លូកា 5 KCB

1 កាល​បណ្ដា​ជន​បាន​ប្រជ្រៀត​គ្នា​មក​ឯ​ព្រះអង្គ​ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ព្រះអង្គ​កំពុង​ឈរ​នៅ​ក្បែរ​មាត់​បឹង​គេនេសារ៉ែត​

2 ហើយ​ព្រះអង្គ​បាន​ឃើញ​ទូក​ពីរ​នៅ​ក្បែរ​មាត់​បឹង​ ប៉ុន្ដែ​ពួក​អ្នក​នេសាទ​បាន​ចុះ​ពី​ទូក​ទាំង​នោះ​ទៅ​លាង​អួន​អស់​ហើយ។​

3 ព្រះអង្គ​បាន​ចុះ​ទៅ​ក្នុង​ទូក​មួយ​ជា​របស់​លោក​ស៊ីម៉ូន​ក្នុង​ចំណោម​ទូក​ទាំង​ពីរ​នោះ​ និង​បាន​សុំ​ឲ្យ​គាត់​អុំ​ទូក​ចេញ​ពី​ច្រាំង​បន្ដិច។​ កាល​ព្រះអង្គ​អង្គុយ​ចុះ​ ក៏​បង្រៀន​បណ្ដាជន​ពី​ក្នុង​ទូក​នោះ។​

4 ពេល​ព្រះអង្គ​ឈប់​បង្រៀន​ហើយ​ ក៏​មាន​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖​ «ចូរ​អុំ​ទូក​ចេញ​ទៅ​ទឹក​ជ្រៅ​ ហើយ​ទម្លាក់​អួន​របស់​អ្នក​នេសាទ​ចុះ»។​

5 ប៉ុន្ដែ​លោក​ស៊ីម៉ូន​បាន​ទូល​តប​ថា៖​ «លោក​គ្រូ​អើយ!​ យើង​បាន​ធ្វើការ​យ៉ាង​នឿយ​ហត់​ពេញ​មួយ​យប់​កន្លង​មក​ហើយ យើង​ចាប់​មិន​បាន​អ្វី​សោះ​ ប៉ុន្ដែ​ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក»។​

6 កាល​បាន​ធ្វើ​ដូច​នោះ​ ពួកគេ​ក៏​ចាប់​បាន​ត្រី​ច្រើន​សន្ធឹក​ ហើយ​អួន​របស់​គេ​ស្ទើរ​ធ្លាយ​

7 ពួកគេ​ក៏​ធ្វើសញ្ញា​ហៅ​គូ​កន​នៅ​ក្នុង​ទូក​មួយ​ទៀត​ឲ្យ​មក​ជួយ។​ ពួក​គូ​កន​ក៏​បាន​មក​ និង​បាន​ចាប់​ត្រី​ដាក់​ពេញ​ទូក​ទាំង​ពីរ​បណ្ដាល​ឲ្យ​ទូក​ទាំង​ពីរ​ស្ទើរ​លិច។​

8 កាល​បាន​ឃើញ​ដូច្នោះ​ លោក​ស៊ីម៉ូន​ក៏​ក្រាប​ចុះ​ទាប​ជង្គង់​ព្រះយេស៊ូ​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​យាង​ចេញ​ពី​ខ្ញុំ​ទៅ​ ដ្បិត​ខ្ញុំ​ជា​មនុស្ស​បាប»​

9 ដ្បិត​គាត់​ និង​ពួក​អ្នក​នៅ​ជាមួយ​គាត់​ទាំង​អស់​មាន​សេចក្ដី​កោតស្ញែង​ចំពោះ​ត្រី​ដែល​ពួកគេ​ចាប់​បាន។​

10 ឯ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ ជា​កូន​លោក​សេបេដេ​ និង​ជា​គូកន​លោក​ស៊ីម៉ូន​ ក៏​ធ្វើ​ដូច្នេះ​ដែរ​ ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖​ «កុំ​ខ្លាច​អី!​ ពី​ពេល​នេះ​ទៅ​ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។​

