1 ក្រោយមក ព្រះអង្គបានយាងពីក្រុងមួយទៅក្រុងមួយ និងពីភូមិមួយទៅភូមិមួយ ទាំងបង្រៀន និងប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់ ឯសាវកទាំងដប់ពីរបាននៅជាមួយព្រះអង្គដែរ
2 ព្រមទាំងស្ដ្រីខ្លះដែលព្រះអង្គបានប្រោសឲ្យជាពីជំងឺផ្សេងៗ និងពីវិញ្ញាណអាក្រក់ទាំងឡាយដែរ គឺនាងម៉ារាហៅថា អ្នកក្រុងម៉ាក់ដាឡា ដែលមានអារក្សចំនួនប្រាំពីរបានចេញពីនាង
3 និងនាងយ៉ូអាណាន់ប្រពន្ធលោកឃូសាជាអ្នកបម្រើស្ដេចហេរ៉ូឌ នាងស៊ូសាន ព្រមទាំងពួកស្ដ្រីជាច្រើនទៀតដែលបានផ្គត់ផ្គង់ដល់ព្រះអង្គ និងពួកសាវកដោយទ្រព្យសម្បត្ដិរបស់ពួកគេ។
4 ពេលបណ្ដាជនច្រើនកុះករ និងពួកអ្នកនៅក្រុងផ្សេងៗប្រមូលផ្ដុំគ្នាមកជួបព្រះអង្គ ព្រះអង្គក៏មានបន្ទូលទៅពួកគេជារឿងប្រៀបប្រដូចថា៖
5 «មានកសិករម្នាក់ចេញទៅព្រោះគ្រាប់ពូជរបស់គាត់ ពេលគាត់ព្រោះ គ្រាប់ពូជខ្លះបានធ្លាក់ទៅលើផ្លូវ ត្រូវគេដើរជាន់ ហើយសត្វលើអាកាសបានមកចឹកស៊ីអស់។
6 ខ្លះទៀតធ្លាក់ទៅលើដីមានថ្ម កាលដុះឡើង នោះក៏ក្រៀមស្វិតទៅ ព្រោះគ្មានសំណើម
7 គ្រាប់ពូជខ្លះទៀតក៏ធ្លាក់ទៅលើដីមានបន្លា ហើយក៏ដុះឡើងជាមួយបន្លាដែលបានរួបរឹតវា។
8 រីឯគ្រាប់ពូជខ្លះទៀតធ្លាក់លើដីល្អ ក៏ដុះឡើងបង្កើតផលបានមួយជាមួយរយ»។ ក្រោយពីបានមានបន្ទូលអំពីសេចក្ដីទាំងនេះហើយ ព្រះអង្គក៏បន្លឺសំឡេងថា៖ «អ្នកណាមានត្រចៀកស្ដាប់ ចូរស្ដាប់ចុះ!»
9 ពួកសិស្សព្រះអង្គបានទូលសួរព្រះអង្គថា៖ «តើរឿងប្រៀបប្រដូចនេះមានន័យដូចម្ដេច?»
10 ព្រះអង្គមានបន្ទូលថា៖ «អាថ៌កំបាំងនៃនគរព្រះជាម្ចាស់ត្រូវបានប្រទានមកឲ្យអ្នករាល់គ្នាយល់ ប៉ុន្ដែសម្រាប់អ្នកដទៃតាមរយៈរឿងប្រៀបប្រដូចវិញ ដើម្បីឲ្យគេមើល ប៉ុន្ដែមិនឃើញ ឲ្យស្ដាប់ ប៉ុន្ដែមិនយល់។
11 រឿងប្រៀបប្រដូចនេះមានន័យដូចតទៅ គ្រាប់ពូជជាព្រះបន្ទូលរបស់ព្រះជាម្ចាស់
12 គ្រាប់ពូជលើផ្លូវជាអស់អ្នកដែលបានឮព្រះបន្ទូល រួចអារក្សសាតាំងក៏មកឆក់យកព្រះបន្ទូលនោះពីចិត្ដរបស់ពួកគេទៅ ដើម្បីកុំឲ្យពួកគេជឿ និងបានសង្គ្រោះឡើយ។
13 គ្រាប់ពូជលើថ្មជាអស់អ្នកដែលនៅពេលបានឮព្រះបន្ទូល ក៏ទទួលយកដោយអំណរ តែអ្នកទាំងនេះគ្មានឫសទេ ពួកគេជឿបានតែមួយរយៈ ហើយនៅពេលមានសេចក្ដីល្បួង ពួកគេក៏បោះបង់ចោល។
