលិក និងពួកចៅហ្វាយ ហើយជនជាតិរបស់គេផង
20 អស់ទាំងសាសន៍លាយគ្នា ពួកស្តេចនៅស្រុកអ៊ូស និងអស់ទាំងស្តេចរបស់ស្រុកភីលីស្ទីន គឺក្រុងអាសកាឡូន ក្រុងកាសា ក្រុងអេក្រុន និងសំណល់នៃក្រុងអាសដូឌ
21 សាសន៍អេដំម សាសន៍ម៉ូអាប់ និងពួកកូនចៅអាំម៉ូន