លូកា 16:7-13 KCB

7 គាត់​សួរ​ម្នាក់​ទៀត​ថា​ ចុះ​អ្នក​វិញ​ តើ​ជំពាក់​ប៉ុន្មាន​ដែរ?​ អ្នក​នោះ​ប្រាប់​ថា​ ស្រូវ​មួយ​រយ​ហាប។​ គាត់​ក៏​ប្រាប់​អ្នក​នោះ​ថា​ ចូរ​យក​សំបុត្រ​ជំពាក់​របស់​អ្នក​ទៅ​ ហើយ​សរសេរ​ដាក់​ថា​ប៉ែតសិប។​

8 ចៅហ្វាយ​ក៏​សរសើរ​មេការ​ដ៏​ទុច្ចរិត​នោះ​ ព្រោះ​គាត់​បាន​ប្រព្រឹត្ដ​យ៉ាង​ឆ្លាតវៃ។​ នៅ​ជំនាន់​របស់​ពួកគេ​នេះ​ ពួក​កូន​ចៅ​នៃ​លោកិយ​ឆ្លាត​ជាង​ពួក​កូន​ចៅ​នៃ​ពន្លឺ។​

9 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា ចូរ​ប្រើ​ទ្រព្យ​សម្បត្ដិ​លោកិយ​បង្កើត​មិត្ដភក្តិ​សម្រាប់​អ្នក​រាល់គ្នា​ចុះ​ ដើម្បី​ពេល​ណា​ទ្រព្យ​នោះ​អស់​ទៅ​ នោះ​ពួក​មិត្ដភក្ដិ​អាច​ស្វាគមន៍​អ្នក​រាល់គ្នា​មក​ក្នុង​លំនៅ​អស់​កល្ប​ជានិច្ច។​

10 អ្នកណា​ដែល​ស្មោះត្រង់​ក្នុង​ការ​តូច​ នោះ​ក៏​ស្មោះត្រង់​ក្នុង​ការ​ធំ​ដែរ​ ហើយ​អ្នកណា​ដែល​ទុច្ចរិត​ក្នុង​ការ​តូច​ នោះ​ក៏​ទុច្ចរិត​ក្នុង​ការ​ធំ​ដែរ។​

11 ដូច្នេះ​បើ​អ្នក​រាល់គ្នា​មិន​ស្មោះ​ត្រង់​ជាមួយ​នឹង​ទ្រព្យ​សម្បត្ដិ​លោកិយ​ផង​ តើ​អ្នកណា​នឹង​ទុក​ចិត្ដ​អ្នក​រាល់គ្នា​ជាមួយ​ទ្រព្យ​សម្បត្ដិ​ពិត​ប្រាកដ?​

12 ហើយ​ប្រសិន​បើ​អ្នក​រាល់គ្នា​មិន​ស្មោះត្រង់​ជាមួយ​របស់​ទ្រព្យ​អ្នក​ដទៃ​ផង​ តើ​អ្នកណា​នឹង​ឲ្យ​របស់​ទ្រព្យ​ដែល​ត្រៀម​ទុក​សម្រាប់​អ្នក​រាល់គ្នា​ទៅ​អ្នក​រាល់គ្នា​បាន?​

13 គ្មាន​បាវបម្រើ​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​នាក់​បាន​ទេ​ ដ្បិត​បាវបម្រើ​នោះ​នឹង​ស្អប់​មួយ​ ស្រឡាញ់​មួយ​ ឬ​ក៏​ស្មោះ​ត្រង់​នឹង​មួយ​ ហើយ​មើល​ងាយ​មួយ​ទៀត​ ឯ​អ្នក​រាល់​គ្នា​វិញ​ មិន​អាច​បម្រើ​ព្រះជាម្ចាស់​ផង​ បម្រើ​ទ្រព្យ​សម្បត្ដិ​ផង​បាន​ទេ»។​