11 កាល​បាន​ទុក​ទូក​ចោល​នៅ​ច្រាំង​ និង​បាន​លះបង់​អ្វី​ទាំង​អស់​ហើយ​ ពួកគេ​ក៏​ដើរ​តាម​ព្រះអង្គ​ទៅ។​

12 នៅ​ពេល​ព្រះអង្គ​គង់​នៅ​ក្នុង​ក្រុង​មួយ​ នោះ​មាន​បុរស​ម្នាក់​កើត​ឃ្លង់​ពេញ​ខ្លួន​ ហើយ​កាល​បាន​ឃើញ​ព្រះយេស៊ូ​ គាត់​ក៏​ក្រាប​ផ្កាប់​មុខ​ទូល​អង្វរ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ លោក​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត​បាន​ ប្រសិន​បើ​លោក​ចង់​ធ្វើ»។​

13 ព្រះអង្គ​ក៏​លូក​ព្រះហស្ដ​ទៅ​ពាល់​គាត់​ ដោយ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ចង់!​ ចូរ​ឲ្យ​ជា​ស្អាត​ចុះ»​ ភ្លាម​នោះ​ គាត់​ក៏​បាន​ជា​ពី​ជំងឺ​ឃ្លង់​តែ​ម្ដង។​

14 ព្រះអង្គ​ក៏​បង្គាប់​គាត់​ថា៖​ «កុំ​ប្រាប់​អ្នកណា​ម្នាក់​ឲ្យ​សោះ​ ប៉ុន្ដែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​ ហើយ​ថ្វាយ​តង្វាយ​សម្រាប់​ការ​ដែល​អ្នក​បាន​ជា​ស្អាត​ដូច​លោក​ម៉ូសេ​បាន​បង្គាប់​ ដើម្បី​ជា​បន្ទាល់​ដល់​មនុស្ស​ទាំងឡាយ»។​

15 តែ​ដំណឹង​អំពី​ព្រះអង្គ​កាន់​តែ​ឮ​សុស​សាយ​ឡើងៗ​ ហើយ​បណ្ដាជន​ច្រើន​កុះករ​បាន​មក​ជុំ​គ្នា​ដើម្បី​ស្ដាប់​ និង​ដើម្បី​ឲ្យ​ជា​ពី​ជំងឺ​ផ្សេងៗ​របស់​ពួកគេ។​

16 ប៉ុន្ដែ​ព្រះអង្គ​បាន​យាង​ទៅ​កន្លែង​ស្ងាត់​ ហើយ​អធិស្ឋាន។​

17 នៅ​ថ្ងៃ​មួយ​ កាល​ព្រះអង្គ​កំពុង​បង្រៀន​បណ្ដាជន​ មាន​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​ដែល​បាន​មក​ពី​គ្រប់​ក្រុង​នៃ​ស្រុក​កាលីឡេ​ និង​ស្រុក​យូដា​ ព្រមទាំង​ពី​ក្រុង​យេរូសាឡិម​បាន​អង្គុយ​នៅ​ទីនោះ​ ហើយ​អំណាច​ព្រះអម្ចាស់​បាន​នៅ​ក្នុង​ព្រះអង្គ​ដើម្បី​ប្រោស​ឲ្យ​ជា​

18 ហើយ​មើល៍​ មាន​មនុស្ស​សែង​បុរស​ម្នាក់​ស្លាប់​ដៃ​ជើង​នៅ​លើ​គ្រែ​ស្នែង​ ពួកគេ​រិះរក​សែង​គាត់​ចូល​ទៅ​ ដើម្បី​ដាក់​នៅ​ពី​មុខ​ព្រះអង្គ។​

19 ប៉ុន្ដែ​ដោយសារ​មាន​មនុស្ស​ច្រើន​កក​កុញ​ពេក​ ពួកគេ​រក​មិន​ឃើញ​ផ្លូវ​ដែល​អាច​ឲ្យ​ពួកគេ​នាំ​គាត់​ទៅ​បាន​សោះ​ ក៏​ឡើង​ទៅ​លើ​រើ​ដំបូល​ឥដ្ឋ​ ហើយ​សម្រូត​គាត់​ចុះ​ជាមួយ​គ្រែ​ស្នែង​តាម​ប្រហោង​នោះ​ចំ​កណ្ដាល​ចំណោម​មនុស្ស​នៅ​ពី​មុខ​ព្រះយេស៊ូ។​

