លូកា 1:10-16 KCB

10 នៅ​ពេល​កំពុង​ថ្វាយ​គ្រឿង​ក្រអូប​ និង​ប្រជាជន​ច្រើន​កុះករ​បាន​អធិស្ឋាន​ទាំង​អស់​គ្នា​នៅ​ខាង​ក្រៅ​

11 នោះ​មាន​ទេវតា​របស់​ព្រះអម្ចាស់​មួយ​រូប​បាន​លេច​មក​ឲ្យ​គាត់​ឃើញ​ ដោយ​ឈរ​នៅ​ខាងស្ដាំ​កន្លែង​ថ្វាយ​តង្វាយ​គ្រឿង​ក្រអូប។​

12 កាល​លោក​សាការី​ឃើញ​ គាត់​ក៏​តក់​ស្លុត​ ហើយ​មាន​សេចក្ដី​ភ័យខ្លាច​

13 ប៉ុន្ដែ​ទេវតា​នោះ​បាន​និយាយ​ទៅ​គាត់​ថា៖​ «សាការី​អើយ!​ កុំ​ខ្លាច​អី​ដ្បិត​ព្រះជាម្ចាស់​បាន​ស្ដាប់​ឮ​សេចក្ដី​អធិស្ឋាន​ទូល​សូម​របស់​អ្នក​ហើយ​ រីឯ​អេលីសាបិត​ជា​ប្រពន្ធ​របស់​អ្នក​នឹង​បង្កើត​កូន​ប្រុស​ម្នាក់​ឲ្យ​អ្នក​ ហើយ​អ្នក​នឹង​ដាក់​ឈ្មោះ​កូន​នោះ​ថា​យ៉ូហាន។​

14 កូន​នោះ​នឹង​ក្លាយជា​អំណរ​ និង​ជា​សេចក្ដី​រីករាយ​ដល់​អ្នក​ ឯ​មនុស្ស​ជាច្រើន​នឹង​ត្រេកអរ​ចំពោះ​កំណើត​របស់​កូន​នោះ​

15 ដ្បិត​កូន​នោះ​នឹង​ត្រលប់ជា​មនុស្ស​ដ៏​អស្ចារ្យ​នៅ​ចំពោះ​ព្រះអម្ចាស់​ ​កូន​នោះ​នឹង​មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ និង​គ្រឿង​ស្រវឹង​ឡើយ​ ហើយ​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក។​

16 កូន​នោះ​នឹង​នាំ​កូន​ចៅ​អ៊ីស្រាអែល​ជាច្រើន​ឲ្យ​ត្រលប់​មក​ឯ​ព្រះអម្ចាស់​ជា​ព្រះ​របស់​ពួកគេ​វិញ​