លូកា 8:28-34 KCB

28 ពេល​ឃើញ​ព្រះយេស៊ូ​ គាត់​ក៏​ក្រាប​នៅ​ពី​មុខ​ព្រះអង្គ​ និង​បាន​ស្រែក​ទូល​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «ឱ​ព្រះយេស៊ូ​ ដែល​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់​បំផុត​អើយ!​ តើ​ខ្ញុំ​ និង​ព្រះអង្គ​មាន​រឿង​ហេតុអ្វី​នឹង​គ្នា?​ ខ្ញុំ​សូម​អង្វរ​ព្រះអង្គ​ កុំ​ធ្វើ​ទារុណ​កម្ម​ខ្ញុំ​អី»។​

29 ដ្បិត​ព្រះអង្គ​បាន​បង្គាប់​វិញ្ញាណ​អាក្រក់​ឲ្យ​ចេញ​ពី​បុរស​នោះ​ ព្រោះ​វា​បាន​សណ្ឋិត​ក្នុង​គាត់​ច្រើន​លើក​ហើយ​ ដូច្នេះ​ទោះបី​គេ​យាម​គាត់​ទាំង​ដាក់​ខ្នោះ​ជើង​ និង​ដាក់​ច្រវាក់​ក៏​ដោយ​ ក៏​គាត់​នៅតែ​ផ្ដាច់​ចំណង​ទាំង​អស់​នោះ​ខ្ទេច​ ហើយ​អារក្ស​បាន​នាំ​គាត់​ទៅ​ទីរហោឋាន។​

30 ព្រះយេស៊ូ​សួរ​វា​ថា៖​ «តើ​ឯង​ឈ្មោះ​អ្វី?»​ វា​ក៏​ឆ្លើយ​ថា៖​ «កង​ទ័ព»​ ព្រោះ​មាន​អារក្ស​ច្រើន​បាន​ចូល​ក្នុង​គាត់​

31 ហើយ​ពួកវា​បាន​អង្វរ​ព្រះអង្គ​ កុំ​ឲ្យ​ព្រះអង្គ​បង្គាប់​ពួកវា​ចេញ​ទៅ​ក្នុង​រណ្ដៅ​នរក។​

32 នៅ​ទីនោះ​មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​តែ​ស៊ី​ចំណី​លើ​ភ្នំ​ ហើយ​អារក្ស​ក៏​អង្វរ​ព្រះអង្គ​សុំ​ឲ្យ​ព្រះអង្គ​អនុញ្ញាត​ឲ្យ​ពួកវា​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ ព្រះអង្គ​ក៏​អនុញ្ញាត​ឲ្យ​ពួកវា។​

33 ពួក​អារក្ស​ក៏​ចេញ​ពី​បុរស​នោះ​ចូល​ក្នុង​សត្វ​ជ្រូក​ទាំង​នោះ​ ហ្វូង​ជ្រូក​ក៏​បោល​តាម​ច្រាំង​ចំណោត​ចូល​ទៅ​ក្នុង​បឹង ហើយ​លង់​ទឹក​អស់​ទៅ។​

34 ពេល​ពួក​អ្នក​ចិញ្ចឹម​ជ្រូក​បាន​ឃើញ​ហេតុកាណ៍​កើត​ឡើង​ ក៏​រត់គេច​ខ្លួន​អស់​ ហើយ​បាន​រៀបរាប់​រឿង​នេះ​នៅ​តាម​ក្រុង​ និង​ជនបទ​នានា​