លូកា 7:13-19 KCB

13 កាល​បាន​ឃើញ​ស្ដ្រី​នោះ​ ព្រះអម្ចាស់​មាន​សេចក្ដី​អាណិត​អាសូរ​ដល់​នាង​ ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ឈប់​យំ​សោក​ទៀត​ទៅ»​

14 រួច​ព្រះអង្គ​ក៏​ចូល​មក​ពាល់​ក្ដារ​មឈូស​ ឯ​ពួក​អ្នក​កំពុង​សែង​បាន​ឈរ​នៅ​ទ្រឹង​ ហើយ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អ្នក​កំលោះ​អើយ!​ ខ្ញុំ​ប្រាប់​អ្នក​ ចូរ​ក្រោក​ឡើង»។​

15 បុរស​នោះ​ក៏​ក្រោក​អង្គុយ​ ហើយ​ចាប់​ផ្ដើម​និយាយ​ រួច​ព្រះអង្គ​បាន​ប្រគល់​អ្នក​កំលោះ​នោះ​ឲ្យ​ម្ដាយ​របស់​គាត់​វិញ​

16 ហើយ​មនុស្ស​គ្រប់គ្នា​ក៏​មាន​សេចក្ដី​កោតខ្លាច​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ថា៖​ «មាន​អ្នក​នាំ​ព្រះបន្ទូល​ដ៏​ធំ​ម្នាក់​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង​ហើយ»​ ហើយ​ពួកគេ​និយាយ​ទៀត​ថា៖​ «ព្រះជាម្ចាស់​បាន​មក​មើល​ប្រជា​រាស្ដ្រ​របស់​ព្រះអង្គ​ហើយ»។​

17 ដំណឹង​អំពី​ព្រះអង្គ​នេះ​បាន​ឮ​សុស​សាយ​នៅ​ក្នុង​ស្រុក​យូដា​ទាំងមូល​ និង​តំបន់​ទាំង​អស់​នៅ​ជុំវិញ​នោះ។​

18 ហើយ​ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាន​ប្រាប់​លោក​យ៉ូហាន​អំពី​ការ​ទាំង​អស់​នេះ គាត់​ក៏​ហៅ​សិស្ស​ពីរ​នាក់​ក្នុង​ចំណោម​ពួក​សិស្ស​របស់​គាត់​មក​

19 រួច​បាន​ចាត់​ពួកគេ​ឲ្យ​ទៅ​ទូល​សួរ​ព្រះយេស៊ូ​ថា៖​ «តើ​លោក​ជា​ព្រះ​អង្គ​ដែល​ត្រូវ​យាង​មក​ ឬ​ក៏​យើង​ត្រូវ​ទន្ទឹង​ចាំ​ព្រះ​មួយ​អង្គ​ទៀត?»​