14 គ្រាប់ពូជដែលធ្លាក់ក្នុងគុម្ពបន្លា អ្នកទាំងនេះជាអស់អ្នកដែលបានឮព្រះបន្ទូល ប៉ុន្ដែដោយសារតែសេចក្ដីខ្វល់ខ្វាយ ទ្រព្យសម្បត្ដិ ព្រមទាំងតណ្ហានៃជីវិតតាមមករួបរិត នោះមិនបានបង្កើតផលផ្លែដ៏ល្អឡើយ។
15 គ្រាប់ពូជលើដីល្អ អ្នកទាំងនេះជាអស់អ្នកដែលបានឮព្រះបន្ទូល និងបានរក្សាទុកដោយចិត្ដល្អទៀងត្រង់ ហើយបង្កើតផលផ្លែដោយសេចក្ដីអត់ធ្មត់។
16 គ្មានអ្នកណាអុជចង្កៀងហើយយកក្រឡគ្រប ឬដាក់នៅក្រោមគ្រែទេ គឺគេដាក់នៅលើជើងចង្កៀងវិញ ដើម្បីឲ្យពួកអ្នកចូលមកបានមើលឃើញពន្លឺ។
17 ដ្បិតគ្មានការលាក់កំបាំងអ្វីដែលនឹងមិនសំដែងឲ្យឃើញនោះឡើយ ហើយក៏គ្មានអាថ៌កំបាំងអ្វីដែលមិនបានឲ្យគេដឹង និងយកមកបើកចំហដែរ។
18 ដូច្នេះចូរប្រយ័ត្នចំពោះរបៀបដែលអ្នករាល់គ្នាស្ដាប់ ដ្បិតអ្នកណាដែលមាន នឹងបន្ថែមឲ្យ ប៉ុន្ដែអ្នកណាដែលគ្មាន នឹងត្រូវដកយកពីអ្នកនោះវិញ សូម្បីតែអ្វីដែលអ្នកនោះគិតថាមានផង»។
19 ម្ដាយ និងបងប្អូនរបស់ព្រះយេស៊ូបានមកជួបព្រះអង្គ ប៉ុន្ដែពួកគេមិនអាចទៅជិតព្រះអង្គបានទេ ពីព្រោះមនុស្សច្រើនពេក
20 រួចមានគេទូលព្រះអង្គថា៖ «ម្ដាយ និងបងប្អូនរបស់លោកកំពុងឈរនៅខាងក្រៅចង់ជួបលោក»។
21 ប៉ុន្ដែ ព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «អ្នកណាដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រព្រឹត្តតាម អ្នកនោះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ»។
22 នៅថ្ងៃមួយ ព្រះអង្គបានយាងចុះទូកជាមួយពួកសិស្ស និងបានមានបន្ទូលទៅពួកគេថា៖ «ចូរយើងឆ្លងបឹងទៅត្រើយម្ខាង»។ ពួកគេក៏ចេញទូកទៅ។
23 កាលពួកគេកំពុងឆ្លងទូក ព្រះអង្គក៏ផ្ទំលក់ នោះខ្យល់ព្យុះក៏បក់មកលើបឹង ហើយពួកគេស្ទើរតែលិចទៅក្នុងទឹក ព្រមទាំងស្ថិតនៅក្នុងគ្រោះថ្នាក់។
24 ពួកគេបានចូលមកជិតដាស់ព្រះអង្គថា៖ «លោកគ្រូ! លោកគ្រូ! យើងកំពុងតែវិនាសហើយ» ព្រះអង្គក៏ភ្ញាក់ឡើង បន្ទោសខ្យល់ និងទឹករលក ហើយវាក៏ឈប់ រួចក៏ស្ងប់ទៅ។
25 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើជំនឿរបស់អ្នករាល់គ្នានៅឯណា?» ពួកគេក៏នឹកអស្ចារ្យ ទាំងកោតខ្លាច និងនិយាយគ្នាទៅវិញទៅមកថា៖ «ចុះតើលោកនេះជានរណា បានជាសូម្បីតែខ្យល់ និងទឹកស្ដាប់បង្គាប់លោក ពេលលោកបញ្ជា?»
