លូកា 7:37-43 KCB

37 ហើយ​មើល៍​ នៅ​ក្រុង​នោះ​មាន​ស្ដ្រី​ម្នាក់​ជា​មនុស្ស​បាប​ ហើយ​កាល​បាន​ដឹង​ថា​ ព្រះយេស៊ូ​កំពុង​អង្គុយ​នៅ​តុ​អាហារ​ក្នុង​ផ្ទះ​របស់​អ្នក​ខាង​គណៈ​ផារិស៊ី​ នាង​ក៏​យក​ប្រេង​ក្រអូប​មួយ​ដប​មក​

38 និង​បាន​ឈរ​ពី​ខាង​ក្រោយ​ទាំង​យំ​នៅ​ទៀប​បាទា​ព្រះអង្គ​ នាង​ចាប់ផ្ដើម​សម្រក់​ទឹក​ភ្នែក​លើ​បាទា​ព្រះអង្គ​ និង​យក​សក់​របស់​នាង​ជូត​ ហើយ​ក៏​ថើប​បាទា​ព្រះអង្គ​ ទាំង​លាប​ប្រេង​ក្រអូប​ឲ្យ​ផង។​

39 កាល​អ្នក​ខាង​គណៈ​ផារិស៊ី​ដែល​បាន​អញ្ជើញ​ព្រះអង្គ​ឃើញ​ដូច្នេះ​ ក៏​គិត​ក្នុង​ចិត្ដ​ថា៖​ «បើ​លោក​នេះ​ជា​អ្នក​នាំ​ព្រះបន្ទូល​មែន​លោក​មុខ​ជា​ដឹង​ថា​ ស្ដ្រី​ដែល​កំពុង​ពាល់​លោក​ជា​នរណា​ និង​ជា​ស្ដ្រី​បែបណា​ហើយ​ ព្រោះ​នាង​ជា​មនុស្ស​បាប»។​

40 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ស៊ីម៉ូន​អើយ!​ ខ្ញុំ​មាន​រឿង​មួយ​ប្រាប់​អ្នក»។​ គាត់​ទូល​ថា៖​ «សូម​លោក​គ្រូ​និយាយ​មក​ចុះ»។​

41 «មាន​កូន​បំណុល​ពីរ​នាក់​ជំពាក់​អ្នក​ចង​ការ​ប្រាក់​ម្នាក់​ គឺ​ម្នាក់​ជំពាក់​ប្រាំ​រយ​ឌេណារី​ ហើយ​ម្នាក់​ទៀត​ហាសិប​ឌេណារី​

42 ពេល​ពួកគេ​គ្មាន​អ្វី​សង​ អ្នក​ចងការ​ក៏​លើក​លែង​ឲ្យ​ទាំង​ពីរ​នាក់។​ ដូច្នេះ​តើ​ក្នុង​ចំណោម​ពីរ​នាក់​នេះ​ អ្នកណា​ស្រឡាញ់​គាត់​ច្រើន​ជាង?»​

43 លោក​ស៊ីម៉ូន​ក៏​ទូល​តប​ថា៖​ «ខ្ញុំ​គិត​ថា​ គឺ​អ្នក​ដែល​គាត់​បាន​លើកលែង​ច្រើន!»​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អ្នក​វិនិច្ឆ័យ​ត្រូវ​ណាស់»​