27 កាលព្រះអង្គឡើងលើគោក ក៏បានជួបនឹងបុរសម្នាក់មកពីក្រុងនោះ ដែលមានអារក្សចូល និងមិនបានស្លៀកសម្លៀកបំពាក់អ្វីសោះអស់រយៈពេលយូរមកហើយ គាត់មិនបានរស់នៅក្នុងផ្ទះទេ គឺនៅតែតាមផ្នូរខ្មោចប៉ុណ្ណោះ។
28 ពេលឃើញព្រះយេស៊ូ គាត់ក៏ក្រាបនៅពីមុខព្រះអង្គ និងបានស្រែកទូលដោយសំឡេងខ្លាំងៗថា៖ «ឱព្រះយេស៊ូ ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុតអើយ! តើខ្ញុំ និងព្រះអង្គមានរឿងហេតុអ្វីនឹងគ្នា? ខ្ញុំសូមអង្វរព្រះអង្គ កុំធ្វើទារុណកម្មខ្ញុំអី»។
29 ដ្បិតព្រះអង្គបានបង្គាប់វិញ្ញាណអាក្រក់ឲ្យចេញពីបុរសនោះ ព្រោះវាបានសណ្ឋិតក្នុងគាត់ច្រើនលើកហើយ ដូច្នេះទោះបីគេយាមគាត់ទាំងដាក់ខ្នោះជើង និងដាក់ច្រវាក់ក៏ដោយ ក៏គាត់នៅតែផ្ដាច់ចំណងទាំងអស់នោះខ្ទេច ហើយអារក្សបាននាំគាត់ទៅទីរហោឋាន។
30 ព្រះយេស៊ូសួរវាថា៖ «តើឯងឈ្មោះអ្វី?» វាក៏ឆ្លើយថា៖ «កងទ័ព» ព្រោះមានអារក្សច្រើនបានចូលក្នុងគាត់
31 ហើយពួកវាបានអង្វរព្រះអង្គ កុំឲ្យព្រះអង្គបង្គាប់ពួកវាចេញទៅក្នុងរណ្ដៅនរក។
32 នៅទីនោះមានជ្រូកមួយហ្វូងធំកំពុងតែស៊ីចំណីលើភ្នំ ហើយអារក្សក៏អង្វរព្រះអង្គសុំឲ្យព្រះអង្គអនុញ្ញាតឲ្យពួកវាចូលក្នុងជ្រូកទាំងនោះ ព្រះអង្គក៏អនុញ្ញាតឲ្យពួកវា។
33 ពួកអារក្សក៏ចេញពីបុរសនោះចូលក្នុងសត្វជ្រូកទាំងនោះ ហ្វូងជ្រូកក៏បោលតាមច្រាំងចំណោតចូលទៅក្នុងបឹង ហើយលង់ទឹកអស់ទៅ។