លូកា 1:39-45 KCB

39 នៅ​គ្រា​នោះ​ នាង​ម៉ារា​ក៏​ក្រោកឡើង​ធ្វើ​ដំណើរ​ទៅ​តំបន់​ភ្នំ​ដោយ​ប្រញាប់​ប្រញាល់​សំដៅ​ទៅ​ក្រុង​មួយ​ក្នុង​ស្រុក​យូដា​

40 រួច​នាង​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​សាការី​ ហើយ​បាន​ជម្រាប​សួរ​នាង​អេលីសាបិត។​

41 ពេល​នាង​អេលីសាបិត​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង​ម៉ារា​ ទារក​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ក៏​បំរះ​ឡើង​ ឯ​នាង​អេលីសាបិត​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​

42 រួច​នាង​ក៏​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «អ្នក​មាន​ពរ​ណាស់​ក្នុង​ចំណោម​ពួក​ស្ដ្រី​ ឯ​កូន​ក្នុង​ផ្ទៃ​របស់​អ្នក​គឺ​ជា​ព្រះពរ​ហើយ​

43 តើ​នេះ​កើតឡើង​ចំពោះ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​ហ្ន៎​ បាន​ជា​មាតា​របស់​ព្រះអម្ចាស់​នៃ​ខ្ញុំ​មក​ឯ​ខ្ញុំ​ដូច្នេះ?​

44 ព្រោះ​មើល៍​ ពេល​សំឡេង​ជម្រាប​សួរ​របស់​អ្នក​បាន​ឮ​ដល់​ត្រចៀក​ខ្ញុំ​ ទារក​ក្នុង​ផ្ទៃ​របស់​ខ្ញុំ​បាន​បំរះ​ដោយ​អំណរ​

45 ស្ដ្រី​ណា​ដែល​ជឿ​ថា​ សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​នឹង​សម្រេច​ពិត​ប្រាកដ​មែន​ នោះ​មាន​ពរ​ហើយ»។​