1 មានមនុស្សជាច្រើនបានព្យាយាមចងក្រងរឿងរ៉ាវអំពីហេតុការណ៍ទាំងឡាយដែលបានសម្រេចនៅក្នុងចំណោមយើង
2 គឺទៅតាមអស់អ្នកជាសាក្សីផ្ទាល់ភ្នែកតាំងពីដំបូង និងបានត្រលប់ជាអ្នកបម្រើព្រះបន្ទូលដែលបានប្រគល់ឲ្យយើង
3 ដូច្នេះលោកថេវភីលជាទីគោរពដ៏ខ្ពង់ខ្ពស់អើយ! កាលដែលខ្ញុំសាកសួរសព្វគ្រប់យ៉ាងហ្មត់ចត់តាំងពីដំបូងមក នោះក៏យល់ឃើញថាជាការប្រសើរសម្រាប់ខ្ញុំដែរ ដែលសរសេរតាមលំដាប់លំដោយជូនដល់លោក
4 ដើម្បីឲ្យលោកដឹងថា សេចក្ដីទាំងឡាយដែលលោកបានរៀនមកនោះ ជាការពិតប្រាកដ។
5 នៅសម័យស្ដេចហេរ៉ូឌ ជាស្ដេចស្រុកយូដា មានសង្ឃម្នាក់ក្នុងក្រុមសង្ឃអ័ប៊ីយ៉ា ឈ្មោះសាការី មានប្រពន្ធម្នាក់ឈ្មោះអេលីសាបិត ជាពូជពង្សរបស់លោកអើរ៉ុន
6 ពួកគេទាំងពីរនាក់សុចរិតនៅចំពោះព្រះជាម្ចាស់ ដោយដើរតាមបញ្ញត្ដិ និងច្បាប់ទាំងឡាយរបស់ព្រះអម្ចាស់ឥតបន្ទោសបានឡើយ
7 ប៉ុន្ដែពួកគេគ្មានកូនសោះ ព្រោះអេលីសាបិតជាស្ដ្រីអារ ហើយអ្នកទាំងពីរក៏មានវ័យចាស់ជរាដែរ។
8 ថ្ងៃមួយជាវេនក្រុមរបស់គាត់ ហើយគាត់ត្រូវបំពេញតួនាទីជាសង្ឃនៅចំពោះព្រះជាម្ចាស់
9 ព្រោះគាត់ត្រូវបានគេចាប់ឆ្នោតជ្រើសរើសទៅតាមទំនៀមទម្លាប់សង្ឃដើម្បីចូលដុតគ្រឿងក្រអូបក្នុងព្រះវិហាររបស់ព្រះអម្ចាស់។
10 នៅពេលកំពុងថ្វាយគ្រឿងក្រអូប និងប្រជាជនច្រើនកុះករបានអធិស្ឋានទាំងអស់គ្នានៅខាងក្រៅ
11 នោះមានទេវតារបស់ព្រះអម្ចាស់មួយរូបបានលេចមកឲ្យគាត់ឃើញ ដោយឈរនៅខាងស្ដាំកន្លែងថ្វាយតង្វាយគ្រឿងក្រអូប។
12 កាលលោកសាការីឃើញ គាត់ក៏តក់ស្លុត ហើយមានសេចក្ដីភ័យខ្លាច
13 ប៉ុន្ដែទេវតានោះបាននិយាយទៅគាត់ថា៖ «សាការីអើយ! កុំខ្លាចអីដ្បិតព្រះជាម្ចាស់បានស្ដាប់ឮសេចក្ដីអធិស្ឋានទូលសូមរបស់អ្នកហើយ រីឯអេលីសាបិតជាប្រពន្ធរបស់អ្នកនឹងបង្កើតកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកនឹងដាក់ឈ្មោះកូននោះថាយ៉ូហាន។
14 កូននោះនឹងក្លាយជាអំណរ និងជាសេចក្ដីរីករាយដល់អ្នក ឯមនុស្សជាច្រើននឹងត្រេកអរចំពោះកំណើតរបស់កូននោះ
15 ដ្បិតកូននោះនឹងត្រលប់ជាមនុស្សដ៏អស្ចារ្យនៅចំពោះព្រះអម្ចាស់ កូននោះនឹងមិនផឹកស្រាទំពាំងបាយជូរ និងគ្រឿងស្រវឹងឡើយ ហើយបានពេញដោយព្រះវិញ្ញាណបរិសុទ្ធតាំងពីនៅក្នុងផ្ទៃម្ដាយមក។
