លូកា 7:33-39 KCB

33 ដ្បិត​លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​មក​ ទាំង​មិន​បរិភោគ​អាហារ​ មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ តែ​អ្នក​រាល់គ្នា​និយាយ​ថា​ គាត់​មាន​អារក្ស​ចូល​

34 ឯ​កូន​មនុស្ស​បាន​មក​ទាំង​បរិភោគ​ និង​ផឹក​ តែ​អ្នក​រាល់គ្នា​និយាយ​ថា​ មើល៍​ បុរស​ម្នាក់​នេះ​ជា​មនុស្ស​ល្មោភ​ស៊ី​ ល្មោភ​ផឹក​ ជា​មិត្ត​របស់​ពួក​អ្នក​ទារ​ពន្ធដារ​ និង​មនុស្ស​បាប​

35 ប៉ុន្ដែ​ប្រាជ្ញា​ត្រូវ​បាន​បញ្ជាក់​ថា​ត្រឹមត្រូវ​ដោយសារ​ផល​ផ្លែ​វា​ទាំង​អស់»។​

36 មាន​អ្នក​ខាង​គណៈ​ផារិស៊ី​ម្នាក់​អញ្ជើញ​ព្រះយេស៊ូ​ឲ្យ​មក​បរិភោគ​ជាមួយ​ ពេល​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​ខាង​គណៈ​ផារិស៊ី​នោះ​ហើយ​ ព្រះអង្គ​ក៏​អង្គុយ​នៅ​តុ​អាហារ។​

37 ហើយ​មើល៍​ នៅ​ក្រុង​នោះ​មាន​ស្ដ្រី​ម្នាក់​ជា​មនុស្ស​បាប​ ហើយ​កាល​បាន​ដឹង​ថា​ ព្រះយេស៊ូ​កំពុង​អង្គុយ​នៅ​តុ​អាហារ​ក្នុង​ផ្ទះ​របស់​អ្នក​ខាង​គណៈ​ផារិស៊ី​ នាង​ក៏​យក​ប្រេង​ក្រអូប​មួយ​ដប​មក​

38 និង​បាន​ឈរ​ពី​ខាង​ក្រោយ​ទាំង​យំ​នៅ​ទៀប​បាទា​ព្រះអង្គ​ នាង​ចាប់ផ្ដើម​សម្រក់​ទឹក​ភ្នែក​លើ​បាទា​ព្រះអង្គ​ និង​យក​សក់​របស់​នាង​ជូត​ ហើយ​ក៏​ថើប​បាទា​ព្រះអង្គ​ ទាំង​លាប​ប្រេង​ក្រអូប​ឲ្យ​ផង។​

39 កាល​អ្នក​ខាង​គណៈ​ផារិស៊ី​ដែល​បាន​អញ្ជើញ​ព្រះអង្គ​ឃើញ​ដូច្នេះ​ ក៏​គិត​ក្នុង​ចិត្ដ​ថា៖​ «បើ​លោក​នេះ​ជា​អ្នក​នាំ​ព្រះបន្ទូល​មែន​លោក​មុខ​ជា​ដឹង​ថា​ ស្ដ្រី​ដែល​កំពុង​ពាល់​លោក​ជា​នរណា​ និង​ជា​ស្ដ្រី​បែបណា​ហើយ​ ព្រោះ​នាង​ជា​មនុស្ស​បាប»។​