លូកា 2:34-40 KCB

34 លោក​ស៊ីម្មាន​បាន​ឲ្យ​ពរ​ពួកគេ​ និង​បាន​និយាយ​ទៅ​នាង​ម៉ារា​ ជា​ម្ដាយ​ថា៖​ «មើល៍​ កូន​នេះ​ត្រូវ​បាន​កំណត់​សម្រាប់​ការ​ជំពប់​ដួល​ និង​ការ​ងើប​ឡើង​របស់​មនុស្ស​ជាច្រើន​នៅ​អ៊ីស្រាអែល​ ហើយ​ជា​ទីសំគាល់​ដែល​ត្រូវ​គេ​ប្រឆាំង​

35 ឯ​អ្នក​វិញ​ នឹង​មាន​ដាវ​មួយ​ចាក់​ទម្លុះ​ព្រលឹង​របស់​អ្នក​ ដើម្បី​ឲ្យ​ចិត្ដ​គំនិត​របស់​មនុស្ស​ជាច្រើន​បាន​សំដែង​ចេញ​ពី​ខាង​ក្នុង​មក»។​

36 មាន​អ្នក​នាំ​ព្រះបន្ទូល​ស្រី​ម្នាក់​ឈ្មោះ​អាណ​ ជា​កូន​ស្រី​របស់​លោក​ផាញូអែល​មកពី​កុល​សម្ព័ន្ធ​អេស៊ើរ។​ ស្ដ្រី​ម្នាក់​នេះ​មាន​វ័យ​ចាស់​ជរា​ទៅ​ហើយ​ ក្រោយពី​វ័យ​ក្រមុំ​របស់​គាត់​ គាត់​បាន​រស់នៅ​ជាមួយ​ប្ដី​បាន​ប្រាំ​ពីរ​ឆ្នាំ​

37 រួច​គាត់​ក៏​នៅ​មេម៉ាយ​រហូត​ដល់​អាយុ​ប៉ែត​សិប​បួន​ឆ្នាំ​ គាត់​មិន​ដែល​ចាក​ចេញ​ពី​ព្រះវិហារ​ឡើយ​ ហើយ​គាត់​បម្រើ​ព្រះជាម្ចាស់​ទាំង​យប់​ទាំង​ថ្ងៃ​ ទាំង​តម​អាហារ​ និង​អធិស្ឋាន​ផង។​

38 នៅ​វេលា​នោះ​ គាត់​បាន​មក​ក្បែរ​ ហើយ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ និង​បាន​ប្រកាស​ប្រាប់​អំពី​ព្រះអង្គ​ដល់​អស់​អ្នក​ដែល​កំពុង​ទន្ទឹង​រង់ចាំ​សេចក្តី​ប្រោសលោះ​របស់​ក្រុង​យេរូសាឡិម។​

39 កាល​ធ្វើ​តាម​គម្ពីរ​វិន័យ​របស់​ព្រះអម្ចាស់​សព្វ​គ្រប់​ហើយ​ ពួកគេ​ក៏​វិល​ត្រលប់​ទៅ​ស្រុក​កាលីឡេ​វិញ​ គឺ​ឆ្ពោះ​ទៅ​ក្រុង​ណាសារ៉ែត​ជា​ក្រុង​របស់​ពួកគេ។​

40 កុមារ​យេស៊ូ​បាន​ចម្រើន​វ័យ​ឡើង​ ទាំង​មាន​កម្លាំង​មាំមួន​ពោរ​ពេញ​ដោយ​ប្រាជ្ញា​ឈ្លាសវៃ​ ហើយ​ព្រះគុណ​របស់​ព្រះជាម្ចាស់​បាន​សណ្ឋិត​លើ​កុមារ​នោះ។​