16 កូននោះនឹងនាំកូនចៅអ៊ីស្រាអែលជាច្រើនឲ្យត្រលប់មកឯព្រះអម្ចាស់ជាព្រះរបស់ពួកគេវិញ
17 ដ្បិតកូននោះនឹងទៅមុខមុនព្រះអង្គដោយវិញ្ញាណ និងអំណាចរបស់លោកអេលីយ៉ា ដើម្បីបង្វែរចិត្ដឪពុកមកឯកូន និងពួកមនុស្សមិនស្ដាប់បង្គាប់មកឯប្រាជ្ញារបស់មនុស្សសុចរិតដើម្បីរៀបចំប្រជារាស្ដ្រមួយជាស្រេចសម្រាប់ព្រះអម្ចាស់»។
18 លោកសាការីសួរទៅទេវតាថា៖ «តើឲ្យខ្ញុំដឹងអំពីសេចក្ដីនេះយ៉ាងដូចម្ដេចបាន? ព្រោះខ្ញុំជាមនុស្សចាស់ ឯប្រពន្ធរបស់ខ្ញុំក៏មានវ័យចាស់ជរាដែរ»
19 ទេវតាឆ្លើយទៅគាត់ថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ជាអ្នកឈរនៅក្នុងព្រះវត្ដមានព្រះជាម្ចាស់ ហើយព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសសេចក្ដីទាំងនេះប្រាប់អ្នក។
20 មើល៍ អ្នកនឹងគ ហើយមិនអាចនិយាយបានទេរហូតដល់ថ្ងៃដែលសេចក្ដីទាំងនេះកើតឡើង ព្រោះអ្នកមិនជឿពាក្យសំដីរបស់ខ្ញុំដែលនឹងសម្រេចតាមពេលកំណត់»។
21 រីឯប្រជាជនដែលកំពុងទន្ទឹងមើលលោកសាការី ពួកគេឆ្ងល់ចំពោះការដែលគាត់យឺតយូរនៅក្នុងព្រះវិហារ
22 ហើយកាលគាត់ចេញមក គាត់មិនអាចនិយាយទៅពួកគេបានសោះ ដូច្នេះពួកគេដឹងច្បាស់ថា គាត់បានឃើញការជាក់ស្ដែងមួយនៅក្នុងព្រះវិហារ ហើយគាត់ធ្វើបានតែសញ្ញាទៅពួកគេប៉ុណ្ណោះ ប៉ុន្ដែគាត់នៅតែគដដែល។
23 លុះក្រោយពេលបានបំពេញកិច្ចការទាំងប៉ុន្មានថ្ងៃរបស់គាត់ចប់សព្វគ្រប់ហើយ គាត់ក៏ត្រលប់ទៅផ្ទះវិញ
24 ហើយប៉ុន្មានថ្ងៃក្រោយមក អេលីសាបិតជាប្រពន្ធរបស់គាត់ក៏មានផ្ទៃពោះ និងបានលាក់ខ្លួនអស់ប្រាំខែដោយនិយាយថា៖
25 «ព្រះអម្ចាស់បានធ្វើចំពោះខ្ញុំយ៉ាងដូច្នេះក្នុងគ្រាដែលព្រះអង្គបានទតដោយសន្ដោសដកយកសេចក្តីអាម៉ាស់របស់ខ្ញុំចេញពីក្នុងចំណោមមនុស្ស»។
26 ដល់ខែទីប្រាំមួយ ព្រះជាម្ចាស់បានចាត់ទេវតាកាពី្រយ៉ែលឲ្យទៅក្រុងមួយក្នុងស្រុកកាលីឡេដែលមានឈ្មោះថា ណាសារ៉ែត
27 គឺទៅឯស្ដ្រីព្រហ្មចារីម្នាក់ ដែលបានភ្ជាប់ពាក្យនឹងបុរសម្នាក់ឈ្មោះយ៉ូសែប ជាពូជពង្សស្ដេចដាវីឌ ហើយស្ដ្រីព្រហ្មចារីនោះឈ្មោះម៉ារា។
28 កាលបានចូលមកជិតនាងហើយ ទេវតាក៏និយាយថា៖ «ចូរអរសប្បាយឡើង ឱនាងដ៏ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ព្រះអង្គគង់ជាមួយនាងហើយ»។
