លូកា 17 KCB

1 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា៖​ «សេចក្ដី​ដែល​នាំ​ឲ្យ​ជំពប់​ដួល​ត្រូវ​តែ​កើត​មាន​ ប៉ុន្ដែ​វេទនា​ដល់​អ្នកណា​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ជំពប់​ដួល​

2 ហើយ​ស៊ូ​ឲ្យ​អ្នក​នោះ​ចង​ក​នឹង​ត្បាល់​ថ្ម​ ហើយ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ប្រសើរ​ជាង​ឲ្យ​អ្នក​នោះ​ធ្វើ​ឲ្យ​អ្នក​តូច​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នេះ​ជំពប់​ដួល។​

3 ចូរ​ប្រយ័ត្ន​ខ្លួន​ បើ​បងប្អូន​របស់​អ្នក​ប្រព្រឹត្ដ​បាប​ ចូរ​ទូន្មាន​គាត់​ ហើយ​បើ​គាត់​ប្រែ​ចិត្ដ​ ចូរ​លើក​លែង​ទោស​ឲ្យ​គាត់​ចុះ​

4 បើ​គាត់​ប្រព្រឹត្ដ​បាប​ទាស់​នឹង​អ្នក​ក្នុង​មួយ​ថ្ងៃ​ប្រាំ​ពីរ​ដង​ក៏​ដោយ​ ពេល​ណា​គាត់​ត្រលប់​មក​ឯ​អ្នក​ប្រាំ​ពីរ​ដង​ ទាំង​និយាយ​ថា ខ្ញុំ​ប្រែ​ចិត្ដ​ហើយ​ នោះ​ចូរ​លើក​លែង​ទោស​ឲ្យ​គាត់​ចុះ»។​

5 ពួក​សាវក​ទូល​ព្រះអម្ចាស់​ថា៖​ «សូម​បន្ថែម​ជំនឿ​ដល់​យើង​ផង!»​

6 ព្រះអម្ចាស់​ក៏​មាន​បន្ទូល​ថា៖​ «បើ​អ្នក​រាល់គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​មូតា​មួយ​គ្រាប់​ ហើយ​អ្នក​រាល់គ្នា​និយាយ​ទៅ​ដើម​មន​នេះ​ថា ​ចូរ​រលើង​ឫស​ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ​ នោះ​វា​មុខ​ជា​ស្ដាប់​បង្គាប់​អ្នក​រាល់គ្នា​មិន​ខាន។​

7 ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នក​ដែល​មាន​បាវបម្រើ​កំពុង​ភ្ជួរ​ ឬ​ឃ្វាល​ចៀម​ ពេល​បាវបម្រើ​នោះ​ត្រលប់​មក​ពី​វាល​វិញ​ តើ​នឹង​ប្រាប់​គាត់​ដែរ​ឬ​ថា​ ចូរ​មក​អង្គុយ​បរិភោគ​អាហារ​ភ្លាម​មក?​

8 ផ្ទុយ​ទៅ​វិញ​ តើ​មិន​ប្រាប់​ទេ​ឬ​ថា​ ចូរ​រៀបចំ​អាហារ​ឲ្យ​ខ្ញុំ​បរិភោគ​ ហើយ​ចាំ​បម្រើ​ខ្ញុំ​រហូត​ដល់​ខ្ញុំ​បរិភោគ​រួច​សិន​ សឹម​ឯង​បរិភោគ​តាម​ក្រោយ​ចុះ?​

9 តើ​ចៅហ្វាយ​ត្រូវ​អរគុណ​បាវបម្រើ​ ដោយព្រោះ​តែ​បាវបម្រើ​បាន​ធ្វើ​កិច្ចការ​តាម​បង្គាប់​ឬ?​

10 អ្នក​រាល់គ្នា​ក៏​ដូច្នោះ​ដែរ​ ពេល​ណា​អ្នក​រាល់គ្នា​ធ្វើ​កិច្ចការ​ទាំង​អស់​តាម​បង្គាប់​ ចូរ​អ្នក​រាល់គ្នា​និយាយ​ថា​ យើង​ជា​បាវបម្រើ​ដែល​គ្មាន​តម្លៃ​ គឺ​យើង​ធ្វើ​អ្វីៗ​តាម​តួនាទី​របស់​យើង​ប៉ុណ្ណោះ»។​

