1 ពេលបណ្ដាជនរាប់ពាន់នាក់បានប្រជុំគ្នាស្ទើរតែជាន់គ្នា ព្រះអង្គចាប់ផ្ដើមមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គជាមុនថា៖ «ចូរប្រុងប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី ដែលជាសេចក្ដីពុតត្បុតរបស់ពួកគេ
2 គ្មានការលាក់កំបាំងណាដែលមិនបានបើកសំដែងឲ្យឃើញនោះឡើយ ហើយក៏គ្មានអាថ៌កំបាំងអ្វីដែលមិនបានឲ្យគេដឹងដែរ។
3 ដូច្នេះអ្វីៗដែលអ្នករាល់គ្នាបាននិយាយក្នុងទីងងឹតនឹងត្រូវគេឮនៅទីភ្លឺ ហើយអ្វីៗដែលអ្នករាល់គ្នាបានខ្សឹបនៅក្នុងបន្ទប់ស្ងាត់នឹងត្រូវប្រកាសនៅលើដំបូលផ្ទះ។
4 សម្លាញ់របស់ខ្ញុំអើយ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរកុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ហើយក្រោយពីនោះមក មិនអាចធ្វើអ្វីកើតទៀត
5 ប៉ុន្ដែខ្ញុំនឹងបង្ហាញដល់អ្នករាល់គ្នាថា អ្នកណាដែលអ្នករាល់គ្នាគួរខ្លាច គឺត្រូវខ្លាចព្រះមួយអង្គដែលមានសិទ្ធិអំណាចសម្លាប់ និងក្រោយមកបោះចូលទៅក្នុងស្ថាននរក មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរខ្លាចព្រះមួយអង្គនេះចុះ!
6 តើចាបប្រាំមិនមែនថ្លៃពីរសេនទេឬ? ប៉ុន្ដែគ្មានចាបណាមួយដែលព្រះជាម្ចាស់មើលរំលងឡើយ
7 ហើយសូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គដឹងចំនួនទាំងអស់ដែរ ដូច្នេះចូរកុំខ្លាចអី ដ្បិតអ្នករាល់គ្នាមានតម្លៃលើសចាបទៅទៀត។