យេរេមា 49:16-22 KHOV

16 ត្រង់​ឯ​សេចក្តី​គួរ​ស្ញែង​ខ្លាច​របស់​ឯង​នោះ គឺ​ជា​សេចក្តី​អំនួត​ក្នុង​ចិត្ត​ឯង បាន​បញ្ឆោត​ខ្លួន​ទេ ឱ​ឯង​ដែល​អាស្រ័យ​នៅ​ក្រហែង​ថ្មដា ជា​អ្នក​ដែល​រក្សា​កន្លែង នៅ​ជាប់​លើ​ទី​ខ្ពស់​អើយ ទោះ​បើ​ឯង​ធ្វើ​សំបុក​នៅ​ទី​ខ្ពស់ ដូច​ជា​ឥន្ទ្រី​ក៏​ដោយ គង់​តែ​អញ​នឹង​ទំលាក់​ឯង​ចុះ​ពី​នោះ​មក​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

17 ស្រុក​អេដំម​នឹង​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ឯ​អស់​អ្នក​ដែល​ដើរ​តាម​ទី​នោះ គេ​នឹង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​នឹង​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ដោយ​ព្រោះ​អស់​ទាំង​សេចក្តី​វេទនា​របស់​ស្រុក​នោះ

18 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នឹង​គ្មាន​មនុស្ស​ណា​អាស្រ័យ​នៅ​ស្រុក​នោះ ឬ​មនុស្ស​ជាតិ​ណា​ស្នាក់​នៅ​ទី​នោះ​ឡើយ ដូច​ក្នុង​ការ​បំផ្លាញ​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា ព្រម​ទាំង​ទី​ក្រុង​ជិត​ខាង​នោះ​ទាំង​ប៉ុន្មាន​ដែរ

19 មើល នឹង​មាន​មនុស្ស​ឡើង​មក​ទាស់​នឹង​ទី​លំនៅ​មាំ‌មួន​នោះ ដូច​ជា​សិង្ហ​ដែល​ឡើង​ពី​ទី​ជំនន់​នៃ​ទន្លេ​យ័រដាន់ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​គេ​រត់​ពី​ទី​នោះ​ទៅ​ភ្លាម រួច​អ្នក​ដែល​បាន​រើស​តាំង​ឡើង នោះ​អញ​នឹង​ដំរូវ​ឲ្យ​គ្រប់‌គ្រង​លើ​ទី​នោះ​វិញ ដ្បិត​តើ​មាន​អ្នក​ឯ​ណា​ឲ្យ​ដូច​អញ តើ​អ្នក​ណា​នឹង​ដាក់​កំណត់​ឲ្យ​អញ​បាន តើ​មាន​អ្នក​គង្វាល​ណា​ដែល​នឹង​អាច​ឈរ​នៅ​មុខ​អញ​បាន

20 ដូច្នេះ ចូរ​ស្តាប់​សេចក្តី​ប្រឹក្សា​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​សំរេច​ទាស់​នឹង​ស្រុក​អេដំម និង​ដំរិះ​ដែល​ទ្រង់​បាន​គិត​ទាស់​នឹង​ពួក​អ្នក​នៅ​ក្រុង​ថេម៉ាន គឺ​ថា ពួក​តូច​បំផុត​ក្នុង​ហ្វូង​នឹង​អូស​គេ​ចេញ​ជា​ពិត ទាំង​ឲ្យ​ទី​លំនៅ​របស់​គេ​ទៅ​ជា​ស្ងាត់​ច្រៀប​ពី​លើ​គេ

21 ផែនដី​ក៏​ញ័រ​ដោយ​សូរ​គេ​ធ្លាក់​ចុះ ក៏​មាន​ឮ​សំរែក​ដែល​ឮ​រហូត​ដល់​សមុទ្រ​ក្រហម

22 មើល គេ​នឹង​ឡើង​មក ទាំង​ហើរ​ដូច​ជា​ឥន្ទ្រី គេ​នឹង​ត្រដាង​ស្លាប​លើ​ក្រុង​បុសរ៉ា នៅ​ថ្ងៃ​នោះ ចិត្ត​នៃ​មនុស្ស​ខ្លាំង​ពូកែ​នៅ​ស្រុក​អេដំម​នឹង​បាន​ដូច​ជា​ចិត្ត​នៃ​ស្រី ដែល​រៀប​នឹង​សំរាល​កូន។