យេរេមា 9:15-21 KHOV

15 ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​ចិញ្ចឹម​គេ គឺ​ជន‌ជាតិ​នេះ​ឯង ដោយ​ស្លែង ហើយ​នឹង​ឲ្យ​ទឹក​ពុល​ទៅ​គេ​ផឹក

16 អញ​នឹង​កំចាត់‌កំចាយ​គេ​ទៅ​កណ្តាល​គ្រប់​ទាំង​សាសន៍ ជា​សាសន៍​ដែល​ខ្លួន​គេ ឬ​ពួក​ព្ធយុ‌កោ​គេ ក៏​មិន​បាន​ស្គាល់​ផង ហើយ​អញ​នឹង​ចាត់​ប្រើ​ដាវ​ឲ្យ​ទៅ​តាម​គេ ដរាប​ដល់​បាន​បំផ្លាញ​គេ​អស់​រលីង។

17 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា​ចុះ រួច​ឲ្យ​ហៅ​ពួក​ស្រី​អ្នក​យំ ឲ្យ​គេ​មក ចូរ​ចាត់​ទៅ​ហៅ​ពួក​ស្រី​វាង‌វៃ​ឲ្យ​មក​ដែរ

18 ត្រូវ​ឲ្យ​គេ​ប្រញាប់​ឡើង នឹង​លើក​បទ​ទំនួញ​ឲ្យ​យើង ដើម្បី​ឲ្យ​ភ្នែក​យើង​បាន​ស្រក់​ទឹក​ចុះ ហើយ​ឲ្យ​ត្របក​ភ្នែក​យើង​បាន​ចេញ​ទឹក​ល្ហល្ហាច

19 ដ្បិត​មាន​ឮ​សំឡេង​ទ្រហោ​យំ ពី​ក្រុង​ស៊ីយ៉ូន​មក​ថា ឱ​ម៉្លេះ​សម​យើង​វេទនា​យ៉ាង​ណា​ហ្ន៎ យើង​មាន​សេចក្តី​ខ្មាស​ជ្រប់​មុខ ដោយ​ព្រោះ​យើង​ត្រូវ​ចោល​ស្រុក ហើយ​ដោយ​ព្រោះ​គេ​បាន​រំលំ​ទី​លំនៅ​របស់​យើង​បង់

20 ប៉ុន្តែ ឱ​ពួក​ស្រីៗ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ឲ្យ​ត្រចៀក​ទទួល​ព្រះ‌បន្ទូល​ពី​ព្រះ‌ឱស្ឋ​ទ្រង់​ផង ត្រូវ​ឲ្យ​បង្រៀន​កូន​ស្រី​របស់​ឯង​រាល់​គ្នា ឲ្យ​ចេះ​ទ្រហោ​យំ ហើយ​ឲ្យ​អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន​ចេះ​ទួញ​ទំនួញ

21 ពី​ព្រោះ​សេចក្តី​ស្លាប់​បាន​ឡើង​ចូល​មក តាម​បង្អួច​យើង ក៏​បាន​ចូល​មក​ក្នុង​ដំណាក់​របស់​យើង​ដែរ ដើម្បី​នឹង​បំបាត់​កូន​ក្មេង​ពី​ខាង​ក្រៅ ហើយ​ពួក​កំឡោះៗ​ពី​ផ្លូវ​ចេញ