1 ពេលនោះព្រះយេស៊ូពេញដោយព្រះវិញ្ញាណបរិសុទ្ធ ក៏ត្រលប់ពីអូរយ័រដាន់មកវិញ ហើយព្រះវិញ្ញាណបាននាំព្រះអង្គទៅឯទីរហោឋាន
2 ដើម្បីឲ្យអារក្សសាតាំងល្បួងសែសិបថ្ងៃ ហើយក្នុងអំឡុងពេលនោះ ព្រះអង្គមិនបានបរិភោគអ្វីសោះ។ កាលរយៈពេលសែសិបថ្ងៃនោះបានចប់សព្វគ្រប់ហើយ ព្រះអង្គក៏ឃ្លាន
3 នោះអារក្សសាតាំងទូលព្រះអង្គថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរបង្គាប់ឲ្យថ្មនេះក្លាយជានំប៉័ងទៅ»
4 ប៉ុន្ដែព្រះយេស៊ូមានបន្ទូលឆ្លើយទៅវាថា៖ «មានសេចក្ដីចែងទុកមកថា មនុស្សមិនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ»
5 អារក្សសាតាំងក៏នាំព្រះអង្គទៅ ហើយបង្ហាញឲ្យព្រះអង្គឃើញនគរទាំងអស់នៅក្នុងពិភពលោកក្នុងមួយរយៈពេលដ៏ខ្លី
6 ហើយអារក្សសាតាំងទូលព្រះអង្គថា៖ «ខ្ញុំនឹងឲ្យសិទ្ធិអំណាច ព្រមទាំងសិរីរុងរឿងនៃនគរទាំងអស់នោះដល់អ្នក ដ្បិតទាំងអស់នោះត្រូវបានប្រគល់មកឲ្យខ្ញុំហើយ ខ្ញុំចង់ឲ្យទៅអ្នកណាក៏បាន
7 ដូច្នេះប្រសិនបើអ្នកថ្វាយបង្គំខ្ញុំ នោះអ្វីៗទាំងអស់នឹងក្លាយជារបស់អ្នកហើយ»។
8 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅវាថា៖ «មានសេចក្ដីចែងទុកមកថា អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយប៉ុណ្ណោះ»
9 អារក្សសាតាំងក៏នាំព្រះអង្គទៅក្រុងយេរូសាឡិម រួចដាក់ព្រះអង្គនៅលើកំពូលព្រះវិហារ ហើយទូលព្រះអង្គថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរទម្លាក់ខ្លួនទៅក្រោមទៅ
10 ដ្បិតមានសេចក្ដីចែងទុកមកថា ព្រះអង្គនឹងបង្គាប់ទេវតារបស់ព្រះអង្គពីដំណើរអ្នកដើម្បីការពារអ្នក
11 ហើយទេវតានឹងទ្រអ្នកនៅលើដៃ ក្រែងលោជើងអ្នកទង្គិចនឹងថ្ម»។
12 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅវាថា៖ «មានសេចក្ដីចែងទុកមកទៀតថា កុំល្បួងព្រះអម្ចាស់ជាព្រះរបស់អ្នកឡើយ»។
13 កាលអារក្សសាតាំងបានបញ្ចប់សេចក្ដីល្បួងទាំងអស់សព្វគ្រប់ហើយ វាក៏ចាកចេញពីព្រះអង្គទៅ លុះត្រាតែមានឱកាសទៀត។
14 ព្រះយេស៊ូយាងត្រលប់ទៅស្រុកកាលីឡេវិញ ប្រកបដោយអំណាចរបស់ព្រះវិញ្ញាណ ហើយដំណឹងអំពីព្រះអង្គបានឮសុសសាយដល់ស្រុកទាំងអស់នៅជុំវិញ។
15 ព្រះអង្គបានបង្រៀននៅក្នុងសាលាប្រជុំរបស់ពួកគេ ទាំងទទួលបានការសរសើរតម្កើងពីពួកគេទាំងអស់គ្នា។
16 បន្ទាប់មក ព្រះអង្គបានយាងទៅក្រុងណាសារ៉ែត ជាកន្លែងដែលព្រះអង្គបានចម្រើនវ័យឡើង ព្រះអង្គបានចូលទៅក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទតាមទម្លាប់របស់ព្រះអង្គ ព្រមទាំងបានក្រោកអានបទគម្ពីរ