26 ពួកគេក៏ឆ្លងទូកមកដល់តំបន់របស់ពួកគេរ៉ាស៊ីន ដែលនៅទល់មុខស្រុកកាលីឡេ។
27 កាលព្រះអង្គឡើងលើគោក ក៏បានជួបនឹងបុរសម្នាក់មកពីក្រុងនោះ ដែលមានអារក្សចូល និងមិនបានស្លៀកសម្លៀកបំពាក់អ្វីសោះអស់រយៈពេលយូរមកហើយ គាត់មិនបានរស់នៅក្នុងផ្ទះទេ គឺនៅតែតាមផ្នូរខ្មោចប៉ុណ្ណោះ។
28 ពេលឃើញព្រះយេស៊ូ គាត់ក៏ក្រាបនៅពីមុខព្រះអង្គ និងបានស្រែកទូលដោយសំឡេងខ្លាំងៗថា៖ «ឱព្រះយេស៊ូ ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុតអើយ! តើខ្ញុំ និងព្រះអង្គមានរឿងហេតុអ្វីនឹងគ្នា? ខ្ញុំសូមអង្វរព្រះអង្គ កុំធ្វើទារុណកម្មខ្ញុំអី»។
29 ដ្បិតព្រះអង្គបានបង្គាប់វិញ្ញាណអាក្រក់ឲ្យចេញពីបុរសនោះ ព្រោះវាបានសណ្ឋិតក្នុងគាត់ច្រើនលើកហើយ ដូច្នេះទោះបីគេយាមគាត់ទាំងដាក់ខ្នោះជើង និងដាក់ច្រវាក់ក៏ដោយ ក៏គាត់នៅតែផ្ដាច់ចំណងទាំងអស់នោះខ្ទេច ហើយអារក្សបាននាំគាត់ទៅទីរហោឋាន។
30 ព្រះយេស៊ូសួរវាថា៖ «តើឯងឈ្មោះអ្វី?» វាក៏ឆ្លើយថា៖ «កងទ័ព» ព្រោះមានអារក្សច្រើនបានចូលក្នុងគាត់
31 ហើយពួកវាបានអង្វរព្រះអង្គ កុំឲ្យព្រះអង្គបង្គាប់ពួកវាចេញទៅក្នុងរណ្ដៅនរក។
32 នៅទីនោះមានជ្រូកមួយហ្វូងធំកំពុងតែស៊ីចំណីលើភ្នំ ហើយអារក្សក៏អង្វរព្រះអង្គសុំឲ្យព្រះអង្គអនុញ្ញាតឲ្យពួកវាចូលក្នុងជ្រូកទាំងនោះ ព្រះអង្គក៏អនុញ្ញាតឲ្យពួកវា។
33 ពួកអារក្សក៏ចេញពីបុរសនោះចូលក្នុងសត្វជ្រូកទាំងនោះ ហ្វូងជ្រូកក៏បោលតាមច្រាំងចំណោតចូលទៅក្នុងបឹង ហើយលង់ទឹកអស់ទៅ។
34 ពេលពួកអ្នកចិញ្ចឹមជ្រូកបានឃើញហេតុកាណ៍កើតឡើង ក៏រត់គេចខ្លួនអស់ ហើយបានរៀបរាប់រឿងនេះនៅតាមក្រុង និងជនបទនានា
35 ប្រជាជនក៏នាំគ្នាចេញមកមើលហេតុការណ៍ដែលកើតឡើង និងបានមកជួបព្រះយេស៊ូ ក៏ឃើញបុរសដែលពួកអារក្សបានចេញពីគាត់កំពុងនៅទៀបបាទាព្រះយេស៊ូ ទាំងស្លៀកពាក់ និងមានស្មារតីឡើងវិញ ពួកគេក៏មានសេចក្ដីកោតខ្លាត។
36 ពួកអ្នកដែលបានឃើញ ក៏រៀបរាប់ប្រាប់ពួកគេពីរបៀបដែលបុរសមានអារក្សចូលត្រូវបានប្រោសឲ្យជា។
37 អ្នកទាំងអស់ដែលនៅជុំវិញតំបន់របស់ពួកគេរ៉ាស៊ីនបានសុំឲ្យព្រះអង្គចាកចេញពីពួកគេ ព្រោះពួកគេមានសេចក្ដីភ័យខ្លាចជាខ្លាំង ដូច្នេះព្រះអង្គក៏យាងចុះទូកត្រលប់មកវិញ។
38 បុរសដែលពួកអារក្សបានចេញនោះ បានអង្វរសុំនៅជាមួយព្រះអង្គ ប៉ុន្ដែព្រះអង្គបានចាត់គាត់ឲ្យទៅវិញ ដោយមានបន្ទូលថា៖
39 «ចូរត្រលប់ទៅផ្ទះរបស់អ្នកវិញ ហើយរៀបរាប់អំពីការទាំងអស់ដែលព្រះជាម្ចាស់បានធ្វើសម្រាប់អ្នក»។ គាត់ក៏ចេញទៅពាសពេញក្រុងទាំងមូលប្រកាសប្រាប់អំពីការទាំងអស់ដែលព្រះយេស៊ូបានធ្វើសម្រាប់គាត់។
40 ពេលព្រះយេស៊ូត្រលប់មកវិញ មនុស្សច្រើនកុះករបានស្វាគមន៍ព្រះអង្គយ៉ាងរាក់ទាក់ ដ្បិតពួកគេគ្រប់គ្នាបានទន្ទឹងចាំព្រះអង្គ
