លូកា 2:18-24 KCB

18 ឯ​មនុស្ស​ទាំង​អស់​ដែល​បាន​ស្ដាប់​ឮ​ ក៏​នឹក​អស្ចារ្យ​ពី​សេចក្ដី​ដែល​ពួក​អ្នក​គង្វាល​ចៀម​បាន​ប្រាប់​ពួកគេ​

19 ប៉ុន្ដែ​នាង​ម៉ារា​បាន​រក្សា​សេចក្ដី​ទាំង​អស់​នេះ​ទុក​ ហើយ​ពិចារណា​នៅ​ក្នុង​ចិត្ដ។​

20 ពួក​អ្នក​គង្វាល​ចៀម​បាន​វិល​ទៅ​វិញ​ ទាំង​ថ្វាយ​សិរី​រុងរឿង​ និង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ចំពោះ​ការ​ទាំង​អស់​ដែល​ពួកគេ​បាន​ឮ និង​បាន​ឃើញ​ដូច​ដែល​ទេវតា​បាន​ប្រាប់​ពួកគេ។​

21 លុះ​គ្រប់​ប្រាំបី​ថ្ងៃ​សម្រាប់​ធ្វើ​ពិធី​កាត់​ស្បែក​បុត្រ​តូច​ គេ​បាន​ដាក់​ឈ្មោះ​បុត្រ​តូច​នោះ​ថា​ យេស៊ូ​ ជា​ឈ្មោះ​ដែល​ទេវតា​បាន​ដាក់​ឲ្យ​មុន​ពេល​មាន​កំណើត​ក្នុង​ផ្ទៃ។​

22 ដល់​ពេល​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​ទៅ​តាម​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​ ពួកគេ​ក៏​នាំ​យក​បុត្រ​តូច​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ថ្វាយ​ដល់​ព្រះជាម្ចាស់​

23 គឺ​ដូច​ដែល​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​របស់​ព្រះអម្ចាស់​ថា​ គ្រប់​កូន​ប្រុស​ដែល​កើត​ពី​ផ្ទៃ​មុន​ដំបូង​នឹង​ត្រូវ​រាប់​ជា​បរិសុទ្ធ​សម្រាប់​ព្រះអម្ចាស់​

24 ហើយ​តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​របស់​ព្រះអម្ចាស់​ គឺ​ត្រូវ​ថ្វាយ​លលក​មួយ​គូ​ ឬ​ព្រាប​ជំទើរ​ពីរ​ជា​យញ្ញ​បូជា។​