27 គាត់ក៏ឆ្លើយប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាមកពីណា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ ឱ ពួកអ្នកប្រព្រឹត្ដអំពើទុច្ចរិតទាំងឡាយអើយ ចូរទៅឲ្យឆ្ងាយពីខ្ញុំ
28 នៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ ហើយនៅពេលនោះ អ្នករាល់គ្នានឹងឃើញលោកអ័ប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប និងអ្នកនាំព្រះបន្ទូលទាំងអស់នៅក្នុងនគរព្រះជាម្ចាស់ ឯអ្នករាល់គ្នាវិញត្រូវគេបោះទៅខាងក្រៅ
29 ដ្បិតអ្នកទាំងនោះនឹងមកពីទិសខាងកើត ខាងលិច ខាងជើង និងខាងត្បូង ហើយអង្គុយនៅតុអាហារក្នុងនគរព្រះជាម្ចាស់
30 ហើយមើល៍ ពួកអ្នកនៅក្រោយនឹងត្រលប់ជានៅមុខ ហើយពួកអ្នកនៅមុខនឹងត្រលប់ជានៅក្រោយវិញ»
31 នៅពេលជាមួយគ្នានោះ អ្នកខាងគណៈផារិស៊ីខ្លះបានចូលមកជិត ទូលព្រះអង្គថា៖ «សូមលោកចាកចេញពីទីនេះទៅ ដ្បិតស្ដេចហេរ៉ូឌចង់សម្លាប់លោក»។
32 ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរទៅប្រាប់កញ្ជ្រោងនោះថា មើល៍ ខ្ញុំបណ្ដេញអារក្ស ទាំងប្រោសមនុស្សឲ្យជានៅថ្ងៃនេះ និងថ្ងៃស្អែក ហើយខ្ញុំនឹងបានសម្រេចនៅថ្ងៃទីបី
33 ដូច្នេះហើយសម្រាប់ខ្ញុំ ខ្ញុំត្រូវបន្ដធ្វើដំណើរនៅថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃខានស្អែក ពីព្រោះមិនអាចឲ្យអ្នកនាំព្រះបន្ទូលណាម្នាក់ស្លាប់នៅក្រៅក្រុងយេរូសាឡិមទេ។