6 ពេលលោកពីឡាត់ឮដូច្នេះ ក៏សាកសួរថា បុរសម្នាក់នេះជាអ្នកស្រុកកាលីឡេមែនដែរឬអត់
7 កាលដឹងថា ព្រះអង្គស្ថិតក្នុងសិទ្ធិអំណាចរបស់ស្ដេចហេរ៉ូឌ លោកពីឡាត់ក៏បញ្ជូនព្រះអង្គទៅឯស្ដេចហេរ៉ូឌ ដ្បិតនៅថ្ងៃនោះស្ដេចក៏នៅក្នុងក្រុងយេរូសាឡិមដែរ
8 ពេលស្ដេចជួបព្រះយេស៊ូ ក៏ត្រេកអរជាពន់ពេក ព្រោះស្ដេចបានឮអំពីព្រះអង្គ និងចង់ជួបព្រះអង្គជាយូរមកហើយ ស្ដេចសង្ឃឹមថានឹងឃើញព្រះអង្គសំដែងទីសំគាល់អស្ចារ្យណាមួយ។
9 ស្ដេចក៏សួរព្រះអង្គជាច្រើន ប៉ុន្ដែព្រះអង្គមិនបានឆ្លើយអ្វីឡើយ។
10 ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យក៏ក្រោកឈរចោទប្រកាន់ព្រះអង្គយ៉ាងធ្ងន់ៗ។
11 កាលស្ដេចហេរ៉ូឌ និងពួកទាហានរបស់ស្ដេចចំអកមើលងាយព្រះអង្គរួច ក៏ពាក់អាវភ្លឺរលោងឲ្យព្រះអង្គ ហើយក៏បញ្ជូនព្រះអង្គទៅឲ្យលោកពីឡាត់វិញ។
12 នៅថ្ងៃនោះ លោកពីឡាត់ និងស្ដេចហេរ៉ូឌ ទាំងពីរនាក់បានត្រលប់ជាមិត្ដសម្លាញ់នឹងគ្នា ដ្បិតកាលពីមុនជាសត្រូវនឹងគ្នា។