លូកា 1:12-18 KCB

12 កាល​លោក​សាការី​ឃើញ​ គាត់​ក៏​តក់​ស្លុត​ ហើយ​មាន​សេចក្ដី​ភ័យខ្លាច​

13 ប៉ុន្ដែ​ទេវតា​នោះ​បាន​និយាយ​ទៅ​គាត់​ថា៖​ «សាការី​អើយ!​ កុំ​ខ្លាច​អី​ដ្បិត​ព្រះជាម្ចាស់​បាន​ស្ដាប់​ឮ​សេចក្ដី​អធិស្ឋាន​ទូល​សូម​របស់​អ្នក​ហើយ​ រីឯ​អេលីសាបិត​ជា​ប្រពន្ធ​របស់​អ្នក​នឹង​បង្កើត​កូន​ប្រុស​ម្នាក់​ឲ្យ​អ្នក​ ហើយ​អ្នក​នឹង​ដាក់​ឈ្មោះ​កូន​នោះ​ថា​យ៉ូហាន។​

14 កូន​នោះ​នឹង​ក្លាយជា​អំណរ​ និង​ជា​សេចក្ដី​រីករាយ​ដល់​អ្នក​ ឯ​មនុស្ស​ជាច្រើន​នឹង​ត្រេកអរ​ចំពោះ​កំណើត​របស់​កូន​នោះ​

15 ដ្បិត​កូន​នោះ​នឹង​ត្រលប់ជា​មនុស្ស​ដ៏​អស្ចារ្យ​នៅ​ចំពោះ​ព្រះអម្ចាស់​ ​កូន​នោះ​នឹង​មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ និង​គ្រឿង​ស្រវឹង​ឡើយ​ ហើយ​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក។​

16 កូន​នោះ​នឹង​នាំ​កូន​ចៅ​អ៊ីស្រាអែល​ជាច្រើន​ឲ្យ​ត្រលប់​មក​ឯ​ព្រះអម្ចាស់​ជា​ព្រះ​របស់​ពួកគេ​វិញ​

17 ដ្បិត​កូន​នោះ​នឹង​ទៅ​មុខ​មុន​ព្រះអង្គ​ដោយ​វិញ្ញាណ​ និង​អំណាច​របស់​លោក​អេលីយ៉ា​ ដើម្បី​បង្វែរ​ចិត្ដ​ឪពុក​មក​ឯ​កូន​ និង​ពួក​មនុស្ស​មិន​ស្ដាប់​បង្គាប់​មក​ឯ​ប្រាជ្ញា​របស់​មនុស្ស​សុចរិត​ដើម្បី​រៀបចំ​ប្រជារាស្ដ្រ​មួយ​ជា​ស្រេច​សម្រាប់​ព្រះអម្ចាស់»។​

18 លោក​សាការី​សួរ​ទៅ​ទេវតា​ថា៖​ «តើ​ឲ្យ​ខ្ញុំ​ដឹង​អំពី​សេចក្ដី​នេះ​យ៉ាង​ដូច​ម្ដេច​បាន?​ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ចាស់​ ឯ​ប្រពន្ធ​របស់​ខ្ញុំ​ក៏​មាន​វ័យ​ចាស់​ជរា​ដែរ»​