29 នាងរារែកយ៉ាងខ្លាំងចំពោះពាក្យសំដីនេះ និងបានរិះគិតអំពីពាក្យជម្រាបសួរនេះថា តើមានន័យដូចម្ដេច។
30 ប៉ុន្ដែទេវតានិយាយទៅនាងថា៖ «ម៉ារាអើយ! កុំខ្លាចអី ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងនាងណាស់
31 មើល៍ នាងនឹងមានគភ៌ រួចសម្រាលបានកូនប្រុសម្នាក់ ហើយនាងនឹងដាក់ឈ្មោះកូននោះថាយេស៊ូ
32 កូននោះនឹងត្រលប់ជាអ្នកដ៏អស្ចារ្យ ហើយគេនឹងហៅកូននោះថា ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ឯព្រះអម្ចាស់ដ៏ជាព្រះនឹងប្រទានបល្ល័ង្ករបស់ស្ដេចដាវីឌដែលជាដូនតាឲ្យទៅព្រះអង្គ
33 រួចព្រះអង្គនឹងគ្រប់គ្រងលើពូជពង្សរបស់លោកយ៉ាកុបអស់កល្បជានិច្ច ហើយនគររបស់ព្រះអង្គគ្មានទីបញ្ចប់ឡើយ»។
34 ប៉ុន្ដែនាងម៉ារាសួរទៅទេវតាថា៖ «តើការនេះនឹងបានសម្រេចយ៉ាងដូចម្ដេច បើខ្ញុំមិនទាន់ស្គាល់ប្រុសណាផង?»
35 ទេវតាឆ្លើយតបទៅនាងថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយអំណាចនៃព្រះដ៏ខ្ពស់បំផុតនឹងគ្របបាំងនាងដោយស្រមោល។ ដូច្នេះគេនឹងហៅបុត្រតូចដ៏បរិសុទ្ធដែលនឹងកើតមកនោះថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់
36 ហើយមើល៍! នាងអេលីសាបិតសាច់ញាតិរបស់នាងក៏មានគភ៌ជាកូនប្រុសម្នាក់ដែរ ក្នុងវ័យចាស់ជរា និងក្នុងកាលដែលគេហៅថាស្ត្រីអារ នាងមានផ្ទៃពោះប្រាំមួយខែហើយ
37 ដ្បិតគ្មានអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។
38 នាងម៉ារាក៏និយាយទៅទេវតាថា៖ «មើល៍ នាងខ្ញុំជាបាវបម្រើរបស់ព្រះអម្ចាស់ សូមឲ្យសម្រេចដល់ខ្ញុំតាមពាក្យសំដីរបស់លោកចុះ!» រួចទេវតាក៏ចាកចេញពីនាងទៅ។
39 នៅគ្រានោះ នាងម៉ារាក៏ក្រោកឡើងធ្វើដំណើរទៅតំបន់ភ្នំដោយប្រញាប់ប្រញាល់សំដៅទៅក្រុងមួយក្នុងស្រុកយូដា
40 រួចនាងក៏ចូលទៅក្នុងផ្ទះរបស់លោកសាការី ហើយបានជម្រាបសួរនាងអេលីសាបិត។
41 ពេលនាងអេលីសាបិតបានឮពាក្យជម្រាបសួររបស់នាងម៉ារា ទារកនៅក្នុងផ្ទៃរបស់នាងក៏បំរះឡើង ឯនាងអេលីសាបិតបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ
42 រួចនាងក៏ស្រែកដោយសំឡេងខ្លាំងៗថា៖ «អ្នកមានពរណាស់ក្នុងចំណោមពួកស្ដ្រី ឯកូនក្នុងផ្ទៃរបស់អ្នកគឺជាព្រះពរហើយ
43 តើនេះកើតឡើងចំពោះខ្ញុំយ៉ាងដូចម្ដេចហ្ន៎ បានជាមាតារបស់ព្រះអម្ចាស់នៃខ្ញុំមកឯខ្ញុំដូច្នេះ?
