យេរេមា 33:4-10 KHOV

4 ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​អស់​ទាំង​ផ្ទះ​នៅ​ទី​ក្រុង​នេះ និង​ពី​ដំណាក់​ស្តេច​យូដា ដែល​ត្រូវ​រំលំ ដោយ‌សារ​ប្រដាប់​ចំបាំង ហើយ​នឹង​ដាវ

5 ដែល​គេ​ចាក​ចេញ​ទៅ​ត‌យុទ្ធ នឹង​ពួក​ខាល់ដេ ហើយ​ក៏​បំពេញ​ផ្ទះ​ទាំង​នោះ ដោយ​សាក‌សព​នៃ​មនុស្ស ដែល​អញ​សំឡាប់ ដោយ​សេចក្តី​កំហឹង និង​សេចក្តី​ឃោរ‌ឃៅ​របស់​អញ ហើយ​បាន​គេច​មុខ​ចេញ​ពី​ទី​ក្រុង​នេះ ដោយ​ព្រោះ​អស់​ទាំង​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​របស់​គេ

6 មើល អញ​នឹង​នាំ​សេចក្តី​សុខ​ស្រួល និង​ការ​រំងាប់​រោគ​មក​ដល់ ហើយ​នឹង​មើល​គេ​ឲ្យ​ជា ព្រម​ទាំង​បើក​សេចក្តី​សុខ និង​សេចក្តី​ពិត​ជា​បរិបូរ​ឲ្យ​គេ​ឃើញ

7 អញ​នឹង​ធ្វើ​ឲ្យ​ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល ដែល​ជា​ឈ្លើយ​វិល​មក​វិញ ហើយ​នឹង​សង់​គេ​ឡើង​ដូច​កាល​ដើម

8 ក៏​នឹង​សំអាត​គេ ឲ្យ​ស្អាត​ពី​អស់​ទាំង​អំពើ​ទុច្ចរិត​របស់​គេ ជា​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រំលង​នឹង​អញ ហើយ​អញ​នឹង​អត់​ទោស​ចំពោះ​អស់​ទាំង​សេចក្តី​ទុច្ចរិត ដែល​គេ​បាន​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​រំលង​នឹង​អញ​នោះ

9 ឯ​ទី​ក្រុង​នេះ នឹង​បាន​សំរាប់​ជា​ហេតុ​នាំ​ឲ្យ​អរ​សប្បាយ​ដល់​អញ សំរាប់​ជា​សេចក្តី​សរសើរ និង​សិរី‌ល្អ​ផង នៅ​ចំពោះ​អស់​ទាំង​នគរ​នៅ​ផែនដី ជា​ពួក​អ្នក​ដែល​នឹង​ឮ​និយាយ​ពី​អស់​ទាំង​ការ​ល្អ ដែល​អញ​ប្រោស​ដល់​គេ រួច​គេ​នឹង​កោត‌ខ្លាច ហើយ​ភ័យ​ញ័រ​ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្តី​ល្អ និង​សេចក្តី​សុខ​ទាំង​ប៉ុន្មាន ដែល​អញ​ផ្តល់​ដល់​គេ។

10 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ទី​នេះ​ដែល​ឯង​រាល់​គ្នា​ថា ជា​ទី​ខូច​បង់​ឥត​មាន​មនុស្ស ឬ​សត្វ​ណា​នៅ​ទៀត គឺ​នៅ​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡិម ដែល​ចោល​ស្ងាត់​នេះ ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ ឬ​មនុស្ស ឬ​សត្វ​ណា​ឡើយ នោះ​នឹង​មាន​ឮ​សំឡេង​មនុស្ស​ម្តង​ទៀត