36 ពួកគេគ្រប់គ្នាមានសេចក្ដីកោតស្ញប់ស្ញែង ក៏និយាយគ្នាថា៖ «តើពាក្យសំដីនេះជាអ្វី បានជាលោកបញ្ជាពួកវិញ្ញាណអាក្រក់ដោយសិទ្ធិអំណាច និងឫទ្ធានុភាព ហើយពួកវាក៏ចេញមកដូច្នេះ?»
37 ដំណឹងអំពីព្រះអង្គលេចឮគ្រប់ទីកន្លែងនៅស្រុកជុំវិញ។
38 កាលបានក្រោកឡើងចេញពីសាលាប្រជុំ ព្រះអង្គក៏ចូលទៅក្នុងផ្ទះរបស់លោកស៊ីម៉ូន។ ម្ដាយក្មេករបស់លោកស៊ីម៉ូនកំពុងមានជំងឺគ្រុនជាខ្លាំង ពួកគេក៏អង្វរព្រះអង្គឲ្យប្រោសគាត់។
39 ព្រះអង្គក៏ឈរជិតគាត់ស្ដីបន្ទោសដល់ជំងឺគ្រុន នោះជំងឺគ្រុនក៏បាត់ទៅ ហើយភ្លាមនោះគាត់ក្រោកឡើងបម្រើពួកគេ។
40 នៅពេលថ្ងៃលិច អស់អ្នកដែលមានបងប្អូនមានជំងឺរោគាផ្សេងៗបាននាំពួកអ្នកជំងឺទាំងនោះមកឯព្រះអង្គ ហើយព្រះអង្គបានប្រោសពួកអ្នកជំងឺឲ្យជាសះស្បើយដោយដាក់ព្រះហស្ដលើពួកគេម្នាក់ម្ដងៗ។
41 ពួកអារក្សបានចេញពីមនុស្សជាច្រើន ទាំងស្រែកថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់» ប៉ុន្ដែព្រះអង្គបានស្ដីបន្ទោសពួកវា មិនអនុញ្ញាតឲ្យពួកវានិយាយទេ ពីព្រោះពួកវាស្គាល់ថាព្រះអង្គជាព្រះគ្រិស្ដ។
42 លុះព្រឹកឡើង ព្រះអង្គក៏ចេញទៅកន្លែងស្ងាត់មួយ ហើយបណ្ដាជនបានតាមរកព្រះអង្គ កាលពួកគេបានមកជួបព្រះអង្គហើយ ក៏ឃាត់ព្រះអង្គមិនឲ្យចាកចេញពីពួកគេ។