លូកា 9:10-16 KCB

10 ពេល​ពួក​សាវក​បាន​ត្រលប់​មក​វិញ​ហើយ​ ក៏​រៀប​រាប់​ប្រាប់​ព្រះអង្គ​អំពី​អ្វីៗ​ដែល​ពួកគេ​បាន​ធ្វើ​ ហើយ​ព្រះអង្គ​ក៏​នាំ​ពួកគេ​ចេញ​ទៅ​ដោយឡែក​ទៅ​ក្រុង​មួយ​ឈ្មោះ​បេតសៃដា។​

11 ប៉ុន្ដែ​ពេល​បណ្ដាជន​បាន​ដឹង​ ក៏​ទៅតាម​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​ស្វាគមន៍​ពួកគេ​ និង​មាន​បន្ទូល​ទៅ​ពួកគេ​អំពី​នគរ​ព្រះជាម្ចាស់ ព្រមទាំង​បាន​ប្រោស​អស់​អ្នក​ដែល​ត្រូវការ​ប្រោស​ឲ្យ​ជា​ឲ្យ​បាន​ជា​ដែរ។​

12 នៅ​ពេល​ថ្ងៃ​ចាប់ផ្ដើម​ជ្រេ​ សាវក​ទាំង​ដប់​ពីរ​បាន​ចូល​មក​ជិត​ទូល​ព្រះអង្គ​ថា៖​ «សូម​រំសាយ​បណ្ដាជន​ឲ្យ​ទៅ​ស្រុក​ភូមិ​ និង​ស្រែ​ចម្ការ​នៅ​ជុំវិញ​ ដើម្បី​ឲ្យ​ពួកគេ​រក​ម្ហូប​អាហារ​ និង​កន្លែង​ស្នាក់នៅ​ ដ្បិត​កន្លែង​នេះ​នៅ​ដាច់​ពី​គេ»។​

13 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ឲ្យ​អាហារ​ពួកគេ​បរិភោគ​ផង»​ ប៉ុន្ដែ​ពួកគេ​បាន​ទូល​វិញ​ថា៖​ «យើង​មាន​តែ​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​ប៉ុណ្ណោះ​ លុះត្រា​តែ​យើង​ទៅ​ទិញ​អាហារ​សម្រាប់​ប្រជាជន​ទាំង​នេះ»​

14 ព្រោះ​មាន​មនុស្ស​ប្រុស​ប្រហែល​ប្រាំ​ពាន់​នាក់។ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «ចូរ​ឲ្យ​ពួកគេ​អង្គុយ​ជា​ក្រុមៗ​ ក្នុង​មួយ​ក្រុម​ហាសិប​នាក់​ចុះ»។​

15 ពួកគេ​ក៏​បាន​ធ្វើ​ដូច្នោះ​ ហើយ​មនុស្ស​ទាំង​អស់​ក៏​អង្គុយ​ចុះ។​

16 កាល​ព្រះអង្គ​បាន​យក​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​ ក៏​ងើយ​មើល​ទៅ​ស្ថានសួគ៌​ ទាំង​អរ​ព្រះគុណ​សម្រាប់​អាហារ​ទាំង​នោះ​ រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​ដើម្បី​រៀបចំ​នៅ​មុខ​បណ្ដាជន។​