19 ម្ដាយ និងបងប្អូនរបស់ព្រះយេស៊ូបានមកជួបព្រះអង្គ ប៉ុន្ដែពួកគេមិនអាចទៅជិតព្រះអង្គបានទេ ពីព្រោះមនុស្សច្រើនពេក
20 រួចមានគេទូលព្រះអង្គថា៖ «ម្ដាយ និងបងប្អូនរបស់លោកកំពុងឈរនៅខាងក្រៅចង់ជួបលោក»។
21 ប៉ុន្ដែ ព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «អ្នកណាដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រព្រឹត្តតាម អ្នកនោះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ»។
22 នៅថ្ងៃមួយ ព្រះអង្គបានយាងចុះទូកជាមួយពួកសិស្ស និងបានមានបន្ទូលទៅពួកគេថា៖ «ចូរយើងឆ្លងបឹងទៅត្រើយម្ខាង»។ ពួកគេក៏ចេញទូកទៅ។
23 កាលពួកគេកំពុងឆ្លងទូក ព្រះអង្គក៏ផ្ទំលក់ នោះខ្យល់ព្យុះក៏បក់មកលើបឹង ហើយពួកគេស្ទើរតែលិចទៅក្នុងទឹក ព្រមទាំងស្ថិតនៅក្នុងគ្រោះថ្នាក់។
24 ពួកគេបានចូលមកជិតដាស់ព្រះអង្គថា៖ «លោកគ្រូ! លោកគ្រូ! យើងកំពុងតែវិនាសហើយ» ព្រះអង្គក៏ភ្ញាក់ឡើង បន្ទោសខ្យល់ និងទឹករលក ហើយវាក៏ឈប់ រួចក៏ស្ងប់ទៅ។
25 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើជំនឿរបស់អ្នករាល់គ្នានៅឯណា?» ពួកគេក៏នឹកអស្ចារ្យ ទាំងកោតខ្លាច និងនិយាយគ្នាទៅវិញទៅមកថា៖ «ចុះតើលោកនេះជានរណា បានជាសូម្បីតែខ្យល់ និងទឹកស្ដាប់បង្គាប់លោក ពេលលោកបញ្ជា?»