11 នៅ​ពេល​ព្រះអង្គ​ធ្វើ​ដំណើរ​ទៅ​ឯ​ក្រុង​យេរូសាឡិម​ កាត់​តាម​ព្រំប្រទល់​ស្រុក​សាម៉ារី​ និង​ស្រុក​កាលីឡេ​

12 ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ភូមិ​មួយ​ ហើយ​បាន​ជួប​មនុស្ស​ឃ្លង់​ដប់​នាក់​ដែល​ឈរ​ពី​ចម្ងាយ​

13 ទាំង​បន្លឺ​សំឡេង​ថា៖​ «លោក​គ្រូ​យេស៊ូ​អើយ!​ សូម​មេត្ដា​ដល់​យើង​ផង»។​

14 ពេល​ព្រះអង្គ​ឃើញ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​សង្ឃ​ចុះ»​ ពេល​ពួកគេ​កំពុង​ទៅ​ ពួកគេ​ក៏​បាន​ជា​ស្អាត។​

15 កាល​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ឃើញ​ថា​ ខ្លួន​បាន​ជា​ស្អាត​ក៏​ត្រលប់​មក​វិញ​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​សំឡេង​ឮៗ​

16 ហើយ​គាត់​ផ្កាប់​មុខ​ចុះ​នៅ​ទៀប​បាទា​ព្រះអង្គ​ ទាំង​អរ​ព្រះគុណ​ព្រះអង្គ​ ឯ​អ្នក​នោះ​ជា​ជនជាតិ​សាម៉ារី។​

17 ព្រះយេស៊ូ​មាន​បន្ទូល​សួរ​ថា៖​ «តើ​មិន​បាន​ជា​ស្អាត​ទាំង​ដប់​នាក់​ទេ​ឬ?​ ចុះ​ប្រាំ​បួន​នាក់​ទៀត​នៅ​ឯ​ណា?​

18 ម្ដេច​ក៏​មិន​ឃើញ​អ្នក​ទាំង​នោះ​ត្រលប់​មក​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​ លើកលែង​តែ​សាសន៍​ដទៃ​ម្នាក់​នេះ​ដូច្នេះ?»​

19 រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ក្រោក​ឡើង​ ហើយ​ទៅ​ចុះ​ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ»។​

20 កាល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​សួរ​ថា​ នគរ​ព្រះជាម្ចាស់​មក​ដល់​នៅ​ពេល​ណា​ នោះ​ព្រះអង្គ​ក៏​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «នគរ​ព្រះជាម្ចាស់​មិន​មែន​មក​ដោយ​សង្កេត​មើល​ឃើញ​ឡើយ​

21 គ្មាន​អ្នកណា​នឹង​និយាយ​បាន​ថា​ មើល៍​ នៅ​ទីនេះ​ ឬ​នៅ​ទីនោះ​បាន​ឡើយ​ ដ្បិត​មើល៍​ នគរ​ព្រះជាម្ចាស់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់គ្នា​ហើយ»។​

22 រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា៖​ «នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​ នៅ​ពេល​ដែល​អ្នក​រាល់គ្នា​ចង់​ឃើញ​ថ្ងៃ​មួយ​របស់​កូន​មនុស្ស​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មើល​មិន​ឃើញ​ឡើយ។​

23 ហើយ​ពួកគេ​នឹង​ប្រាប់​អ្នក​រាល់គ្នា​ថា​មើល៍​ នៅ​ទីនេះ​ ឬ​មើល៍​ នៅ​ទីនោះ​ ចូរ​កុំ​ចេញ​ទៅ​ក្រៅ​តាម​ពួកគេ​ឲ្យ​សោះ​

24 ដ្បិត​ផ្លេក​បន្ទោរ​ជះ​ពន្លឺ​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង​ជា​យ៉ាង​ណា​ នៅ​ថ្ងៃ​របស់​កូន​មនុស្ស​នឹង​បាន​ដូច​ជា​យ៉ាង​នោះ​ដែរ។​

