24 ដំណើរនេះគេឥតមានស្លុតចិត្ត ឬហែកសំលៀកបំពាក់គេសោះ ទោះទាំងស្តេច ឬពួកមហាតលិក ដែលឮពាក្យទាំងនោះផង
25 មានតែអែលណាថាន ដេឡាយ៉ា និងកេម៉ារាដែលបានទូលអង្វរដល់ស្តេច សូមកុំឲ្យទ្រង់ដុតក្រាំងប៉ុណ្ណោះ តែស្តេចមិនព្រមស្តាប់តាមទេ
26 រួចស្តេចទ្រង់បង្គាប់យេរ៉ាម្អែល ជាកូនហាម៉ាលេក និងសេរ៉ាយ៉ាជាកូនអាសរាល ហើយសេលេមា ជាកូនអាប់ឌាល ឲ្យទៅចាប់ស្មៀនបារូក និងហោរាយេរេមាមក តែព្រះយេហូវ៉ាទ្រង់បានលាក់លោកទុក។
27 ក្រោយដែលស្តេចបានដុតក្រាំងជាពាក្យទាំងនោះ ដែលបារូកបានសរសេរទុកតាមមាត់យេរេមាហើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់យេរេមាថា
28 ចូរយកក្រាំង១ទៀត ហើយសរសេរទុកពាក្យដើមទាំងប៉ុន្មាន ដូចបានសរសេរចុះក្នុងក្រាំងមុននោះ ដែលយេហូយ៉ាគីម ជាស្តេចយូដាបានដុតចោលទៅហើយនោះ
29 រួចឯដំណើរយេហូយ៉ាគីម ជាស្តេចយូដា នោះត្រូវឲ្យឯងប្រាប់ថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលយ៉ាងដូច្នេះ ឯងបានដុតក្រាំងនោះចោល ដោយពាក្យថា ហេតុអ្វីបានជាសរសេរដូច្នេះថា ស្តេចបាប៊ីឡូននឹងមក ហើយបំផ្លាញស្រុកនេះទៅ ព្រមទាំងធ្វើឲ្យលែងមានទាំងមនុស្ស និងសត្វជាពិត
30 ហេតុនោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរយេហូយ៉ាគីម ជាស្តេចយូដាដូច្នេះថា វានឹងគ្មានអ្នកណាសំរាប់អង្គុយលើបល្ល័ង្ករបស់ដាវីឌឡើយ ហើយសពវានឹងត្រូវបោះចោលទៅក្រៅ ឲ្យហាលក្តៅនៅពេលថ្ងៃ និងសន្សើមកកនៅពេលយប់