លូកា 13 KCB

1 ក្នុង​ពេល​តែ​មួយ​នោះ​ មាន​អ្នក​ខ្លះ​បាន​មក​រៀប​រាប់​ប្រាប់​ព្រះយេស៊ូ​អំពី​ពួក​អ្នក​ស្រុក​កាលីឡេ​ដែល​ត្រូវ​លោក​ពីឡាត់​លាយ​ឈាម​របស់​ពួកគេ​ជាមួយ​យញ្ញ​បូជា​របស់​ពួកគេ​

2 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​គិត​ថា​ អ្នក​ស្រុក​កាលីឡេ​ទាំង​នេះ​ជា​មនុស្ស​បាប​លើស​ពួក​អ្នក​ស្រុក​កាលីឡេ​ទាំង​អស់​ ដោយ​ព្រោះ​តែ​ពួកគេ​រងទុក្ខ​វេទនា​យ៉ាង​ដូច្នេះ​ឬ?​

3 មិន​មែន​ទេ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ដរាប​ណា​អ្នក​រាល់គ្នា​មិន​ប្រែ​ចិត្ដ​ទេ​ នោះ​អ្នក​រាល់គ្នា​នឹង​វិនាស​ដូច្នោះ​ដែរ​

4 ឬ​មួយ​អ្នក​រាល់គ្នា​គិត​ថា​ មនុស្ស​ដប់​ប្រាំ​បី​នាក់​ដែល​ប៉ម​ស៊ីឡោម​បាន​រលំ​សង្កត់​ស្លាប់​ទាំង​នោះ​ជា​មនុស្ស​បាប​លើស​មនុស្ស​ទាំង​អស់​ ដែល​រស់​នៅ​ក្រុង​យេរូសាឡិម​ឬ?​

5 មិន​មែន​ទេ​ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ដរាប​ណា​អ្នក​រាល់គ្នា​មិន​ប្រែ​ចិត្ដ​ទេ​ នោះ​អ្នក​រាល់គ្នា​នឹង​វិនាស​ដូច្នោះ​ដែរ»។​

6 រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​រឿង​ប្រៀប​ប្រដូច​នេះ​ថា៖​ «មាន​បុរស​ម្នាក់​មាន​ដើម​ល្វា​មួយ​ដើម​ដែល​បាន​ដាំ​ក្នុង​ចម្ការ​របស់​គាត់ ហើយ​គាត់​បាន​មក​រក​ផ្លែ​នៅ​លើ​ដើម​នោះ​ ប៉ុន្ដែ​មិន​បាន​ឃើញ​អ្វី​សោះ​

7 គាត់​ក៏​ប្រាប់​ទៅ​អ្នក​ថែ​ចម្ការ​ថា​ មើល៍​ បី​ឆ្នាំ​មក​ហើយ​ដែល​ខ្ញុំ​បាន​មក​រក​ផ្លែ​ពី​ដើម​ល្វា​នេះ​ ប៉ុន្ដែ​មិន​បាន​ឃើញ​អ្វី​សោះ​ ចូរ​កាប់​ចោល​ទៅ​ ហេតុអ្វី​ទុក​ឲ្យ​នៅ​ខាត​ដី​ដូច្នេះ?

8 ប៉ុន្ដែ​អ្នក​នោះ​និយាយ​តប​ទៅ​គាត់​ថា​ លោក​ម្ចាស់​ ទុក​វា​មួយ​ឆ្នាំ​នេះ​សិន​ទៅ​ ចាំ​ខ្ញុំ​ជ្រួយ​ដី​ជុំ​វិញ​ ហើយ​ដាក់​ជី​មើល៍​

9 ក្រែងលោ​ឆ្នាំ​ក្រោយ​មាន​ផ្លែ​ ប៉ុន្ដែ​បើ​គ្មាន​ទេ​សឹម​កាប់​វា​ចោល​ចុះ»។​

10 នៅ​ថ្ងៃ​សប្ប័ទ​មួយ​ កាល​ព្រះអង្គ​កំពុង​បង្រៀន​ក្នុង​សាលា​ប្រជុំ​

11 មើល៍​ មាន​ស្ដ្រី​ម្នាក់​មាន​វិញ្ញាណ​នៃ​ជំងឺ​បាន​ចូល​អស់​រយៈពេល​ដប់​ប្រាំ​បី​ឆ្នាំ​ ធ្វើ​ឲ្យ​គាត់​កោង​ខ្នង​មិន​អាច​ងើប​ត្រង់​បាន​ទាល់​តែ​សោះ។​

12 ពេល​ព្រះយេស៊ូ​ឃើញ​ ក៏​ហៅ​គាត់​ រួច​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «នាង​អើយ!​ អ្នក​ត្រូវ​បាន​ដោះ​ឲ្យ​រួច​ពី​ជំងឺ​របស់​អ្នក​ហើយ»​

13 ព្រះអង្គ​ក៏​ដាក់​ព្រះហស្ដ​លើ​គាត់​ ហើយ​គាត់​ក៏​បាន​ងើប​ត្រង់​ឡើង​ភ្លាម​ ព្រមទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់។​

