1 ពីពួកកូនចៅអាំម៉ូន។ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា តើអ៊ីស្រាអែលគ្មានកូនប្រុសទេឬអី តើគ្មានអ្នកណានឹងគ្រងមរដកទេឬ ចុះហេតុអ្វីបានជាព្រះម៉ូឡុក បានគ្រងស្រុកកាឌជាមរដក ហើយពួកវានឹងអាស្រ័យនៅ ក្នុងទីក្រុងនៃស្រុកនោះដូច្នេះ
2 ហេតុនេះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងធ្វើឲ្យឮសំរែកប្រាប់ពីចំបាំងនៅក្រុងរ៉ាបាតរបស់ពួកកូនចៅអាំម៉ូន ហើយទីក្រុងនោះនឹងទៅជាគំនរបំណែកនៅស្ងាត់ច្រៀប ហើយតំបន់នៅជុំវិញទាំងប៉ុន្មាន នឹងត្រូវដុតចោលទៅ គ្រានោះសាសន៍អ៊ីស្រាអែលនឹងបានមរដក ដែលពួកកូនចៅអាំម៉ូនបានយកជារបស់ផងគេនោះមកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
3 ឱហែសបូនអើយ ចូរទ្រហោយំចុះ ដ្បិតក្រុងអៃយត្រូវខូចបង់ហើយ ឱពួកកូនស្រីនៃក្រុងរ៉ាបាតអើយ ចូរស្រែកឡើង ចូរស្លៀកសំពត់ធ្មៃ ហើយទួញទំនួញចុះ ត្រូវឲ្យរត់ទៅមកតាមរបង ដ្បិតព្រះម៉ូឡុកនឹងត្រូវចាប់យកទៅជាឈ្លើយ ព្រមទាំងពួកសង្ឃ និងពួកចៅហ្វាយវាទាំងប៉ុន្មានផង
4 ឱកូនស្រីដែលរាថយអើយ ជាអ្នកដែលទុកចិត្តនឹងទ្រព្យសម្បត្តិរបស់ខ្លួន ហើយពោលថា តើអ្នកណានឹងមកទាស់នឹងអញ ហេតុអ្វីបានជាឯងអួតពីច្រកភ្នំរបស់ឯង គឺជាច្រកភ្នំដែលមានទឹកហូរនោះ
5 ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា មើល អញនឹងនាំសេចក្តីស្ញែងខ្លាចមកលើឯង ពីគ្រប់ទាំងសាសន៍ដែលនៅជុំវិញឯង ហើយឯងរាល់គ្នានឹងត្រូវបណ្តេញចេញទៅខាងមុខរៀងខ្លួន ឥតមានអ្នកណានឹងប្រមូលផ្តុំពួកអ្នក ដែលរត់ទៅនោះឡើយ
6 ប៉ុន្តែ ជាន់ក្រោយអញនឹងនាំពួកកូនចៅអាំម៉ូន ដែលជាឈ្លើយមកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។