19 ពួកគេក៏ទូលឆ្លើយថា៖ «ជាលោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក ប៉ុន្ដែអ្នកឯទៀតថា ជាលោកអេលីយ៉ា ហើយអ្នកផ្សេងទៀតថា ជាអ្នកនាំព្រះបន្ទូលម្នាក់នៅជំនាន់មុនដែលបានរស់ឡើងវិញ»។
20 ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចុះអ្នករាល់គ្នាវិញថាខ្ញុំជាអ្នកណាដែរ?» លោកពេត្រុសទូលឆ្លើយថា៖ «លោកជាព្រះគ្រិស្ដរបស់ព្រះជាម្ចាស់»។
21 ប៉ុន្ដែព្រះអង្គបានព្រមានពួកគេដោយបង្គាប់មិនឲ្យប្រាប់អ្នកណាម្នាក់ពីការនេះទេ
22 ព្រះអង្គមានបន្ទូលថា៖ «កូនមនុស្សត្រូវតែទទួលរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យជំទាស់ និងសម្លាប់ ហើយលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី»។
23 ព្រះអង្គបានមានបន្ទូលទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវលះបង់ខ្លួនឯង លីឈើឆ្កាងរបស់ខ្លួនរាល់ថ្ងៃមកតាមខ្ញុំចុះ
24 ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ ប៉ុន្ដែអ្នកណាដែលបាត់ជីវិតខ្លួនដោយព្រោះខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។
25 បើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល តែត្រូវវិនាស ឬបាត់បង់ជីវិតខ្លួន តើមានប្រយោជន៍អ្វី?