14 ប៉ុន្ដែ​ព្រោះតែ​ព្រះយេស៊ូ​បាន​ប្រោស​គាត់​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ​ ប្រធាន​សាលា​ប្រជុំ​បាន​និយាយ​ទៅ​បណ្ដាជន​ទាំង​មិន​សប្បាយ​ថា៖​ «មាន​ប្រាំ​មួយ​ថ្ងៃ​ដែល​ត្រូវ​ធ្វើការ​ ដូច្នេះ​ចូរ​មក​នៅ​ថ្ងៃ​ទាំង​នោះ​ចុះ​ដើម្បី​ឲ្យ​គេ​ប្រោស​ឲ្យ​ជា​ កុំ​មក​នៅ​ថ្ងៃ​សប្ប័ទ​ឡើយ»​

15 ព្រះអម្ចាស់​ក៏​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ពួក​មនុស្ស​មាន​ពុត​អើយ!​ តើ​អ្នក​រាល់គ្នា​ម្នាក់ៗ​មិន​ស្រាយ​គោ​ ឬ​លា​ចេញពី​ក្រោល​ ហើយ​ដឹក​វា​ទៅ​ផឹក​ទឹក​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ?​

16 ឯ​ស្ដ្រី​នេះ​វិញ​ ជា​កូន​ចៅ​របស់​លោក​អ័ប្រាហាំ​ដែល​អារក្ស​សាតាំង​បាន​ចង​អស់​រយៈពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ​ តើ​មិន​គួរ​ស្រាយ​នាង​ឲ្យ​រួច​ពី​ចំណង​នេះ​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ?»​

17 ពេល​ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ ពួក​អ្នក​ប្រឆាំង​នឹង​ព្រះអង្គ​ទាំង​អស់​ក៏​អាម៉ាស់​មុខ​ ប៉ុន្ដែ​បណ្ដាជន​ទាំង​អស់​វិញ​ មាន​ចិត្ដ​អរ​សប្បាយ​នឹង​កិច្ចការ​ដ៏​ប្រសើរ​ទាំងឡាយ​ដែល​ព្រះអង្គ​បាន​ធ្វើ។​

18 ព្រះអង្គ​ក៏​មាន​បន្ទូល​ដូច្នេះ​ថា៖​ «តើ​នគរ​ព្រះជាម្ចាស់​ប្រៀប​ដូចជា​អ្វី​ ហើយ​ខ្ញុំ​គួរ​ប្រៀប​ធៀប​នគរ​នោះ​ទៅ​នឹង​អ្វី?​

19 គឺ​ប្រៀប​ដូចជា​គ្រាប់​មូតា​មួយ​គ្រាប់​ដែល​មនុស្ស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​សួន​ដំណាំ​របស់​គាត់​ ពេល​វា​ដុះ​ធំ​ឡើង​ ក៏​ត្រលប់​ជា​ដើម​ឈើ​មួយ​ដើម​ ហើយ​សត្វ​ស្លាប​ហើរ​លើ​អាកាស​បាន​រស់​នៅ​តាម​មែក​របស់​វា»​

20 រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៀត​ថា៖​ «តើ​ខ្ញុំ​គួរ​ប្រៀប​ធៀប​នគរ​ព្រះជាម្ចាស់​ទៅ​នឹង​អ្វី?​

21 គឺ​ប្រៀប​ដូចជា​មេ​នំប៉័ង​ដែល​ស្ដ្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​បី​រង្វាល់​រហូត​ដល់​មេ​នំប៉័ង​នោះ​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង»។​

22 ព្រះអង្គ​ក៏​ធ្វើ​ដំណើរ​ទាំង​បង្រៀន​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ហើយ​ក៏​បន្ដ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​

23 រួច​មាន​ម្នាក់​ទូលសួរ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​អ្នក​ដែល​បាន​សង្គ្រោះ​មាន​តិច​ណាស់​ឬ?»​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​

24 «ចូរ​ប្រឹងប្រែង​ចូល​តាម​ទ្វារ​ចង្អៀត​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ មាន​មនុស្ស​ជាច្រើន​ចង់​ចូល​ ប៉ុន្ដែ​ពួកគេ​មិន​អាច​ចូល​បាន​ឡើយ​

25 ព្រោះ​ក្រោយ​ពេល​ម្ចាស់​ដំណាក់​ក្រោកឡើង​បិទ​ទ្វារ​ហើយ​ ទោះ​ជា​អ្នក​រាល់គ្នា​ឈរ​នៅ​ខាង​ក្រៅ​ និង​ចាប់​ផ្ដើម​គោះ​ទ្វារ​ទាំង​និយាយ​ថា​ លោក​ម្ចាស់​អើយ!​ សូម​បើក​ទ្វារ​ឲ្យ​យើង​ផង​ នោះ​គាត់​នឹង​ឆ្លើយ​តប​វិញ​ថា​ អ្នក​រាល់គ្នា​មក​ពី​ណា​ ខ្ញុំ​មិន​ស្គាល់​អ្នក​រាល់គ្នា​ទេ​

