41 នៅពេលព្រះអង្គយាងមកជិតដល់ក្រុងយេរូសាឡិម ពេលព្រះអង្គមើលឃើញក្រុង ក៏យំស្រណោះក្រុងនោះ
42 ថា៖ «បើអ្នក គឺអ្នកហ្នឹងហើយ គួរតែស្គាល់សេចក្ដីដែលធ្វើឲ្យមានសេចក្ដីសុខសាន្ដនៅថ្ងៃនេះ! ប៉ុន្ដែពេលនេះសេចក្ដីនោះបានលាក់កំបាំងពីភ្នែករបស់អ្នកទៅហើយ
43 ដ្បិតនឹងមានថ្ងៃធ្លាក់មកលើអ្នក គឺនៅពេលនោះ ពួកសត្រូវរបស់អ្នកសង់របងចម្រឹងព័ទ្ធជុំវិញអ្នក ហើយស្ទាក់អ្នកគ្រប់ទិសទាំងអស់
44 ពួកគេនឹងកម្ទេចអ្នករាបដល់ដី ព្រមជាមួយនឹងកូនចៅរបស់អ្នកដែលនៅក្នុងអ្នកផង ពួកគេក៏មិនទុកឲ្យថ្មមួយដុំត្រួតលើគ្នានៅក្នុងអ្នកដែរ ព្រោះអ្នកពុំបានដឹងពីពេលវេលានៃការយាងមកប្រោសអ្នកសោះ»។
45 ពេលព្រះអង្គយាងចូលទៅក្នុងព្រះវិហារ ក៏ចាប់ផ្ដើមបណ្ដេញពួកអ្នកកំពុងលក់ដូរ
46 ដោយមានបន្ទូលទៅពួកគេថា៖ «មានសេចក្ដីបានចែងទុកមកថា ដំណាក់របស់យើងជាដំណាក់នៃការអធិស្ឋាន ប៉ុន្ដែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះក្លាយជាសំបុកចោរទៅវិញ»
47 រួចព្រះអង្គក៏បង្រៀននៅក្នុងព្រះវិហាររាល់ថ្ងៃ រីឯពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកមេដឹកនាំប្រជាជនវិញ កំពុងរកមធ្យោបាយសម្លាប់ព្រះអង្គ