8 ហេតុនេះ ចូរបង្កើតផលផ្លែឲ្យស័ក្ដសមនឹងការប្រែចិត្ដចុះ ហើយកុំគិតក្នុងចិត្ដឲ្យសោះថា យើងមានលោកអ័ប្រាហាំជាឪពុករបស់យើង ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចបង្កើតកូនលោកអ័ប្រាហាំពីថ្មទាំងអស់នេះបានដែរ។
9 ឯពូថៅនៅនឹងគល់ឈើរួចជាស្រេច ដូច្នេះរាល់ដើមឈើណាមិនបង្កើតផ្លែល្អនឹងត្រូវកាប់បោះទៅក្នុងភ្លើង។»
10 នោះបណ្ដាជនក៏សួរទៅគាត់ថា៖ «ដូច្នេះតើយើងគួរធ្វើយ៉ាងដូចម្ដេច?»
11 គាត់ឆ្លើយទៅពួកគេថា៖ «អ្នកណាមានអាវពីរ ចូរឲ្យអ្នកនោះចែកដល់អ្នកដែលគ្មានចុះ ឯអ្នកណាមានអាហារ ចូរឲ្យអ្នកនោះធ្វើដូច្នេះដែរចុះ»។
12 ពេលនោះពួកអ្នកទារពន្ធដារបានមកទទួលពិធីជ្រមុជទឹកដែរ ហើយពួកគេបានសួរទៅគាត់ថា៖ «លោកគ្រូ! តើយើងគួរធ្វើយ៉ាងដូចម្ដេច?»
13 គាត់ប្រាប់ពួកគេថា៖ «មិនត្រូវទារពន្ធលើសចំនួនដែលបានកំណត់ឲ្យអ្នករាល់គ្នាឡើយ»។
14 ឯពួកទាហានសួរទៅគាត់ដែរថា៖ «ចុះយើងវិញ តើគួរធ្វើយ៉ាងដូចម្ដេច?» គាត់ប្រាប់ពួកគេថា៖ «កុំយកអ្វីពីអ្នកណាដោយកំហែង ឬនិយាយបង្កាច់ឡើយ ប៉ុន្ដែចូរពេញចិត្ដនឹងប្រាក់ឈ្នួលរបស់អ្នករាល់គ្នាចុះ»។