26 ហើយ​អ្នក​រាល់គ្នា​ក៏​ចាប់​ផ្ដើម​និយាយ​ថា​ យើង​ធ្លាប់​បរិភោគ​ជាមួយ​ព្រះអង្គ​ ហើយ​ព្រះអង្គ​ធ្លាប់​បង្រៀន​នៅ​តាម​ផ្លូវ​របស់​យើង។​

27 គាត់​ក៏​ឆ្លើយ​ប្រាប់​អ្នក​រាល់គ្នា​ថា អ្នក​រាល់គ្នា​មក​ពី​ណា​ ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់គ្នា​ទេ​ ឱ​ ពួក​អ្នក​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត​ទាំងឡាយ​អើយ​ ចូរ​ទៅ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​

28 នៅ​ទីនោះ​មាន​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ​ ហើយ​នៅ​ពេល​នោះ​ អ្នក​រាល់គ្នា​នឹង​ឃើញ​លោក​អ័ប្រាហាំ​ លោក​អ៊ីសាក​ លោក​យ៉ាកុប​ និង​អ្នក​នាំ​ព្រះបន្ទូល​ទាំង​អស់​នៅ​ក្នុង​នគរ​ព្រះជាម្ចាស់​ ឯ​អ្នក​រាល់គ្នា​វិញ​ត្រូវ​គេ​បោះ​ទៅ​ខាង​ក្រៅ​

29 ដ្បិត​អ្នក​ទាំង​នោះ​នឹង​មក​ពី​ទិស​ខាង​កើត​ ខាង​លិច​ ខាង​ជើង​ និង​ខាង​ត្បូង​ ហើយ​អង្គុយ​នៅ​តុ​អាហារ​ក្នុង​នគរ​ព្រះជាម្ចាស់​

30 ហើយ​មើល៍​ ពួក​អ្នក​នៅ​ក្រោយ​នឹង​ត្រលប់​ជា​នៅ​មុខ​ ហើយ​ពួក​អ្នក​នៅ​មុខ​នឹង​ត្រលប់​ជា​នៅ​ក្រោយ​វិញ»​

31 នៅ​ពេល​ជាមួយ​គ្នា​នោះ​ អ្នក​ខាង​គណៈ​ផារិ​ស៊ី​ខ្លះ​បាន​ចូល​មក​ជិត​ ទូល​ព្រះអង្គ​ថា៖​ «សូម​លោក​ចាក​ចេញ​ពី​ទីនេះ​ទៅ​ ដ្បិត​ស្ដេច​ហេរ៉ូឌ​ចង់​សម្លាប់​លោក»។​

32 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ទៅ​ប្រាប់​កញ្ជ្រោង​នោះ​ថា​ មើល៍​ ខ្ញុំ​បណ្ដេញ​អារក្ស​ ទាំង​ប្រោស​មនុស្ស​ឲ្យ​ជា​នៅ​ថ្ងៃ​នេះ​ និង​ថ្ងៃ​ស្អែក​ ហើយ​ខ្ញុំ​នឹង​បាន​សម្រេច​នៅ​ថ្ងៃ​ទី​បី​

33 ដូច្នេះ​ហើយ​សម្រាប់​ខ្ញុំ​ ខ្ញុំ​ត្រូវ​បន្ដ​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​នេះ​ ថ្ងៃ​ស្អែក​ និង​ថ្ងៃ​ខាន​ស្អែក​ ពីព្រោះ​មិន​អាច​ឲ្យ​អ្នក​នាំ​ព្រះបន្ទូល​ណា​ម្នាក់​ស្លាប់​នៅ​ក្រៅ​ក្រុង​យេរូសាឡិម​ទេ។​

34 ឱ​ ក្រុង​យេរូសាឡិម ក្រុង​យេរូសាឡិម​ដែល​បាន​សម្លាប់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ ហើយ​បាន​គប់​ដុំ​ថ្ម​ទៅ​លើ​ពួក​អ្នក​ដែល​បាន​ចាត់​ឲ្យ​មក​ឯ​អ្នក​អើយ!​ ខ្ញុំ​ចង់​ប្រមូល​កូន​ចៅ​របស់​អ្នក​ប៉ុន្មាន​ដង​មក​ហើយ​ គឺ​ដូចជា​មេ​មាន់​ប្រមូល​កូន​របស់​វា​មក​ក្រុង​នៅ​ក្រោម​ស្លាប​ ប៉ុន្ដែ​អ្នក​មិន​ចង់​ទេ​

35 មើល៍​ ផ្ទះ​របស់​អ្នក​រាល់គ្នា​ត្រូវ​បាន​ទុក​ចោល​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នក​រាល់គ្នា​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ​ រហូត​ដល់​ពេល​មួយ​ដែល​អ្នក​រាល់គ្នា​និយាយ​ថា​ សូម​ថ្វាយ​ព្រះពរ​ដល់​ព្រះអង្គ​ដែល​យាង​មក​ក្នុង​នាម​ព្រះអម្ចាស់»។​

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24