24 ពេលអ្នកនាំសារឲ្យលោកយ៉ូហានចាកចេញទៅ ព្រះអង្គក៏ចាប់ផ្ដើមមានបន្ទូលទៅបណ្ដាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាចេញទៅមើលអ្វីនៅទីរហោឋាន? មើលដើមត្រែងដែលត្រូវខ្យល់បក់ឬ?
25 តើអ្នករាល់គ្នាចេញទៅមើលអ្វី? មើលបុរសម្នាក់ដែលស្លៀកសម្លៀកបំពាក់ស្អាតប្រណិតឬ? នែ៎! អ្នកស្លៀកពាក់រុងរឿង ហើយរស់នៅក្នុងភាពហ៊ឺហា គឺនៅឯដំណាក់ស្ដេចឯណោះ។
26 ដូច្នេះតើអ្នករាល់គ្នាចេញទៅមើលអ្វី? អ្នកនាំព្រះបន្ទូលឬ? មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនោះវិសេសជាងអ្នកនាំព្រះបន្ទូលទៅទៀត
27 ដ្បិតអ្នកនេះហើយដែលមានសេចក្ដីចែងទុកអំពីគាត់ថា មើល៍ យើងចាត់ទូតយើងឲ្យទៅមុនអ្នក ដែលជាអ្នករៀបចំដំណើររបស់អ្នកជាមុន។
28 ខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមមនុស្សដែលកើតពីស្ដ្រីមក គ្មានអ្នកណាវិសេសជាងលោកយ៉ូហានទេ ប៉ុន្ដែអ្នកតូចជាងគេនៅក្នុងនគរព្រះជាម្ចាស់វិសេសជាងគាត់ទៅទៀត»។
29 ពេលប្រជាជនទាំងអស់ រួមទាំងពួកអ្នកទារពន្ធដារបានស្ដាប់ឮហើយ ក៏ទទួលស្គាល់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ព្រោះពួកគេបានទទួលពិធីជ្រមុជទឹករបស់លោកយ៉ូហាន
30 ប៉ុន្ដែពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកជំនាញច្បាប់បានច្រានចោលបំណងរបស់ព្រះជាម្ចាស់សម្រាប់ពួកគេ ព្រោះពួកគេមិនទទួលពិធីជ្រមុជទឹកតាមរយៈលោកយ៉ូហានទេ។