20 កាល​ព្រះអង្គ​ទត​ឃើញ​ជំនឿ​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ថា៖​ «សម្លាញ់​អើយ!​ បាប​របស់​អ្នក​បាន​ទទួល​ការ​លើក​លែង​ទោស​ហើយ»។​

21 ឯ​ពួក​គ្រូ​វិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចាប់​ផ្ដើម​គិត​ថា៖​ «តើ​មនុស្ស​នេះ​ជា​នរណា​ បាន​ជា​និយាយ​ប្រមាថ​ព្រះជាម្ចាស់​ដូច្នេះ?​ តើ​អ្នក​ណា​អាច​លើក​លែង​ទោស​បាប​បាន​ក្រៅពី​ព្រះជាម្ចាស់​ប៉ុណ្ណោះ?»​

22 តែ​ព្រះយេស៊ូ​ឈ្វេង​យល់​ពី​គំនិត​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ឆ្លើយ​ថា៖​ «ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​គិត​ក្នុង​ចិត្ដ​ដូច្នេះ?​

23 ដ្បិត​ការ​ដែល​និយាយ​ថា​ បាប​របស់​អ្នក​បាន​ទទួល​ការ​លើក​លែង​ទោស​ហើយ​ និង​ការ​ដែល​និយាយ​ថា​ ចូរ​ក្រោក​ឡើង​ ហើយ​ដើរ​ទៅ​ តើ​មួយ​ណា​ស្រួល​ជាង?​

24 តែ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ កូន​មនុស្ស​មាន​សិទ្ធិ​អំណាច​លើក​លែង​ទោស​បាប​នៅ​ផែនដី​នេះ»។​ បន្ទាប់មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ជើង​ថា៖​ «ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​ថា​ ចូរ​ក្រោក​ឡើង​ លើក​គ្រែ​ស្នែង​របស់​អ្នក​ ហើយ​ទៅ​ផ្ទះ​ចុះ»។​

25 គាត់​ក៏​ក្រោក​ឡើង​ភ្លាម​នៅ​ចំពោះ​មុខ​ពួកគេ​ លើក​គ្រែ​ស្នែង​ដែល​គាត់​បាន​ដេក​ ហើយ​ទៅ​ផ្ទះ​របស់​គាត់​វិញ​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់។​

26 ពួកគេ​គ្រប់គ្នា​មាន​សេចក្ដី​ស្ញប់ស្ញែង​ ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ហើយ​បាន​ពេញ​ដោយ​សេចក្ដី​កោតខ្លាច​ ទាំង​និយាយ​ថា៖​ «នៅ​ថ្ងៃ​នេះ​ យើង​បាន​ឃើញ​សេចក្ដី​អស្ចារ្យ!»​

27 ក្រោយពី​ហេតុការណ៍​ទាំង​នេះ​ ព្រះអង្គ​ក៏​ចេញ​ទៅ​ ហើយ​បាន​ឃើញ​អ្នក​ទារ​ពន្ធដារ​ម្នាក់​ ឈ្មោះ​លេវី​ កំពុង​អង្គុយ​នៅ​កន្លែង​ប្រមូល​ពន្ធដារ​ ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»​

28 គាត់​បាន​ទុក​អ្វីៗ​ទាំង​អស់​ចោល​ ហើយ​ក៏​ក្រោក​ឡើង​ដើរ​តាម​ព្រះអង្គ​ទៅ។​

29 រួច​លោក​លេវី​បាន​រៀបចំ​ពិធី​ជប់​លៀង​ដ៏​ធំ​មួយ​នៅ​ផ្ទះ​របស់​គាត់​សម្រាប់​ព្រះអង្គ​ ហើយ​មាន​ពួក​អ្នក​ទារ​ពន្ធដារ​ច្រើន​កុះករ​ និង​អ្នក​ដទៃ​ទៀត​បាន​ចូល​រួម​បរិភោគ​ជាមួយ​ពួកគេ។​

