17 ហើយគាត់បានគិតក្នុងចិត្ដថា តើខ្ញុំគួរធ្វើយ៉ាងដូចម្ដេច ព្រោះខ្ញុំគ្មានកន្លែងទុកផលរបស់ខ្ញុំ?
18 រួចគាត់និយាយថា ខ្ញុំនឹងធ្វើបែបនេះ គឺខ្ញុំនឹងរុះជង្រុកខ្ញុំចោល ហើយសង់មួយទៀតធំជាងនេះ ខ្ញុំនឹងទុកផលស្រូវ និងរបស់ទ្រព្យទាំងអស់របស់ខ្ញុំនៅទីនោះ
19 រួចខ្ញុំនឹងប្រាប់ជីវិតរបស់ខ្ញុំថា ឱជីវិតអើយ! ឯងមានរបស់ទ្រព្យជាច្រើនទុកសម្រាប់រយៈពេលច្រើនឆ្នាំ ចូរសម្រាក ស៊ីផឹក ហើយសប្បាយរីករាយចុះ។
20 ប៉ុន្ដែព្រះជាម្ចាស់បានមានបន្ទូលទៅគាត់ថា មនុស្សល្ងង់! នៅយប់នេះយើងដកយកជីវិតរបស់អ្នកចេញពីអ្នកហើយ ដូច្នេះតើអ្វីៗដែលអ្នកបានបម្រុងទុកនឹងត្រលប់ជារបស់អ្នកណា?
21 អ្នកណាសន្សំរបស់ទ្រព្យទុកសម្រាប់តែខ្លួនឯង ប៉ុន្ដែមិនមានខាងឯព្រះជាម្ចាស់ ក៏ដូច្នោះដែរ»។
22 បន្ទាប់មក ព្រះអង្គក៏មានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិតថាត្រូវបរិភោគអ្វី ឬរូបកាយត្រូវស្លៀកពាក់អ្វីឡើយ
23 ដ្បិតជីវិតវិសេសជាងអាហារ ឯរូបកាយក៏វិសេសជាងសម្លៀកបំពាក់ដែរ។