25 ប៉ុន្ដែ​មុន​ដំបូង​ លោក​ត្រូវ​រង​ទុក្ខវេទនា​ជាច្រើន​ ហើយ​ត្រូវ​ជំនាន់​នេះ​បដិសេធ​ទៀត​ផង។​

26 នៅ​សម័យ​លោក​ណូអេ​មាន​កើត​ឡើង​ជា​យ៉ាង​ណា​ នៅ​ថ្ងៃ​របស់​កូន​មនុស្ស​ នឹង​មាន​កើត​ឡើង​ជា​យ៉ាង​នោះ​ដែរ​

27 ពួកគេ​ស៊ី​ផឹក​ រៀបការ​ជា​ប្ដី​ប្រពន្ធ​រហូត​ដល់​ថ្ងៃ​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ​ ហើយ​ទឹក​ជំនន់​ក៏​មក​បំផ្លាញ​អ្វីៗ​ទាំង​អស់​ទៅ​

28 និង​ដូចជា​នៅ​សម័យ​លោក​ឡុត​ដែរ​ គឺ​ពួកគេ​ស៊ី​ផឹក​ លក់​ដូរ​ ដាំ​ដុះ​ និង​សាង​សង់​

29 ប៉ុន្ដែ​នៅ​ថ្ងៃ​ដែល​លោក​ឡុត​ចេញ​ពី​ក្រុង​សូដុម​ នោះ​មាន​ភ្លើង​ និង​ស្ពាន់ធ័រ​ធ្លាក់​មក​ពី​លើ​មេឃ​បំផ្លាញ​អ្វីៗ​ទាំង​អស់​ទៅ។​

30 វា​នឹង​មាន​ហេតុការណ៍​ដូច្នោះ​ដែរ​ នៅ​ថ្ងៃ​កូន​មនុស្ស​លេច​មក។​

31 នៅ​ថ្ងៃ​នោះ​ អ្នក​នៅ​លើ​ដំបូល​ផ្ទះ​ដែល​មាន​របស់​របរ​នៅ​ក្នុង​ផ្ទះ​ មិន​ត្រូវ​ចុះ​មក​យក​របស់​ទាំង​នោះ​ទេ​ អ្នក​នៅ​ស្រែ​ចម្ការ​ក៏​ដូចគ្នា​ដែរ​ មិន​ត្រូវ​បក​មក​ក្រោយ​ទៅ​យក​របស់​របរ​ទេ។​

32 ចូរ​នឹក​ចាំ​ពី​ប្រពន្ធ​របស់​លោក​ឡុត​ចុះ។​

33 ដ្បិត​អ្នកណា​ដែល​ខិត​ខំ​រក្សា​ជីវិត​ខ្លួន​ អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​បាត់​បង់​ជីវិត​ អ្នក​នោះ​នឹង​រក្សា​ជីវិត​បាន​វិញ។​

34 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​យប់​នោះ​ មនុស្ស​ពីរ​នាក់​នៅ​លើ​គ្រែ​តែ​មួយ​ ម្នាក់​នឹង​ត្រូវ​ដក​យក​ទៅ​ ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ។​

35 ឯ​ស្ដ្រី​ពីរ​នាក់​កំពុង​កិន​ម្សៅ​ជាមួយ​គ្នា​ ម្នាក់​នឹង​ត្រូវ​ដក​យក​ទៅ​ ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ​

36 [បុរស​ពីរ​នាក់​ដែល​នៅ​ស្រែ​ចម្ការ​ ម្នាក់​នឹង​ត្រូវ​ដក​យក​ទៅ​ ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ]»​។​

37 កាល​ពួកគេ​ទូល​សួរ​ព្រះអង្គ​ទៀត​ថា៖​ «តើ​នៅ​ឯ​ណា​ទៅ​ ព្រះអម្ចាស់​អើយ?»​ នោះ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «សព​នៅ​ទីណា​ សត្វ​ត្មាត​ក៏​ផ្ដុំ​គ្នា​នៅ​ទីនោះ​ដែរ»។​

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24