30 ដូច្នេះ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​របស់​គេ​ ក៏​រអ៊ូ​ដាក់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ហេតុ​ដូចម្ដេច​បាន​ជា​អ្នក​រាល់គ្នា​ស៊ី​ផឹក​ជាមួយ​ពួក​អ្នក​ទារ​ពន្ធ​ដារ​ និង​ពួក​មនុស្ស​បាប​ដូច្នេះ?»​

31 តែ​ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ពួក​អ្នក​មាន​សុខ​ភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ​ គឺ​មាន​តែ​ពួក​អ្នក​ដែល​មាន​ជំងឺ​ប៉ុណ្ណោះ​

32 ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ​ គឺ​មក​ហៅ​មនុស្ស​បាប​វិញ​ ដើម្បី​ឲ្យ​គេ​ប្រែ​ចិត្ដ»។​

33 ប៉ុន្ដែ​ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាន​អធិស្ឋាន​សូម​ ទាំង​តម​អាហារ​ជា​ញឹក​ញាប់​ ឯ​ពួក​សិស្ស​របស់​អ្នក​ខាង​គណៈ​ផារិស៊ី​ក៏​ដូច្នោះ​ដែរ​ រីឯ​ពួក​សិស្ស​របស់​លោក​វិញ​បែរ​ជា​ស៊ី​ផឹក​ទៅ​វិញ»​

34 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​អាច​ឲ្យ​ភ្ញៀវ​របស់​កូន​កំលោះ​តម​អាហារ​បាន​ដែរ​ឬ​ នៅ​ពេល​កូន​កំលោះ​កំពុង​នៅ​ជាមួយ​ពួកគេ​នោះ?​

35 ប៉ុន្ដែ​នឹង​មាន​ថ្ងៃ​មក​ដល់​ពេល​កូន​កំលោះ​ត្រូវ​ឃ្លាត​ពី​ពួកគេ​ទៅ​ នៅ​ថ្ងៃ​នោះ​ឯង​ពួកគេ​នឹង​តម​អាហារ»។​

36 ព្រះអង្គ​ក៏​ប្រាប់​រឿង​ប្រៀប​ប្រដូច​មួយ​ដល់​ពួកគេ​ដែរ​ថា៖​ «គ្មាន​អ្នកណា​ម្នាក់​ដែល​យក​បំណះ​ហែក​ពី​សម្លៀក​បំពាក់​ថ្មី​មក​ប៉ះ​លើ​សម្លៀក​បំពាក់​ចាស់​ទេ​ បើ​ធ្វើ​ដូច្នេះ​ ទាំង​សម្លៀក​បំពាក់​ថ្មី​ក៏​រហែក​ ហើយ​បំណះ​ពី​សម្លៀក​បំពាក់​ថ្មី​ក៏​មិន​ត្រូវ​នឹង​ចាស់​ដែរ។​

37 ក៏​គ្មាន​អ្នកណា​ច្រក​ស្រា​ទំពាំង​បាយជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ​ បើ​ធ្វើ​ដូច្នេះ​ស្រា​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ចាស់​ធ្លាយ​ ហើយ​ស្រា​ក៏​ហូរ​ចេញ​មក​ ឯ​ថង់​ស្បែក​ក៏​ខូច​ខាត។​

38 ផ្ទុយ​ទៅ​វិញ​ ត្រូវ​ច្រក​ស្រា​ទំពាំងបាយជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី​

39 ក្រោយពី​បាន​ផឹក​ស្រា​ទំពាំង​បាយជូរ​ចាស់​ហើយ​ គ្មាន​អ្នកណា​ចង់​ផឹក​ស្រា​ទំពាំង​បាយជូរ​ថ្មី​ទេ​ ព្រោះ​គេ​ថា​ ស្រា​ទំពាំង​បាយជូរ​ចាស់​ល្អ»។​

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24