17 ហើយគេបានយកអត្ថបទគម្ពីររបស់លោកអេសាយដែលជាអ្នកនាំព្រះបន្ទូលមកប្រគល់ជូនព្រះអង្គ។ កាលបានលាអត្ថបទហើយ ព្រះអង្គរកឃើញកន្លែងមួយដែលចែងថា៖
18 «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានសណ្ឋិតលើខ្ញុំ ពីព្រោះព្រះអង្គបានចាក់ប្រេងតាំងដល់ខ្ញុំដើម្បីប្រកាសដំណឹងល្អដល់ពួកអ្នកក្រ គឺព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសអំពីការដោះលែងដល់ពួកអ្នកជាប់ជាឈ្លើយ និងអំពីការប្រោសឲ្យភ្លឺដល់ពួកមនុស្សខ្វាក់ ហើយឲ្យរំដោះអស់អ្នកដែលត្រូវគេសង្កត់សង្កិនឲ្យមានសេរីភាព
19 ព្រមទាំងប្រកាសពីឆ្នាំនៃសេចក្ដីមេត្ដារបស់ព្រះអម្ចាស់»
20 ហើយព្រះអង្គក៏មូរអត្ថបទគម្ពីរប្រគល់ទៅឲ្យអ្នកថែរក្សាវិញ នោះភ្នែករបស់មនុស្សទាំងអស់ក្នុងសាលាប្រជុំបានសម្លឹងមើលព្រះអង្គគ្រប់ៗគ្នា។
21 ព្រះអង្គក៏ចាប់ផ្ដើមមានបន្ទូលទៅពួកគេថា៖ «ថ្ងៃនេះបទគម្ពីរដែលអ្នករាល់គ្នាបានឮនៅនឹងត្រចៀកបានសម្រេចហើយ»។
22 ពួកគេគ្រប់គ្នាបានសរសើរព្រះអង្គ និងនឹកអស្ចារ្យពីព្រះបន្ទូលប្រកបដោយព្រះគុណដែលបានចេញពីព្រះឱស្ឋរបស់ព្រះអង្គមក ប៉ុន្ដែពួកគេនិយាយគ្នាថា៖ «តើអ្នកនេះមិនមែនជាកូនរបស់យ៉ូសែបទេឬ?»
23 ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «អ្នករាល់គ្នាមុខជានិយាយសុភាសិតនេះប្រាប់ខ្ញុំមិនខានថា គ្រូពេទ្យអើយ! ចូរព្យាបាលខ្លួនឯងចុះ អ្វីៗដែលយើងឮថាបានកើតឡើងនៅក្រុងកាពើណិមនោះ ចូរធ្វើនៅទីនេះជាស្រុករបស់ខ្លួនអ្នកដែរ»។
24 ព្រះអង្គមានបន្ទូលទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនាំព្រះបន្ទូលមិនបានទទួលការស្វាគមន៍នៅក្នុងស្រុកកំណើតរបស់ខ្លួនទេ
25 ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្ដីពិតថា នៅជំនាន់លោកអេលីយ៉ា មានស្ដ្រីមេម៉ាយជាច្រើននៅក្នុងអ៊ីស្រាអែល កាលនោះមេឃរាំងបីឆ្នាំប្រាំមួយខែបណ្ដាលឲ្យមានគ្រោះអត់ឃ្លានជាខ្លាំងនៅលើទឹកដីទាំងមូល
26 ប៉ុន្ដែព្រះជាម្ចាស់មិនបានចាត់លោកអេលីយ៉ាឲ្យទៅឯអ្នកណាម្នាក់ក្នុងចំណោមស្ដ្រីមេម៉ាយទាំងនោះទេ គឺព្រះអង្គបានចាត់លោកឲ្យទៅឯស្ដ្រីមេម៉ាយម្នាក់នៅក្រុងសារិបតានៃស្រុកស៊ីដូនវិញ។
27 ហើយនៅជំនាន់លោកអេលីសេ ជាអ្នកនាំព្រះបន្ទូលមានមនុស្សឃ្លង់ជាច្រើននៅក្នុងអ៊ីស្រាអែល ប៉ុន្ដែក្នុងចំណោមពួកគេ គ្មានអ្នកណាម្នាក់ត្រូវបានប្រោសឲ្យជាស្អាតទេ គឺមានតែលោកណាម៉ាន ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។
28 កាលមនុស្សទាំងអស់ក្នុងសាលាប្រជុំបានឮសេចក្ដីទាំងនេះ ក៏ពោរពេញដោយកំហឹងយ៉ាងខ្លាំង
