លូកា 12:4-10 KCB

4 សម្លាញ់​របស់​ខ្ញុំ​អើយ!​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​បាន​តែ​រូបកាយ​ ហើយ​ក្រោយពី​នោះ​មក​ មិន​អាច​ធ្វើ​អ្វី​កើត​ទៀត​

5 ប៉ុន្ដែ​ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នក​រាល់គ្នា​ថា​ អ្នកណា​ដែល​អ្នក​រាល់គ្នា​គួរ​ខ្លាច​ គឺ​ត្រូវ​ខ្លាច​ព្រះ​មួយ​អង្គ​ដែល​មាន​សិទ្ធិ​អំណាច​សម្លាប់​ និង​ក្រោយ​មក​បោះ​ចូល​ទៅ​ក្នុង​ស្ថាននរក​ មែន​ហើយ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​ខ្លាច​ព្រះ​មួយ​អង្គ​នេះ​ចុះ!​

6 តើ​ចាប​ប្រាំ​មិន​មែន​ថ្លៃ​ពីរ​សេន​ទេ​ឬ?​ ប៉ុន្ដែ​គ្មាន​ចាប​ណា​មួយ​ដែល​ព្រះជាម្ចាស់​មើល​រំលង​ឡើយ​

7 ហើយ​សូម្បីតែ​សក់​ក្បាល​របស់​អ្នក​រាល់គ្នា​ ក៏​ព្រះអង្គ​ដឹង​ចំនួន​ទាំង​អស់​ដែរ​ ដូច្នេះ​ចូរ​កុំ​ខ្លាច​អី​ ដ្បិត​អ្នក​រាល់គ្នា​មាន​តម្លៃ​លើស​ចាប​ទៅ​ទៀត។​

8 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នកណា​ក៏​ដោយ​ដែល​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​ កូន​មនុស្ស​នឹង​ទទួល​ស្គាល់​អ្នក​នោះ​វិញ​នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់​ដែរ​

9 ហើយ​អ្នកណា​ដែល​បដិសេធ​ខ្ញុំ​នៅ​មុខ​មនុស្ស​ អ្នក​នោះ​នឹង​ត្រូវ​បដិសេធ​វិញ​នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់។​

10 អ្នកណា​ដែល​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស​ នោះ​អាច​លើក​លែង​ទោស​ឲ្យ​បាន​ តែ​អ្នកណា​ប្រមាថ​ព្រះវិញ្ញាណ​បរិសុទ្ធ​ នោះ​មិន​អាច​លើក​លែង​ទោស​ឲ្យ​បាន​ទេ។​