30 ឱឯងរាល់គ្នាជាពួកអ្នកស្រុកហាសោរអើយ ចូររត់ទៅ ចូរដើរសាត់ព្រាត់ទៅឲ្យឆ្ងាយ ត្រូវឲ្យជ្រកនៅរអាងយ៉ាងជ្រៅចុះ ដ្បិតនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានប្រឹក្សាការ ហើយកើតមានគំនិតទាស់នឹងឯង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
31 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរក្រោកឡើងៗទៅឯសាសន៍១ដែលនៅជាសុខ ហើយឥតកង្វល់ចុះ គេគ្មានទ្វារ គ្មានរនុក ជាពួកអ្នកដែលនៅតែគ្នាគេប៉ុណ្ណោះ
32 ហ្វូងអូដ្ឋរបស់គេនឹងបានជារបឹប ហើយហ្វូងសត្វដ៏សន្ធឹករបស់គេ នឹងបានជារបស់សំរាប់ប្លន់ អញនឹងកំចាត់កំចាយពួកអ្នកដែលកាត់ជ្រុងពុកចង្កាឲ្យទៅគ្រប់ទិស ហើយនឹងនាំសេចក្តីអន្តរាយរបស់គេ មកពីគ្រប់តំបន់ជុំវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
33 នោះក្រុងហាសោរនឹងត្រឡប់ជាទីលំនៅរបស់សត្វស្វាន ជាទីខូចបង់ជាដរាបតទៅ នឹងគ្មានមនុស្សណាអាស្រ័យនៅ ឬមនុស្សជាតិណាមួយស្នាក់នៅទីនោះឡើយ។
34 នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរស្រុកអេឡាំ នៅដើមរាជ្យនៃសេដេគា ស្តេចយូដា ថា
35 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងបំបាក់ធ្នូរបស់ពួកអេឡាំ គឺជាដើមកំឡាំងរបស់គេ
36 អញនឹងនាំខ្យល់ទាំង៤ឲ្យមកពីទាំង៤ទិស ធ្លាក់លើស្រុកអេឡាំ ហើយនឹងកំចាត់កំចាយគេទៅគ្រប់ទិសទាំង៤នោះ ឥតមាននគរណាមួយ ដែលពួកបំបរបង់របស់សាសន៍អេឡាំមិនបានទៅដល់នោះឡើយ