29 ដ្បិតមើល អញចាប់តាំងធ្វើទោសដល់ទីក្រុង ដែលបានហៅតាមឈ្មោះអញ ដូច្នេះតើឯងរាល់គ្នានឹងរួចខ្លួនឥតមានទោសសោះបានឬ អញនឹងហៅឲ្យមានដាវមកលើគ្រប់ទាំងមនុស្សនៅផែនដី នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
30 ដូច្នេះ ចូរទាយអស់ទាំងពាក្យនេះ ទាស់នឹងគេហើយប្រាប់គេថា ព្រះយេហូវ៉ា ទ្រង់នឹងគ្រហឹមពីខាងលើ ហើយនឹងបព្ចោញព្រះសូរសៀងទ្រង់ ពីទីលំនៅបរិសុទ្ធរបស់ទ្រង់ ទ្រង់នឹងគ្រហឹមជាខ្លាំងក្រៃលែងទាស់នឹងក្រោលទ្រង់ ក៏នឹងស្រែកឡើងទាស់នឹងពួកអ្នកនៅផែនដីទាំងអស់ ដូចជាសំរែកនៃពួកអ្នកដែលជាន់ផ្លែទំពាំងបាយជូរ
31 និងឮសូររហូតដល់ចុងផែនដីបំផុតផង ដ្បិតព្រះយេហូវ៉ាទ្រង់មានការណ៍ទាស់ទទឹងនឹងសាសន៍ទាំងប៉ុន្មាន ទ្រង់នឹងកើតក្តីនឹងគ្រប់ទាំងមនុស្ស ឯពួកមនុស្សអាក្រក់ នោះទ្រង់នឹងប្រគល់ដល់ដាវ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
32 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា មើល សេចក្តីអាក្រក់នឹងចេញពីនគរ១ដល់នគរ១ ហើយនឹងកើតមានព្យុះសង្ឃរាយ៉ាងសំបើម មកពីចុងផែនដីបំផុត
33 នៅថ្ងៃនោះ សាកសពនៃមនុស្ស ដែលព្រះយេហូវ៉ាបានប្រហារ នឹងនៅរាយពេញ ពីចុងផែនដីម្ខាង ទៅដល់ចុងផែនដីម្ខាង ឥតមានអ្នកណាសោកស្តាយគេ ឬប្រមូលខ្មោចគេទៅកប់ឡើយ គឺគេនឹងទៅជាជីនៅលើដី
34 ឱពួកអ្នកគង្វាលអើយ ចូរស្រែកទ្រហោយំចុះ ឱពួកជាប្រធានក្នុងហ្វូងអើយ ចូរដេកននៀលក្នុងផេះចុះ ដ្បិតគ្រាដែលសំឡេះឯង ហើយកំចាត់កំចាយឯង បានមកដល់ហើយ ឯងរាល់គ្នានឹងត្រូវធ្លាក់ចុះ ដូចជាភាជនៈមានដំឡៃ
35 ឯពួកអ្នកគង្វាល នឹងគ្មានផ្លូវណារត់ឲ្យរួចឡើយ ហើយពួកដែលជាប្រធានក្នុងហ្វូង ក៏ឥតមានផ្លូវនឹងរួចបានដែរ