35 កាលព្រះអង្គយាងជិតដល់ក្រុងយេរីខូរ នោះមានមនុស្សខ្វាក់ម្នាក់កំពុងអង្គុយសុំទាននៅចិញ្ចើមផ្លូវ
36 ពេលឮបណ្ដាជនកំពុងធ្វើដំណើរឆ្លងកាត់នោះ គាត់ក៏សួរអំពីអ្វីដែលកើតឡើងនេះ
37 ពួកគេប្រាប់គាត់ថា៖ «ព្រះយេស៊ូអ្នកក្រុងណាសារ៉ែតយាងកាត់នេះ»
38 គាត់ក៏ស្រែកថា៖ «ព្រះយេស៊ូជាពូជពង្សដាវីឌអើយ! សូមមេត្ដាខ្ញុំផង»
39 ពួកអ្នកដើរនៅខាងមុខបានបន្ទោសគាត់ឲ្យនៅស្ងៀម ប៉ុន្ដែគាត់ស្រែកថែមទៀតថា៖ «ពូជពង្សដាវីឌអើយ សូមមេត្ដាដល់ខ្ញុំផង!»។
40 ព្រះយេស៊ូក៏ឈប់ ហើយបង្គាប់ឲ្យគេនាំមនុស្សខ្វាក់នោះមកឯព្រះអង្គ ពេលគេនាំគាត់មកជិត ព្រះអង្គក៏សួរគាត់ថា៖
41 «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» គាត់ទូលវិញថា៖ «ព្រះអម្ចាស់អើយ! សូមធ្វើឲ្យភ្នែកខ្ញុំមើលឃើញផង!»