29 ហើយពួកគេបានក្រោកឡើងបណ្ដេញព្រះអង្គចេញទៅក្រៅក្រុងដែលពួកគេបានសង់នៅលើភ្នំ រួចនាំព្រះអង្គឡើងទៅចម្រេះភ្នំនោះដើម្បីច្រានព្រះអង្គទម្លាក់ចុះ។
30 តែព្រះអង្គបានយាងកាត់កណ្ដាលចំណោមពួកគេចេញទៅ។
31 ព្រះអង្គបានយាងចុះទៅក្រុងកាពើណិម ជាក្រុងមួយនៃស្រុកកាលីឡេ ហើយក៏បង្រៀននៅថ្ងៃសប្ប័ទ។
32 ពួកអ្នកស្ដាប់នឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ព្រោះព្រះបន្ទូលព្រះអង្គប្រកបដោយសិទ្ធិអំណាច។
33 នៅក្នុងសាលាប្រជុំមានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់របស់អារក្សចូល គាត់បានស្រែកដោយសំឡេងខ្លាំងៗថា៖
34 «ព្រះយេស៊ូអ្នកក្រុងណាសារ៉ែតអើយ តើយើង និងព្រះអង្គមានរឿងហេតុអ្វីនឹងគ្នា? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយ ព្រះអង្គជាអង្គបរិសុទ្ធនៃព្រះជាម្ចាស់»។
35 ព្រះយេស៊ូបន្ទោសវាថា៖ «ស្ងៀម ហើយចេញពីបុរសនេះទៅ!» កាលអារក្សផ្ដួលបុរសនោះទៅកណ្ដាលចំណោមហើយ វាក៏ចេញពីគាត់ដោយមិនបានធ្វើឲ្យគាត់ឈឺចាប់ឡើយ។
36 ពួកគេគ្រប់គ្នាមានសេចក្ដីកោតស្ញប់ស្ញែង ក៏និយាយគ្នាថា៖ «តើពាក្យសំដីនេះជាអ្វី បានជាលោកបញ្ជាពួកវិញ្ញាណអាក្រក់ដោយសិទ្ធិអំណាច និងឫទ្ធានុភាព ហើយពួកវាក៏ចេញមកដូច្នេះ?»
37 ដំណឹងអំពីព្រះអង្គលេចឮគ្រប់ទីកន្លែងនៅស្រុកជុំវិញ។
38 កាលបានក្រោកឡើងចេញពីសាលាប្រជុំ ព្រះអង្គក៏ចូលទៅក្នុងផ្ទះរបស់លោកស៊ីម៉ូន។ ម្ដាយក្មេករបស់លោកស៊ីម៉ូនកំពុងមានជំងឺគ្រុនជាខ្លាំង ពួកគេក៏អង្វរព្រះអង្គឲ្យប្រោសគាត់។
39 ព្រះអង្គក៏ឈរជិតគាត់ស្ដីបន្ទោសដល់ជំងឺគ្រុន នោះជំងឺគ្រុនក៏បាត់ទៅ ហើយភ្លាមនោះគាត់ក្រោកឡើងបម្រើពួកគេ។
40 នៅពេលថ្ងៃលិច អស់អ្នកដែលមានបងប្អូនមានជំងឺរោគាផ្សេងៗបាននាំពួកអ្នកជំងឺទាំងនោះមកឯព្រះអង្គ ហើយព្រះអង្គបានប្រោសពួកអ្នកជំងឺឲ្យជាសះស្បើយដោយដាក់ព្រះហស្ដលើពួកគេម្នាក់ម្ដងៗ។
41 ពួកអារក្សបានចេញពីមនុស្សជាច្រើន ទាំងស្រែកថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់» ប៉ុន្ដែព្រះអង្គបានស្ដីបន្ទោសពួកវា មិនអនុញ្ញាតឲ្យពួកវានិយាយទេ ពីព្រោះពួកវាស្គាល់ថាព្រះអង្គជាព្រះគ្រិស្ដ។
42 លុះព្រឹកឡើង ព្រះអង្គក៏ចេញទៅកន្លែងស្ងាត់មួយ ហើយបណ្ដាជនបានតាមរកព្រះអង្គ កាលពួកគេបានមកជួបព្រះអង្គហើយ ក៏ឃាត់ព្រះអង្គមិនឲ្យចាកចេញពីពួកគេ។
43 ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ជាការចាំបាច់ណាស់សម្រាប់ខ្ញុំដែលត្រូវប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់ដល់ក្រុងដទៃទៀតដែរ ដ្បិតព្រះជាម្ចាស់បានចាត់ឲ្យខ្ញុំមកដើម្បីការនេះឯង»
44 ព្រះអង្គក៏ប្រកាសនៅក្នុងសាលាប្រជុំនានារបស់ជនជាតិយូដា។