24 រួចគាត់ប្រាប់ពួកអ្នកឈរនៅក្បែរនោះថា ចូរដកយកប្រាក់មួយមីណាពីវាឲ្យទៅម្នាក់ទៀតដែលមានដប់មីណាទៅ។
25 ប៉ុន្ដែអ្នកទាំងនោះប្រាប់គាត់ថា លោកម្ចាស់អើយ! អ្នកនោះមានដប់មីណាហើយ។
26 ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលមាននឹងបន្ថែមឲ្យ ប៉ុន្ដែអ្នកណាដែលគ្មាននឹងត្រូវដកយកវិញ សូម្បីតែអ្វីដែលអ្នកនោះមានផង
27 រីឯពួកសត្រូវរបស់ខ្ញុំ ដែលមិនចង់ឲ្យខ្ញុំគ្រប់គ្រងលើពួកគេ ចូរនាំពួកគេមកទីនេះ ហើយសម្លាប់នៅមុខខ្ញុំទៅ»។
28 កាលព្រះអង្គមានបន្ទូលអំពីសេចក្ដីទាំងនេះហើយ ក៏ធ្វើដំណើរបន្ដទៀតឡើងទៅក្រុងយេរូសាឡិម
29 ហើយពេលមកជិតដល់ក្រុងបេតផាសេ និងក្រុងបេថានីក្បែរភ្នំមួយឈ្មោះភ្នំដើមអូលីវ ព្រះអង្គក៏ចាត់សិស្សពីរនាក់ឲ្យទៅ
30 ដោយមានបន្ទូលថា៖ «ចូរទៅក្នុងភូមិនៅទល់មុខនោះ ពេលអ្នកចូលទៅដល់ អ្នកនឹងឃើញកូនលាមួយដែលគេចងទុក មិនទាន់មានមនុស្សណាជិះនៅឡើយ ចូរស្រាយ ហើយនាំវាមក។