44 ព្រោះមើល៍ ពេលសំឡេងជម្រាបសួររបស់អ្នកបានឮដល់ត្រចៀកខ្ញុំ ទារកក្នុងផ្ទៃរបស់ខ្ញុំបានបំរះដោយអំណរ
45 ស្ដ្រីណាដែលជឿថា សេចក្ដីដែលព្រះអម្ចាស់បានមានបន្ទូលនឹងសម្រេចពិតប្រាកដមែន នោះមានពរហើយ»។
46 រួចនាងម៉ារាតបថា៖ «ព្រលឹងខ្ញុំលើកតម្កើងព្រះអម្ចាស់
47 ហើយវិញ្ញាណខ្ញុំសប្បាយរីករាយខ្លាំងណាស់នឹងព្រះជាម្ចាស់ជាព្រះអង្គសង្គ្រោះនៃខ្ញុំ
48 ដ្បិតព្រះអង្គបានទតសន្ដោសដល់ភាពទន់ទាបនៃបាវបម្រើរបស់ព្រះអង្គ។ មើល៍ ចាប់ពីពេលនេះតទៅ មនុស្សគ្រប់ជំនាន់នឹងរាប់ខ្ញុំថាជាអ្នកមានពរ
49 ព្រោះព្រះដ៏មានអំណាចបានធ្វើការអស្ចារ្យដល់ខ្ញុំ ហើយព្រះនាមព្រះអង្គក៏បរិសុទ្ធ
50 សេចក្ដីមេត្ដាករុណារបស់ព្រះអង្គមានដល់អស់អ្នកដែលកោតខ្លាចព្រះអង្គរហូតតរៀងទៅ
51 ព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យដោយព្រះហស្ដរបស់ព្រះអង្គ ហើយកំចាត់កំចាយអំនួតចេញពីក្នុងចិត្ដគំនិតរបស់មនុស្ស
52 ព្រះអង្គទម្លាក់ស្ដេចពីបល្ល័ង្ករបស់គេ ហើយលើកតម្កើងអ្នកទន់ទាប
53 ហើយបំពេញអស់អ្នកស្រេកឃ្លានដោយសេចក្ដីល្អ និងបញ្ចូនអ្នកមានឲ្យទៅដោយដៃទទេ
54 ដោយនឹកចាំពីសេចក្ដីមេត្តាករុណា ព្រះអង្គជួយអ៊ីស្រាអែលជាបាវបម្រើរបស់ព្រះអង្គ
55 ដូចដែលព្រះអង្គបានមានបន្ទូលនឹងដូនតារបស់យើង គឺលោកអ័ប្រាហាំ និងពូជពង្សរបស់គាត់រហូតតរៀងមក»។
56 នាងម៉ារាបានស្នាក់នៅជាមួយនាងអេលីសាបិតប្រហែលបីខែ ហើយក៏ត្រលប់ទៅផ្ទះរបស់នាងវិញ។
57 កាលនាងអេលីសាបិតគ្រប់ខែសម្រាលកូន នាងក៏សម្រាលបានកូនប្រុសម្នាក់។
58 ពេលអ្នកជិតខាង និងសាច់ញាតិរបស់នាងបានឮថា ព្រះអម្ចាស់បានសំដែងសេចក្ដីមេត្ដាករុណាដ៏សម្បើមដល់នាង ពួកគេក៏អរសប្បាយជាមួយនាង។
59 លុះដល់ថ្ងៃទីប្រាំបី ពួកគេបានមកដើម្បីធ្វើពិធីកាត់ស្បែកឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា សាការី តាមឈ្មោះរបស់ឪពុក
60 ប៉ុន្ដែម្ដាយរបស់ទារកនោះឆ្លើយថា៖ «ទេ ត្រូវដាក់ឈ្មោះថាយ៉ូហានវិញ»។
61 ពួកគេនិយាយទៅនាងថា៖ «គ្មានអ្នកណាម្នាក់ក្នុងចំណោមសាច់ញាតិអ្នកមានឈ្មោះហ្នឹងទេ»
62 ហើយពួកគេធ្វើសញ្ញាសួរទៅឪពុករបស់ទារកនោះថា តើគាត់ចង់ដាក់ឈ្មោះអ្វី។
63 គាត់ក៏សុំក្ដារឆ្នួនមួយ ហើយសរសេរថា ឈ្មោះរបស់ទារកនេះគឺ យ៉ូហាន។ គេគ្រប់គ្នាក៏នឹកអស្ចារ្យ។
64 រំពេចនោះមាត់ និងអណ្ដាតរបស់គាត់បានហើបឡើង គាត់ក៏ពោលសរសើរតម្កើងព្រះជាម្ចាស់