41 ហើយមើល៍ មានបុរសម្នាក់ឈ្មោះយៃរ៉ូសបានមក ម្នាក់នេះជាប្រធានសាលាប្រជុំ គាត់បានក្រាបនៅទៀបបាទាព្រះយេស៊ូ ទាំងអង្វរសុំឲ្យព្រះអង្គយាងទៅផ្ទះរបស់គាត់
42 ព្រោះកូនស្រីតែមួយរបស់គាត់ដែលមានអាយុប្រហែលដប់ពីរឆ្នាំជិតស្លាប់ហើយ ប៉ុន្ដែពេលព្រះអង្គកំពុងយាងទៅ បណ្ដាជនបានប្រជ្រៀតព្រះអង្គ
43 ហើយមានស្ដ្រីម្នាក់មានជំងឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ (នាងបានចំណាយទ្រព្យសម្បត្តិរបស់នាងទាំងអស់លើពួកគ្រូពេទ្យ) តែគ្មានអ្នកណាម្នាក់អាចព្យាបាលនាងជាឡើយ។
44 កាលបានចូលមកជិតពីខាងក្រោយ នាងបានពាល់រំយោលអាវរបស់ព្រះអង្គ ហើយនាងក៏បានឈប់ធ្លាក់ឈាមភ្លាម។
45 ព្រះយេស៊ូមានបន្ទូលថា៖ «តើនរណាបានពាល់ខ្ញុំ?» ពេលមនុស្សគ្រប់គ្នាកំពុងតែបដិសេធ លោកពេត្រុសក៏ទូលថា៖ «លោកគ្រូអើយ! បណ្ដាជនកំពុងប្រជ្រៀតជុំវិញលោក»
46 ប៉ុន្ដែព្រះយេស៊ូមានបន្ទូលថា៖ «មានអ្នកណាម្នាក់បានពាល់ខ្ញុំ ដ្បិតខ្ញុំដឹងថា អំណាចបានចេញពីខ្ញុំ»។
47 កាលស្ដ្រីនោះដឹងថា នាងលាក់មិនជិត ក៏មកក្រាបទាំងភ័យញ័រនៅពីមុខព្រះអង្គ ហើយនាងរៀបរាប់ប្រាប់នៅចំពោះមុខមនុស្សទាំងអស់អំពីមូលហេតុដែលនាងបានពាល់ព្រះអង្គ និងអំពីរបៀបដែលនាងបានជាភ្លាមៗ
48 រួចព្រះអង្គមានបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយហើយ ចូរទៅដោយសុខសាន្ដចុះ»។
49 ពេលព្រះអង្គកំពុងមានបន្ទូល មានមនុស្សម្នាក់មកពីផ្ទះរបស់ប្រធានសាលាប្រជុំ ប្រាប់លោកយៃរ៉ូសថា៖ «កូនស្រីរបស់លោកស្លាប់ហើយ កុំរំខានលោកគ្រូទៀតអី»
50 ប៉ុន្ដែពេលព្រះយេស៊ូឮ ក៏ឆ្លើយទៅលោកយៃរ៉ូសថា៖ «កុំខ្លាចអី! គ្រាន់តែជឿប៉ុណ្ណោះ នាងនឹងបានជា»។
51 ពេលមកដល់ផ្ទះនោះ ព្រះអង្គមិនបានអនុញ្ញាតឲ្យអ្នកណាចូលទៅខាងក្នុងជាមួយព្រះអង្គទេ លើកលែងតែលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប និងឪពុកម្ដាយក្មេងស្រីនោះប៉ុណ្ណោះ។
52 មនុស្សទាំងអស់កំពុងកាន់ទុក្ខ ទាំងទ្រហោយំ ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ «ឈប់ទ្រហោយំទៀតទៅ ដ្បិតនាងមិនទាន់ស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ»
53 ពួកគេក៏សើចចំអកឲ្យព្រះអង្គ ដោយដឹងថានាងបានស្លាប់ហើយ
54 ប៉ុន្ដែព្រះអង្គបានចាប់ដៃរបស់នាង ទាំងស្រែកហៅថា៖ «នាងតូចអើយ! ក្រោកឡើង»
55 វិញ្ញាណរបស់នាងក៏ត្រលប់មកវិញ ហើយនាងបានក្រោកឈរភ្លាម ព្រះអង្គក៏បង្គាប់ឲ្យផ្ដល់អាហារឲ្យនាងបរិភោគ។
56 ឪពុកម្ដាយរបស់នាងមានការអស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំង ប៉ុន្ដែព្រះអង្គបានបង្គាប់ពួកគេកុំឲ្យប្រាប់អ្នកណាម្នាក់អំពីហេតុការណ៍ដែលបានកើតឡើងនេះ។