25 ហើយពេលមកដល់ វាក៏ឃើញថាផ្ទះនោះបោសស្អាត ទាំងមានរបៀបផង
26 នោះវាក៏ទៅនាំវិញ្ញាណប្រាំពីរទៀតដែលអាក្រក់ជាងវាចូលទៅនៅទីនោះ ដូច្នេះស្ថានភាពក្រោយរបស់មនុស្សនេះនឹងអាក្រក់ជាងមុនទៅទៀត»។
27 នៅពេលព្រះអង្គកំពុងមានបន្ទូលពីសេចក្ដីទាំងនេះ មានស្ដ្រីម្នាក់បន្លឺសំឡេងពីក្នុងចំណោមបណ្ដាជនទូលទៅព្រះអង្គថា៖ «មានពរហើយ ម្ដាយណាដែលបានបង្កើតអ្នក និងបានបំបៅអ្នក»។
28 ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ «គឺអស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយកាន់តាមទេតើ ដែលមានពរ»។
29 កាលបណ្ដាជនកំពុងជួបជុំគ្នាច្រើនឡើងៗ ព្រះអង្គចាប់ផ្ដើមមានបន្ទូលថា៖ «ជំនាន់នេះជាជំនាន់អាក្រក់ណាស់ គេស្វែងរកតែទីសំគាល់ទេ ប៉ុន្ដែគ្មានទីសំគាល់ណាប្រទានឲ្យមនុស្សជំនាន់នេះទេ ក្រៅពីទីសំគាល់លោកយ៉ូណាស
30 ដ្បិតលោកយ៉ូណាសបានត្រលប់ជាទីសំគាល់មួយដល់អ្នកក្រុងនីនីវេជាយ៉ាងណា កូនមនុស្សក៏នឹងត្រលប់ជាទីសំគាល់មួយដល់ជំនាន់នេះជាយ៉ាងនោះដែរ។
31 នៅគ្រាជំនុំជម្រះ ម្ចាស់ក្សត្រីភាគខាងត្បូងនឹងក្រោកឡើងជាមួយនឹងមនុស្សជំនាន់នេះ រួចដាក់ទោសដល់ជំនាន់នេះ ដ្បិតព្រះនាងបានមកពីចុងបំផុតនៃផែនដី ដើម្បីស្ដាប់ប្រាជ្ញារបស់ស្ដេចសាឡូម៉ូន តែម្នាក់ដែលវិសេសជាងស្ដេចសាឡូម៉ូននៅទីនេះស្រាប់ហើយ។