65 ហើយអ្នកទាំងឡាយដែលរស់នៅជុំវិញ មានសេចក្ដីរន្ធត់ជាខ្លាំង ពួកគេបាននិយាយគ្នាអំពីហេតុការណ៍ទាំងអស់នេះនៅក្នុងតំបន់ភ្នំនៃស្រុកយូដាទាំងមូល។
66 អស់អ្នកដែលបានឮ ក៏រក្សាទុកក្នុងចិត្ដទាំងនិយាយគ្នាថា៖ «ដូច្នេះ តើទារកនេះនឹងត្រលប់ជាអ្វី? ដ្បិតព្រះហស្ដរបស់ព្រះអម្ចាស់នៅជាមួយវាយ៉ាងប្រាកដ»។
67 ឯលោកសាការី ជាឪពុក បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ក៏ថ្លែងព្រះបន្ទូលថា៖
68 «សូមឲ្យព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែលប្រកបដោយព្រះពរ ដ្បិតព្រះអង្គបានមកមើល និងធ្វើឲ្យសេចក្ដីប្រោសលោះសម្រាប់ប្រជារាស្ដ្ររបស់ព្រះអង្គបានសម្រេច
69 ព្រមទាំងបានលើកស្នែងនៃសេចក្ដីសង្គ្រោះឡើងសម្រាប់យើងនៅក្នុងពូជពង្សរបស់ដាវីឌ ជាបាវបម្រើរបស់ព្រះអង្គ
70 ដូចដែលព្រះអង្គបានមានបន្ទូលតាមរយៈមាត់ពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះអង្គតាំងពីដើមរៀងមក
71 គឺជាសេចក្ដីសង្គ្រោះឲ្យផុតពីខ្មាំងសត្រូវរបស់យើង និងពីដៃរបស់មនុស្សទាំងអស់ដែលស្អប់យើង
72 ដើម្បីប្រោសប្រទានសេចក្ដីមេត្ដាករុណាដល់ដូនតារបស់យើង និងដើម្បីនឹកចាំពីកិច្ចព្រមព្រៀងដ៏បរិសុទ្ធរបស់ព្រះអង្គ
73 ជាសម្បថដែលព្រះអង្គបានស្បថនឹងលោកអ័ប្រាហាំជាដូនតារបស់យើង គឺប្រោសប្រទានឲ្យយើង
74 ផុតពីដៃខ្មាំងសត្រូវទាំងឡាយរបស់យើង ដើម្បីឲ្យយើងបម្រើព្រះអង្គដោយឥតភ័យខ្លាច
75 ដោយសេចក្ដីបរិសុទ្ធ និងសេចក្ដីសុចរិតក្នុងព្រះវត្ដមានរបស់ព្រះអង្គអស់មួយជីវិតរបស់យើង។
76 ឱទារកតូចអើយ! អ្នកនឹងត្រូវគេហៅដែរថា ជាអ្នកនាំព្រះបន្ទូលរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតអ្នកនឹងទៅមុខមុនព្រះអម្ចាស់ ដើម្បីរៀបចំដំណើររបស់ព្រះអង្គ
77 និងផ្ដល់ការយល់ដឹងដល់ប្រជាជនរបស់ព្រះអង្គអំពីសេចក្ដីសង្គ្រោះដោយការលើកលែងទោសបាបរបស់ពួកគេ
78 ទៅតាមព្រះហឫទ័យមេត្ដាករុណារបស់ព្រះជាម្ចាស់នៃយើងដែលជាការបំភ្លឺពីស្ថានសួគ៌មកប្រោសយើង
79 ដើម្បីបំភ្លឺដល់អស់អ្នកដែលនៅក្នុងសេចក្ដីងងឹត និងអស់អ្នកដែលអង្គុយក្រោមស្រមោលនៃសេចក្ដីស្លាប់ ហើយដើម្បីនាំជើងយើងទៅក្នុងផ្លូវនៃសេចក្ដីសុខសាន្ដ»។
80 ទារកនោះបានចម្រើនវ័យឡើង ព្រមទាំងមានភាពមាំមួនខាងវិញ្ញាណ ហើយគាត់បានរស់នៅក្នុងទីរហោឋានរហូតដល់ថ្ងៃដែលគាត់បានបង្ហាញខ្លួនដល់ជនជាតិអ៊ីស្រាអែល។